ព័ត៌មានជាតិ
អគ្គនាយក ប.ស.ស ចុះទស្សនកិច្ចនៅមន្ទីរពេទ្យជាតិតេជោសន្ដិភាព ពិនិត្យលើរំហូរ នៃការផ្ដល់សេវាជូនសមាជិក ប.ស.ស
លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកវេជ្ជបណ្ឌិត សួន សាមិត្ដ នាយកមន្ទីរពេទ្យជាតិតេជោសន្ដិភាព កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ បានអញ្ជើញចុះទស្សនកិច្ចដោយផ្ទាល់នៅមន្ទីរពេទ្យជាតិតេជោសន្ដិភាព ដើម្បីពិនិត្យមើលស្ថានភាព និងរំហូរ នៃការផ្ដល់សេវាជូនសមាជិក ប.ស.ស និងសាធារណជន ព្រមទាំងបានជួបសំណេះសំណាល និងសួរសុខទុក្ខអ្នកជំងឺ គ្រួសារអ្នកជំងឺ ដែលមកទទួលសេវាផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រតិភូរាជរដ្ឋាភិបាល និងលោកនាយកមន្ទីរពេទ្យ ព្រមទាំងប្រតិភូទាំងអស់ បានជួបពិភាក្សាស្វែងយល់អំពីចំណុចខ្វះខាតរវាងគ្នាដើម្បីបំពេញបន្ថែម សំដៅដល់កិច្ចសហការកាន់តែជិតស្និទ្ធ ដើម្បីធានាបានគុណភាព នៃការផ្ដល់សេវាជូនសមាជិក ប.ស.ស ប្រកបដោយប្រសិទ្ធភាព ឆាប់រហ័ស ច្បាស់លាស់ ជាមួយក្រមសីលធម៌វិជ្ជាជីវៈ។

ក្នុងដំណើរចុះទស្សនកិច្ចនេះ លោកប្រតិភូរាជរដ្ឋាភិបាល បានសម្ដែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ នៃមន្ទីរពេទ្យ ដែលបានខិតខំបម្រើសេវាប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ រួសរាយរាក់ទាក់ និងឥរិយាបថទន់ភ្លន់ ដែលធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសសមាជិក ប.ស.ស ទទួលបានភាពកក់ក្តៅនៅពេលមកទទួលសេវានៅទីនេះ បើទោះបីជាការផ្ដល់សេវាមានភាពមមាញឹកយ៉ាងណាក្ដី។

បច្ចុប្បន្ននេះដោយសារមានការគាំទ្រទៅលើការប្រើប្រាស់ ប.ស.ស ពីសំណាក់ប្រជាពលរដ្ឋ បានធ្វើឱ្យការផ្តល់សេវានៅស្ទើរគ្រប់មន្ទីរពេទ្យមានភាពយឺតយ៉ាវ ព្រោះតែប្រជាពលរដ្ឋបាននាំគ្នាទៅប្រើសេវាច្រើនលើសលប់ ហើយមានមន្ទីរពេទ្យខ្លះមានសមាជិក ប.ស.ស ទៅទទួលសេវារាប់ពាន់នាក់ក្នុង ១ ថ្ងៃ ក៏មាន ដែលទាមទារឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ប.ស.ស និងមូលដ្ឋានសុខាភិបាលជាដៃគូ ប.ស.ស ត្រូវរួមគ្នារកដំណោះស្រាយដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ ពិសេសសមាជិក ប.ស.ស ឱ្យបានទាន់ពេលវេលា និងប្រកបដោយគុណភាព ខណៈគិតត្រឹមដើមឆ្នាំ ២០២៥ នេះ ប.ស.ស មានសមាជិកកើនឡើងជិត ២ លាន ៨ សែននាក់ នៅទូទាំងប្រទេស។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស បានមានប្រសាសន៍ថា «ទាក់ទិននឹងការកកស្ទះរបស់សមាជិក ប.ស.ស ទៅទទួលសេវានៅតាមមន្ទីរពេទ្យជាដៃគូនេះ តាមយោបល់ខ្ញុំគឺថានៅពេលដែលបងប្អូនជាសមាជិក ប.ស.ស ទាំងអស់ឈឺ ចូលទៅប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលជាដៃគូ។ ក្នុងករណីបងប្អូនមានជំងឺស្រាលៗ ដូចជា ជំងឺផ្តាសាយតិចតួច ឬឈឺក្បាល សូមអញ្ជើញទៅប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យឯកជន ឬមណ្ឌលសុខភាព ឬមន្ទីរពេទ្យកម្រិត ១ និងកម្រិត ២ ជាដើម ដើម្បីទុកលទ្ធភាពដល់សមាជិក ប.ស.ស. ផ្សេងទៀតដែលមានជំងឺធ្ងន់ធ្ងរ ឬជំងឺរ៉ាំរ៉ៃ សង្គ្រោះបន្ទាន់ ករណីវះកាត់បន្ទាន់ទៅពិនិត្យពិគ្រោះ និងព្យាបាលនៅតាមមន្ទីរពេទ្យថ្នាក់ជាតិ»។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ថា ការអនុវត្តបែបនេះ វាអាចកាត់បន្ថយបានច្រើន ប៉ុន្តែក្នុងករណីសមាជិកប.ស.ស.មានជំងឺស្រាលៗ នាំគ្នាសម្រុកទៅទទួលសេវានៅមន្ទីរពេទ្យថ្នាក់ជាតិទាំងអស់គ្នានោះ នឹងបន្តការកកស្ទះហើយ។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបន្ថែមថា បច្ចុប្បន្ន ប.ស.ស. មានមូលដ្ឋានសុខាភិបាល ដែលជាដៃគូជាមួយ ប.ស.ស. ចំនួន ១,៥៩៥ មូលដ្ឋាន ក្នុងនោះ វិស័យឯកជន ចំនួន ១៦៣ មូលដ្ឋាន៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?