ព័ត៌មានជាតិ
ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ត្រូវបានដាក់ឱ្យប្រើ ដើម្បីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រយោជន៍ពីរដ្ឋដោយស្មើភាព
ក្រុមប្រឹក្សាជាតិគាំពារសង្គម បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការប្រតិបត្តិស្តីពីយន្តការ ជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦” ដើម្បីឱ្យកម្មករ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានប្រយោជន៍ពីរបបសន្តិសុខសង្គម និងអន្តរាគមន៍ដទៃទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាដោយស្មើភាព។ ពិធីនេះ រៀបចំឡើងក្រោមវត្តមានលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមានការចូលរួមពីតំណាង ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ ប្រមាណជាង ១០០នាក់។

ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦ ត្រូវបាន រៀបចំដោយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីបម្រើជាឧបករណ៍គោលនយោបាយមួយ សម្រាប់ចូលរួម ជំរុញពង្រីកការគ្របដណ្តប់កិច្ចគាំពារផ្នែកសន្តិសុខសង្គមទៅដល់កម្មករនិយោជិត និង អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម និងអន្តរាគមន៍ដទៃទៀតរបស់ រាជរដ្ឋាភិបាល ប្រកបដោយសមធម៌ និងបរិយាបន្ន ក្នុងស្មារតី “មិនបោះពលរដ្ឋណាម្នាក់”។

ប្រធានក្រុមការងាររៀបចំផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជី ក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦ លោក ស្រេង សោភ័ណរស្មី លើកឡើងថា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានទទួលការអនុញ្ញាតពី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, ធ្វើការ សម្របសម្រួលជាមួយ នឹងភាគីពាក់ព័ន្ធ ប្រមូលធាតុចូលបន្ថែម ដើម្បីរៀបចំ ផែនការប្រតិបត្តិនេះ ឱ្យមានសង្គតិភាព និងគ្រប់ជ្រុងជ្រោយ ដែលអាច អនុវត្តបានប្រកបដោយប្រសិទ្ធភាព។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម លោកស្រី ប៉ែន សុបភា បានសង្កត់ធ្ងន់ថាផែនការប្រតិបត្តិនេះ ជាកាតាលិករជំរុញ ឱ្យនិយោជក កម្មករនិយោជិត បុគ្គលស្វ័យនិយោជន៍ ក៏ដូចជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានអត្ថប្រយោជន៍ពីរបបសន្តិ-សុខសង្គម និងអន្តរាគមន៍ដទៃទៀតរបស់រាជរដ្ឋាភិបាលតាមរយៈប្រព័ន្ធគាំពារសង្គម។ វិធានការដែលបាន កំណត់នៅក្នុងផែនការប្រតិបត្តិនេះ នឹងអាចត្រូវបន្តអនុវត្តនៅឆ្នាំបន្ទាប់ ឬមានការកែសម្រួលបន្ថែម ផ្អែកតាម លទ្ធផលនៃការវាយតម្លៃជាក់ស្តែង ឬតាមការចាំបាច់ ហើយវិធានការទាំងនេះ ក៏ជួយសម្រួលដល់ដំណើរការនៃ ពង្រីករបបសន្តិសុខសង្គម ដល់ក្រុមគោលដៅដទៃទៀត ស្របតាមយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨, ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥, និង ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ឆ្នាំ២០២៤-២០៣៥។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហែម វណ្ណឌី វាយតម្លៃខ្ពស់ចំពោះអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលបានរៀបចំផែនការប្រតិបត្តិរហូតលេចចេញជារូបរាងឡើង។ រដ្ឋមន្ត្រីហែម វណ្ណឌី បន្តថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រព័ន្ធគាំពារសង្គម ជាមូលដ្ឋានគ្រឹះរឹងមាំដែលមានភាព ប្រទាក់ក្រឡា និងបំពេញគ្នាទៅវិញទៅមកក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសុខុមាលភាពពលរដ្ឋគ្រប់រូប។

ជាចុងក្រោយ លោករដ្ឋមន្ត្រី បានស្នើឱ្យ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ពិនិត្យ តាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តផែនការប្រតិបត្តិ និងផ្តល់ការគាំទ្រចាំបាច់នានា និងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ផ្តល់កិច្ចសហការខ្ពស់ក្នុងការអនុវត្តផែនការប្រតិបត្តិ ឆ្ពោះទៅសម្រេចបាននូវគោលដៅ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១៦ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក