ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៩ មីនា នេះថា គិតត្រឹមម៉ោងនេះ ពុំទាន់មានព័ត៌មានថា មានពលករខ្មែររងគ្រោះដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ។ ចំណែកស្ថានទូតកម្ពុជា និងអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កំពុងតាមដាននៅទីកន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

ការរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រ បានវាយប្រហារចំកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៨ខែមីនា ឆ្នាំ ២០២៥ ដែលបណ្តាលឲ្យមានការបាត់បង់អាយុជីវិតមនុស្សយ៉ាងច្រើន និងការបំផ្លិចបំផ្លាញដ៏សម្បើម។ ក្រៅតែពីមីយ៉ាន់ម៉ា គ្រោះរញ្ជួយដីដ៏ធំមិនធ្លាប់មាននេះ ក៏បណ្តាលឲ្យមានផលប៉ះពាល់នៅក្នុងចំណោមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនផងដែរ ដូចជា ថៃ ចិន វៀតណាម ឡាវ និងបង់ក្លាដែស។ ត្រឹមព្រឹកថ្ងៃសៅរ៍នេះ តួលេខអ្នកស្លាប់បានលោតឡើងដល់ ៦៩៤ នាក់ និងរបួស ១ ៦៧០ នាក់ នៅមីយ៉ាន់ម៉ា។ ចំណែកនៅប្រទេសថៃ គិតត្រឹមម៉ោង ៥ ល្ងាច ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ សមត្ថកិច្ចថៃ បានរកឃើញជនរងគ្រោះក្នុងហេតុការណ៍រញ្ជួយដីនៅទីក្រុងបាងកកប្រទេសថៃ ចំនួន ៥០ នាក់ ស្លាប់ ៣ នាក់ ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត។

នៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៥ នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តដឹកនាំប្រជុំក្រុមការងារចំពោះកិច្ច នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីតាមដាន និងដោះស្រាយផលប៉ះពាល់ដែលអាចកើតមានឡើងដោយគ្រោះរញ្ជួយដីក្នុងទីក្រុងបាងកក និងខេត្តមួយចំនួនក្នុងប្រទេសថៃ កាលពីរសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥។

ក្រុមការងារចំពោះកិច្ច នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបន្តប្រមូលព័ត៌មានពីអនុព័ន្ធការងារប្រចាំប្រទេសថៃ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អគ្គនាយកដ្ឋានការងារ អាជ្ញាធរមានសមត្ថកិច្ចថៃ ទីភ្នាក់ងារជ្រើសរើសឯកជន និងបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃ សហគមន៍ខ្មែរនៅប្រទេសថៃ ដើម្បីបន្តតាមដានព័ត៌មាន វាយតម្លៃស្ថានការណ៍ និងត្រៀមអន្តរាគមន៍ ដោះស្រាយ ឲ្យបានទាន់ពេលវេលា និងផ្តល់ការគាំពារជូនបងប្អូនពលករខ្មែរនៅក្នុងប្រទេសថៃ។

ក្រុមការងារអនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តចុះតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។

គួរបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ មានពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃចំនួន ១ ២៩២ ២៩៧ នាក់ ស្រី ៥២១ ៨៦២ នាក់ ដោយពួកគាត់ទៅធ្វើការនៅតាមបណ្តារោងចក្រ និងក្រុមហ៊ុននានាដូចជា តាមរោងចក្រចំណីអាហារ ផ្នែកឧស្សាហកម្ម ក្រុមហ៊ុនសំណង់ សេវាកម្ម និងកសិកម្ម ដោយជាមធ្យមទទួលបានប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ និងបានផ្ញើថវិកាមកក្រុមគ្រួសារវិញប្រមាណជាង ២ ពាន់លានដុល្លារ ក្នុង ១ ឆ្នាំ បានចូលរួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?