ព័ត៌មានជាតិ
នៅមុខប្រធានាធិបតី ម៉ាកូស, ឯកអគ្គរាជទូតថ្មីកម្ពុជាប្តេជ្ញាធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំ
នៅចំពោះមុខប្រធានាធិបតីហ្វីលីពីន លោក ម៉ាកូស, ឯកអគ្គរាជទូតថ្មីរបស់កម្ពុជាប្រចាំទីក្រុងម៉ានីល បានបង្ហាញការប្ដេជ្ញាចិត្តជាចំណែកធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងហ្វីលីពីន ឱ្យឈានទៅដល់កម្រិតខ្ពស់ និងកាន់តែរឹងមាំ។

ការប្ដេជ្ញាចិត្តនេះបានធ្វើឡើងក្នុងពេលដែលលោក ស៊ិន សារៀម ឯកអគ្គរាជទូតកម្ពុជា ទើបតែងតាំងថ្មីប្រចាំនៅហ្វីលីពីន ចូលជួបសម្តែងការគួរសម និងប្រគល់សារតាំងជូនលោក ហ្វឺឌីណាន់ ម៉ាកូស ជេអវ (Ferdinand R. Marcos Jr.) ប្រធានាធិបតីហ្វីលីពីន នៅវិមាន Malacañang នារដ្ឋធានីម៉ានីល។
លោក ស៊ិន សារៀម ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងមុខតំណែងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជាប្រចាំហ្វីលីពីន ជំនួសលោក ផន ពៅ ដែលត្រូវចប់អាណត្តិបេសកកម្ម។ មុនមកកាន់ជាឯកអគ្គរាជទូត លោក ស៊ិន សារៀម មានតួនាទីជាអគ្គនាយករងនៃអគ្គនាយករដ្ឋានអាស៊ាន នៃក្រសួងការបរទេស។

ក្នុងជំនួបជាមួយលោកប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោកឯកអគ្គរាជទូត ស៊ិន សារៀម បានបញ្ជាក់ការប្តេជ្ញាពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីន ដើម្បីជាផលប្រយោជន៍ និងវិបុលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។ លោក ស៊ិន សារៀម បានរម្លឹកពីជំនួបពិភាក្សាប្រកបដោយផ្លែផ្កា និងការចុះហត្ថលេខាលើឯកសារអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងចំនួន៨ ទៅលើវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ទេសចរណ៍ ការងារ បច្ចេកវិទ្យាទូរគមនាគមន៍ និងវប្បធម៌ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការដ៏ជោគជ័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅហ្វីលីពីន កាលពីខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ។

លោកប្រធានាធិបតី ម៉ាកូស បានស្វាគមន៍ចំពោះវត្តមានរបស់លោកឯកអគ្គរដ្ឋទូត ហើយលោកប្រធានាធិបតីក៏បានគូសបញ្ជាក់ពីលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី កន្លងទៅ ដែលជាសក្ខីភាពនៃទំនាក់ទំនងកាន់តែជិតស្និទ្ធ និងស៊ីជម្រៅរវាងកម្ពុជា និងហ្វីលីពីន។ លោកប្រធានាធិបតី បានបង្ហាញពីបំណងជំរុញ និងពង្រឹងទំនាក់ទំនងទ្វេភាគីហ្វីលីពីន-កម្ពុជាបន្ថែមទៀត និងបានទទួលស្គាល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនង ដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?