ព័ត៌មានជាតិ
មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវមានធានារ៉ាប់រងសម្រាប់អាជីវកម្មខ្លួន
កែប ៖ នៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៥នេះ ជាប្រសាសន៍របស់លោកស្រី ហោ សុវឌ្ឍនា បានថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការធានារ៉ាប់រងជាកាតព្វកិច្ចជូនដល់សិក្ខាកាមមកពីខេត្តកែប និងខេត្តកំពតដែលកំពុងបំពេញការងារដើម្បីសន្តិសុខកណ្ដាប់ធ្នាប់។

ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន ព្រមទាំងម្ចាស់ការដ្ឋានសំណង់ចាំបាច់ត្រូវមានធានារ៉ាប់រងដើម្បីឱ្យប្រាកដថា រាល់ករណីគ្រោះថ្នាក់ ការខូចខាតទ្រព្យសម្បត្តិ ឬការបាត់បង់អាយុជីវិតពិតជាស្ថិតក្រោមទំនួលខុសត្រូវស្របតាមច្បាប់ ដែលបានចែងអំពីកាតព្វកិច្ចធានារ៉ាប់រងសម្រាប់ម្ចាស់អាជីវកម្ម។
លោកស្រី ហោ សុវឌ្ឍនា អគ្គនាយករងនៃអគ្គនាយកដ្ឋាននិយ័តករធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ថា វិស័យធានារ៉ាប់រងជាសមាសភាគដ៏សំខាន់ក្នុងការរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ចជាតិ ពិសេសទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គមតាមរយៈការបង្កើតសំណាញ់សុវត្ថិភាព និងការបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុប្រឈមហានិភ័យដែលត្រូវបានធានាជូនប្រជាពលរដ្ឋ គ្រួសារ និងម្ចាស់អាជីវកម្មនានា។
លោកស្រី ហោ សុវឌ្ឍនា អគ្គនាយករងនៃអគ្គនាយកដ្ឋាននិយ័តករធានារ៉ាប់រងកម្ពុជាបានបន្ថែមថា ជាក់ស្តែង យោងតាមច្បាប់ស្តីពីការធានារ៉ាប់រងដែលបានអនុម័តដាក់ឱ្យប្រើប្រាស់ តាំងពីឆ្នាំ ២០០០ និងបានកែសម្រួលជំនួសដោយច្បាប់ស្តីពីការធានារ៉ាប់រង នាឆ្នាំ ២០១៤ បានកំណត់ការធានារ៉ាប់រងចំនួនបី ជាកាតព្វកិច្ចដែលរួមមាន ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរ និងការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន។

លោកស្រី ហោ សុវឌ្ឍនា បានបញ្ជាក់ឱ្យដឹងថា ច្បាប់បានកំណត់ជាកាតព្វកិច្ចដល់ម្ចាស់ប្រកបអាជីវកកម្មទាំងនេះ ដូច្នេះ ម្ចាស់អាជីវកម្មត្រូវទិញធានារ៉ាប់រងភារៈទទួលខុសត្រូវរាល់ការខូចខាតដល់តតិយជនដែលបណ្តាលមកពីសកម្មភាពរបស់ខ្លួន។

ជាមួយនោះ ច្បាប់ក៏បានកំណត់ទោសទណ្ឌចំពោះបុគ្គលដែលល្មើសមិនអនុវត្តតាមកាតព្វកិច្ចទាំងនេះផងដែរ។
លោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្តកែបបានមានប្រសាសន៍ថា សកម្មភាពដឹកជញ្ជូន និងសកម្មភាពសេដ្ឋកិច្ចក្នុងខេត្តកែបបានបង្ហាញពីសញ្ញាវិជ្ជមាននៃតម្រូវការសេវាធានារ៉ាប់រង។

ដូច្នេះ លោកស្រី អ៊ុក ភីរុណ អភិបាលរងខេត្តកែប បានសំណូមពរដល់និយ័តករធានារ៉ាប់រងកម្ពុជាជំរុញឱ្យមានការវិនិយោគដោយបើកសាខាក្រុមហ៊ុនធានារ៉ាប់រងនៅខេត្តកែបសំដៅបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ ហើយនេះជាជ្រុងមួយទៀតក្នុងការរួមចំណែកសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុ ក៏ដូចជាបង្កើតបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើរដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតការងារជូនពលរដ្ឋខេត្តកែប។

លោក ស្រី អ៊ុល ភីរុណ អភិបាលរងខេត្តកែប បានបញ្ជាក់ថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា គឺជាទីផ្សារមួយ ដែលកំពុងមានការវិវត្តឆ្ពោះទៅមុខយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលបច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ កំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងទំហំបុព្វលាភដុលជាង ៣៧០លានដុល្លារអាម៉េរិក និងទ្រព្យសកម្មសរុបជាង១,២ប៊ីលានដុល្លារអាម៉េរិក យ៉ាងណាមិញ ក្នុងឆ្នាំ២០២៤ ទំហំទីផ្សារនេះ បានរួមចំណែកក្នុងសេដ្ឋកិច្ចតែប្រមាណ ១.១៧ ភាគរយ ប៉ុណ្ណោះ ដោយមនុស្សម្នាក់ប្រើប្រាស់សេវាធានារ៉ាប់រងប្រមាណតែ ២២ដុល្លារអាមេរិក៕
ដោយ ៖ សឹង រ៉ាត់






-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?