Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានីភ្នំពេញ ណែនាំ​៩​ចំណុច​ក្នុង​ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដើម្បីធានា​ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់

បានផុស

នៅ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ​បាន​ធ្វើ​ការ​ណែនាំ​ចំនួន៩ចំណុច ក្នុង​នោះក៏​បាន​ហាម​មិនឱ្យមានការដុតផាវ កាំជ្រួច លេងល្បែងជះទឹក និង​មិន​ឱ្យ​មាន​ការ​លេងល្បែង​ស៊ីសង​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្តីណែនាំ​របស់​រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹង​ថា ដើម្បី​ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ គ.ស.២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ ទំនៀមទម្លាប់ និងវប្បធម៌ដ៏ល្អ ផូរផង់របស់ជាតិយើង ក្នុងការចូលរួមសម្តែងអំណរសាទរ និង​ទទួល​ស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ក្នុង​រាជធានីភ្នំពេញ​នោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

១- ហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬ ប្រើប្រាស់គ្រឿងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ មិនឱ្យមានការនាំចូល ចែកចាយ ទិញលក់ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទហាមការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក និងការវាយ ដោយរំពាត់ ឬឧបករណ៍ផ្សេងៗ​ធ្វើឱ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរ នៅតាមដងផ្លូវ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ដល់អាយុជីវិត និងបង្កឱ្យមាន របួស ឬខូចខាតទ្រព្យសម្បត្តិមិនឱ្យមានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

២- បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុង ស្ថានភាពស្រវឹង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។

៣- នៅគ្រប់ទីវត្តអារាម ទីកន្លែងគោរពសក្ការៈបូជា ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព គ្រឹះស្ថានសិក្សា អង្គការ សមាគម ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រប់ផ្សាររដ្ឋ និងផ្សារទំនើបឯកជន មជ្ឈមណ្ឌលកម្សាន្ត ម្ចាស់ទីតាំងអាជីវកម្មគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមាន ស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការអុជទៀនធូប ភ្លើងចង្ក្រាន ធុងហ្គាស ការឆ្លងចរន្តអគ្គិសនី ឬការ ប្រើប្រាស់សារធាតុងាយឆេះផ្សេងៗ ជាពិសេសត្រូវផ្តាច់ចរន្តអគ្គិសនីមុនពេលចាកចេញ ដើម្បី បង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយអគ្គិភ័យដែលអាចកើតឡើងជាយថាហេតុណាមួយ។

៤- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវបង្កើនការយកចិត្តទុកដាក់ និងជួយសម្រួល ចរាចរណ៍នៅតាមតំបន់គោលដៅដែលមានការកកស្ទះ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ព្រមទាំងត្រូវចាត់តាំងក្រុមការងារបច្ចេកទេសពន្លត់អគ្គិភ័យ ត្រៀមរថយន្តពន្លត់អគ្គិភ័យ និង ត្រៀមរៀបចំមធ្យោបាយឱ្យបានគ្រប់គ្រាន់ ក្នុងការបង្ការ ទប់ស្កាត់ និងប្រចាំការដើម្បីជួយសង្គ្រោះ បន្ទាន់នៅពេលមានបញ្ហាគ្រោះថ្នាក់ដោយអគ្គិភ័យកើតឡើងជាយថាហេតុណាមួយ ក្នុងអំឡុងពេល ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

៥- គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវ​រៀប​ចំ​ដាក់ចេញនូវផែនការសកម្មភាពជាក់ស្តែង នៅតាមមូលដ្ឋានរៀងៗខ្លួន និងបង្កើនស្មារតីម្ចាស់ការក្នុងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ដើម្បីធានាសុវត្ថិភាព និងបង្កបរិយាកាសល្អប្រសើរជូនដល់ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកចូលរួមលេងកម្សាន្តបានច្រើនកុះករ ប្រកបដោយភាពសប្បាយរីករាយ និងមហោឡារិកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។

៦- គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវជំរុញ និងចាត់តាំងអនុវត្តគោ​ល​នយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ឱ្យ​បាន​សកម្ម​ផុលផុស ជាពិសេសការផ្សព្វផ្សាយអប់រំលើក កម្ពស់ការយល់ដឹងអំពីគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងគ្រប់ប្រភេទ សុវត្ថិភាពចរាចរណ៍ ព្រមទាំងត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្ក្រាប ទប់ស្កាត់ និងគ្រប់គ្រងឱ្យបានហ្មត់ចត់នូវគ្រប់ មុខសញ្ញាក្មេងទំនើងនៅតាមសហគមន៍ ភូមិ និងសង្កាត់ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀប​រយ​សាធារណៈ​ក្នុង​មូលដ្ឋាន។

៧- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការ​ដ្ឋាន​កង​រាជអាវុធហត្ថ​រាជធានីភ្នំពេញ បញ្ជា ការដ្ឋានយោធភូមិភាគពិសេស និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវយកចិត្ត ទុកដាក់​បង្កើន​ការ​ក្តាប់​សភាពការណ៍​ពាក់ព័ន្ធសន្តិសុខ ជាពិសេសសកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្ម ចលាចលសង្គម និងសកម្មភាពបង្កហានិភ័យផ្សេងៗទៀត ដើម្បីចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ព្រមទាំងបង្កើនការយកចិត្តទុកដាក់នៅ តាមគោលដៅប្រមូលផ្តុំទេសចរណ៍ វត្តអារាម និងរមណីយដ្ឋាននានាជាដើម។

៨- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជា ការដ្ឋានយោធភូមិភាគពិសេស និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវចេញ បទបញ្ជាឱ្យបានម៉ឺងម៉ាត់ ដល់កងកម្លាំងរបស់ខ្លួន ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។

៩- ជនណានៅតែបំពាន ឬប្រព្រឹត្តល្មើសមិនគោរពតាមសេចក្តីណែនាំខាងលើ បង្កឱ្យមានចលាចល ក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោសទណ្ឌតាមច្បាប់ជាធរមាន៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ វិនាទី មុន

រដ្ឋបាល​រាជធានីភ្នំពេញ ណែនាំ​៩​ចំណុច​ក្នុង​ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដើម្បីធានា​ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់

ព័ត៌មានជាតិ៤៤ នាទីutes មុន

សមត្ថកិច្ច នឹងចុះ​ស្រង់​ស្ថិតិជន​បរទេស​ដល់​ទី​តាំង ​ដែល​មិន​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ព្រះនាងតូច ជេនណា នឹងដើរបង្ហាញម៉ូដជាលើកដំបូង ក្នុង Fashion Show រៀបចំដោយលោក អូលីវ៉ាគង់

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចកម្ពុជាបង្ក្រាបទីតាំងបទល្មើសអនឡាញប្រព្រឹត្តដោយជនជាតិថៃក្នុងក្រុងប៉ោយប៉ែត

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ខេត្ត Chiang Mai ជាប់ចំណាត់ថ្នាក់ទី៧ ដែលមានខ្យល់ពុលបំផុតនៅលើពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម