ព័ត៌មានជាតិ
ផ្លូវក្រវាត់ព្រំដែនខេត្តរតនគិរី ឈូសទៅដល់បង្គោលព្រំដែនលេខ ៩ កំពុងបន្តទៅកន្ទុយនាគ
បើតាមការគូសបញ្ជាក់ពីលោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីបានឲ្យកម្ពុជាថ្មីដឹងថា ដំណើរការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តរតនគិរី កំពុងស្ថាបនាឆ្ពោះទៅតំបន់កន្ទុយនាគ (បង្គោលព្រំដែនលេខ ០ ព្រំប្រទល់ ៣ ប្រទេស (កម្ពុជា ឡាវ វៀតណាម) ខណៈកងវិស្វកម្មបានឈូសឆាយទៅដល់បង្គោលព្រំដែនលេខ ៩។
លោក ញ៉ែម សំអឿន បានថ្លែងថា ផ្លូវក្រវាត់ព្រំដែនដែលកងវិស្វកម្មកំពុងស្ថាបនាមានគម្លាតត្រឹមតែ ៨ ម៉ែត្រពីបង្គោលព្រំដែនប៉ុណ្ណោះ។

កន្លងទៅកងវិស្វកម្មបានសាងសង់ផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តរតនគិរីបានប្រវែងជាង ៨៩ គីឡូម៉ែត្រ ចេញពីច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដា ក្រាលដោយក្រួសក្រហមប៉ុន្តែបានរងការខូចខាតដោយសារទឹកភ្លៀង និងគ្រោះធម្មជាតិ។
លោក ញ៉ែម សំអឿន បានអះអាងថា ដោយអនុវត្តតាមបទបញ្ជាពីប្រមុខរដ្ឋាភិបាល កងវិស្វកម្មបានជួសជុលផ្លូវដែលរងការខូចខាត និងបានសាងសង់បន្តបានប្រវែងជាង ៣០ គីឡូម៉ែត្រគឺទៅដល់បង្គោលព្រំដែនលេខ ៩ ឆ្ពោះទៅតំបន់កន្ទុយនាគ។


ដំណើរការស្ថាបនាផ្លូវក្រវាត់ព្រំដែនទៅតំបន់កន្ទុយនាគជួបបញ្ហាប្រឈម ដោយសារភូមិសាស្រ្តផ្លូវត្រូវសាងសង់ ត្រូវចោះជ្រៀកតាមចង្កេះភ្នំ និងមានជ្រោះជ្រៅ។ ប៉ុន្តែកងវិស្វកម្មនៅតែបន្តពុះពារ ដើម្បីសម្រេចតាមផែនការរបស់ថ្នាក់ដឹកនាំ ដើម្បីកសាងផ្លូវក្រវាត់ព្រំដែនដែលមានភាពរឹងមាំ ជារបងការពារជាតិមាតុភូមិ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្តោតលើផ្លូវថ្នល់ជាកិច្ចការដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍតាមបណ្ដោយព្រំដែន និងធ្វើឱ្យបន្ទាត់ព្រំដែនកម្ពុជាកាន់តែរឹងមាំ និងមានភាពច្បាស់លាស់។
ថ្លែងបង្ហាញអំពីសមិទ្ធផលរយៈពេល ១ ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ កាលពីយប់ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតីបានបញ្ជាក់ថា ទោះបីត្រូវចំណាយយ៉ាងណាក៏ដោយ បេសកកម្មស្ថាបនាផ្លូវក្រវាត់ព្រំដែនត្រូវតែសម្រេចឲ្យបាន។ ទៅថ្ងៃអនាគត សម្តេចមានបំណងចង់ឲ្យកូនខ្មែរអាចធ្វើដំណើរឡើងទៅតំបន់កន្ទុយនាគតាមទឹកដីខ្មែរ ដែលនេះជាមហិច្ឆតា សម្រាប់បម្រើជាឧត្តមប្រយោជន៍បន្តដល់កូនចៅជំនាន់ក្រោយ។

ដោយប្រើប្រាស់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្លូវក្រវាត់ព្រំដែនដែលត្រូវស្ថាបនាក្នុងភូមិសាស្រ្តខេត្តរតនគិរីមានប្រវែងសរុបជាង ១០២ គីឡូម៉ែត្រ។ ក្នុងនោះការស្ថាបនាផ្លូវខ្សែក្រវាត់ទី ១ ចាប់ពីបង្គោលព្រំដែនលេខ ១៣/១ ដល់បង្គោលលេខ ០ ចំណុចប្រសព្វ ៣ ប្រទេស (កម្ពុជា ឡាវ វៀតណាម) ដោយឆ្លងកាត់ស្រុកអណ្តូងមាស និងស្រុកតាវែងមានប្រវែង ៩៧ គីឡូម៉ែត្រ និងផ្លូវខ្សែក្រវាត់ទី ២ មានប្រវែង ៥ គីឡូម៉ែត្រ ស្ថាបនាចាប់ពីផ្លូវបំបែកស្រុកអណ្តូងមាសដល់បង្គោលព្រំដែនលេខ ១៩ ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ