Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពត ជំរុញអាជ្ញាធរក្រុងស្រុកបង្កលក្ខណៈសប្បាយរីករាយជូនពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

បានផុស

នៅ

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំទៅដល់អាជ្ញាធរក្រុងស្រុកទាំង៩ឲ្យយកចិត្តទុកដាក់រៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពឲ្យល្អប្រសើរ ពិសេសត្រូវបង្កលក្ខណៈសប្បាយរីករាយដល់ពលរដ្ឋ និងទេសចរទៅកម្សាន្តនៅតាមទីវត្តអារាម និងរមណីយដ្ឋាននានាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ខណៈរដ្ឋបាលខេត្តគ្រោងរៀបចំព្រឹត្តិការណ៍កំពតសង្ក្រាន្តដ៏ធំមួយដើម្បីទាកទាញទេសចរ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ដើម្បីផ្តល់ជូននូវភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤-១៦ខែមេសា ខាងមុខ រដ្ឋបាលខេត្តកំពត បានត្រៀមរៀបចំព្រឹត្តិការណ៍កំពតសង្ក្រាន្តដ៏ធំមួយ ដែលមានលោក មឿង គង្គា អភិបាលរងខេត្ត លោកនាយករដ្ឋបាល និងអភិបាលក្រុងកំពតសហការរៀបចំចាត់ចែញកម្មវិធីសប្បាយៗជាច្រើនមានដូចជា ការប្រគំតន្ត្រី ការតុបតែងលម្អទីតាំង ការលេងល្បែង និងរបាំប្រជាប្រិយ ការប្រគំភ្លេងប្រពៃណីបូរាណខ្មែរ ការប្រកួតកីឡាអុកចត្រង្គ និងការរៀបចំតំបន់ត្រជាក់ និងកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀត។

លោក ម៉ៅ ធនិន បានធ្វើការណែនាំទៅដល់អាជ្ញាធរក្រុងស្រុក មន្ទីរជំនាញពាក់ព័ន្ធ ឲ្យសហការគ្នាខិតខំរៀបចំតុបតែងលម្អ និងបង្កបរិយាកាស និងភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឲ្យបានល្អប្រសើរ ទប់ស្កាត់ឲ្យបាននូវបញ្ហាមិនប្រក្រតីណាមួយដែលអាចនឹងកើតឡើងនៅក្នុងឱកាសនោះ។

លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរទេសចរណ៍ឲ្យបន្តចុះណែនាំអប់រំដល់ប្រតិបត្តិករទេសចរណ៍ឲ្យយកចិត្តទុកដាក់ ក្នុងការចូលរួមផ្សព្វផ្សាយវប្បធម៌ អរីយធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរតាមរយៈការរៀបចំតុបតែងលម្អទីតាំងរបស់ខ្លួន និងការស្លៀកពាក់តាមទំនៀមទម្លាប់ប្រពៃណីជនជាតិខ្មែរជាដើម៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម