ព័ត៌មានជាតិ
ប្រព័ន្ធបាគង និង KHQR កំពុងជំរុញការទូទាត់ប្រាក់រៀល និងបង្កើនការទូទាត់ឆ្លងដែនរបស់កម្ពុជា
ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) លោកស្រីបណ្ឌិត ជា សិរី បានលើកឡើងថាការអភិវឌ្ឍប្រព័ន្ធទូទាត់បាគង និង ខេអេចឃ្យូអរ (KHQR) បានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងការតភ្ជាប់ជាមួយនឹងបណ្តាញទូទាត់អន្តរជាតិដើម្បីបង្កើនការទូទាត់ឆ្លងដែន។

ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធ្វើឡើងក្នុងសិក្ខាសាលាស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) កាលពីសប្តាហ៍មុនថា ការអភិវឌ្ឍប្រព័ន្ធទូទាត់បាគង និង KHQR ត្រូវបានមជ្ឈដ្ឋានអន្តរជាតិទទួលស្គាល់ពីតួនាទីដ៏សំខាន់នៃប្រព័ន្ធទូទាត់ដ៏ទំនើបនេះ ពិសេស លើការរួមចំណែករបស់ប្រព័ន្ធទូទាត់ ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ សុវត្ថិភាពនិងប្រសិទ្ធភាពនៃការទូទាត់ និងការតភ្ជាប់ជាមួយនឹងបណ្តាញទូទាត់អន្តរជាតិផងដែរ។
លោកស្រីបណ្ឌិតថ្លែងបញ្ចាក់ថា៖«ភាពងាយស្រួលនៃការទូទាត់តាមទូរសព្ទបានជំរុញប្រជាជន អ្នកលក់ដូរជាច្រើនទៅបើក គណនីធនាគារដើម្បីទទួលការទូទាត់ ដែលការណ៍នេះបានជំរុញបរិយាបន្នហិរញ្ញវត្ថុសម្រួលដល់ជីវភាពនិងសុវត្ថិភាពរបស់គាត់»។

លោក តូច ចៅចេក អគ្គនាយករបស់ធនាគារប្រៃសណីយ៍កម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីថា នៅក្នុងយុគសម័យនេះ គឺជាសម័យកាលនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការណ៍នេះបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានាត្រូវតែធ្វើការវិនិយោគលើឌីជីថល មិនថាតូច ឬធំនោះទេ ប៉ុន្តែនៅក្នុងសហគមន៍ឬទីជននបទ អ្នកប្រើប្រាស់ហាក់នៅមិនទាន់មានការចាប់អារម្មណ៍ខ្លាំងនៅឡើយ។
លោកថា ធនាគារប្រៃសណីយ៍ ក៏ដូចជាធនាគារដទៃទៀត គឺប្រឹងប្រែងសំដៅធ្វើយ៉ាងណាឱ្យការប្រើប្រាស់ប្រព័ន្ធឌីជីថលកាន់តែមានការរីកចម្រើនខ្លាំងជាបន្តបន្ទាប់។

លោកថា៖«បច្ចុប្បន្នប្រជាពលរដ្ឋមួយចំនួនចាយលុយ គឺសឹងតែលែងកាន់លុយទៀតហើយ ច្រើនតែប្រើ QR ស្គែន ដូច្នេះយើងអាចឃើញបានថា ប្រតិបត្តិការ ស្គែន QR មានការកើនឡើងកាន់តែខ្ពស់ទៅៗ ហើយប្រតិបត្តិការដកលុយតាមបញ្ជរផ្សេងៗមានការថយចុះ បើទោះបីជាទូអេធីអឹមកាន់តែច្រើនក៏ដោយ ប៉ុន្តែប្រតិបត្តិការហាក់មិនសូវរីកចម្រើនដូចការឌីជីថលនោះទេ»។
លោកស្រីបណ្ឌិត ជា សិរី ថ្មីៗនេះ NBC បានដាក់ឱ្យប្រើប្រាស់កម្មវិធីទូទាត់ “បាគងទេសចរ” ដែលភ្ញៀវទេសចរបរទេស អាចទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធទូទាត់ឌីជីថលបានយ៉ាងឆាប់រហ័ស និងសុវត្ថិភាព ដោយគ្រាន់តែបញ្ចូលលុយទៅក្នុងគណនីកាបូបអេឡិចត្រូនិក តាមរយៈ Visa Mastercard ឬ UnionPay ហើយធ្វើការទូទាត់នៅគ្រប់អាជីវករទូទាំងប្រទេស ដែលប្រើប្រព័ន្ធបាគង។

យោងតាម NBC ការទូទាត់តាមប្រព័ន្ធបាគង បានកើនឡើងយ៉ាងឆាប់រហ័ស ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២០មក ដែលក្នុងឆ្នាំ២០២៤ ប្រតិបត្តិការទូទាត់សរុបមានចំនួន ៦០៧,៥លានប្រតិបត្តិការ ដោយក្នុងនោះទំហំទឹកប្រាក់នៃប្រតិបត្តិការជាលុយរៀលមានចំនួន ១៨៣,៣ទ្រីលានរៀល និងជាដុល្លារអាមេរិកមានចំនួន ១០៤,៨ប៊ីលានដុល្លារ ហើយមានចំនួនគណនីប្រើប្រាស់ចំនួន ៣០លានគណនី ដែលអាចទូទាត់បានជាមួយនឹងពាណិជ្ជករក្នុងស្រុកចំនួន ៤,៥លានកន្លែង និងក្រៅស្រុកច្រើនជាង ២៤០លានកន្លែង ដូចជានៅប្រទេសថៃ វៀតណាម ឡាវ ម៉ាឡេស៊ី និងចិន និងអនុញ្ញាតឱ្យ ភ្ញៀវទេសចរពីប្រទេសទាំងនោះអាចមកទូទាត់នៅតាម KHQR នៅកម្ពុជាបានយ៉ាងងាយស្រួល៕

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ