ព័ត៌មានជាតិ
រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះរញ្ជួយដីនៅប្រទេសជិតខាង
លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានណែនាំដល់ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំងអស់ ត្រូវចាត់ក្រុមការងារមន្ត្រីបច្ចេកទេសដើម្បីចុះត្រួតពិនិត្យផលប៉ះពាល់លើសំណង់ទាំងអស់ ក្រោយកើតមានបាតុភូតរញ្ជួយដីថ្មីៗនេះក្នុងប្រទេសមីយ៉ាន់ម៉ា។

ការណែនាំនេះ ធ្វើឡើងនៅពេលលោករដ្ឋមន្ត្រីដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ស្ថិតក្នុងឃុំតាសាល ស្រុកឱរាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ។
លោករដ្ឋមន្ត្រីបានណែនាំដល់ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំងអស់ដែលមានសំណង់អាងទឹក និងសំណង់ធារាសាស្ត្រធំៗ ត្រូវចាត់ក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យផលប៉ះពាល់លើសំណង់ទាំងអស់ ហើយធ្វើរបាយការណ៍មកក្រសួង។

សូមជម្រាបថា ទំនប់អាងទឹកតាសាល បានសាងសង់ឡើងក្នុងឆ្នាំ២០១១ ក្រោមហិរញ្ញប្បទានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ដែលមានសមត្ថភាពស្តុកទឹកបានប្រមាណ ១៥០លានម៉ែត្រគូប មានផ្ទៃរងទឹកភ្លៀង ៤៦៥គីឡូម៉ែត្រការ៉េ និងមានសំណង់សំខាន់ៗដូចជា ទំនប់បេតុងប្រវែង ៧២០ម៉ែត្រមានកម្ពស់ ២១ម៉ែត្រនិងខ្នងលើ ៦ម៉ែត្រ និងទំនប់បង្ហៀរប្រវែង ៩២,៥០ម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យមួយចំនួនទៀត។

លោករដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ទំនប់អាងទឹកតាសាល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយទឹកជំនន់ស្ទឹងព្រែកតោ្នត និងសម្រាប់បម្រើឱ្យការងារស្រោចស្រពក្នុងវិស័យកសិកម្ម ជួយប្រព័ន្ធអេកូឡូស៊ី និងជួយផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតាមដងស្ទឹងព្រែកត្នោតនារដូវប្រាំង ព្រមទាំងសម្រាប់ការប្រើប្រាស់ពហុវិស័យ ហើយក៏ជារមណីយដ្ឋានធម្មជាតិដ៏ពេញនិយមមួយនាពេលបច្ចុប្បន្នផងដែរ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១៣និង២០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ មានបាតុភូតរញ្ជួយដីកើតឡើងស្ថិតនៅចម្ងាយ ១៦គីឡូម៉ែត្រភាគពាយ័ព្យនៃទីក្រុងសាហ្គាំង(Sagaing) ក្នុងប្រទេសមីយ៉ាន់ម៉ា។ ការរញ្ជួយនេះបានកើតឡើងនៅក្នុងស្រទាប់ស្នូលផែនដី ជម្រៅប្រមាណ ១០គីឡូម៉ែត្រ និងមានឥទ្ធិពលមកស្រទាប់ខាងលើនៃផែនដីក្នុងកម្រិតរញ្ជួយ ៧,៧ រ៉ិចទ័រ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ប្រទេសមួយចំនួនរួមមាន ប្រទេសមីយ៉ាន់ម៉ា បង់ក្លាដែស ឥណ្ឌា ឡាវ ថៃ វៀតណាម និងប្រទេសចិន។ ដោយឡែក ប្រទេសកម្ពុជា ក៏ទទួលរងនូវឥទ្ធិពលនេះផងដែរ តែក្នុងកម្រិតតិចតួចប៉ុណ្ណោះ៕
អត្ថបទ៖ សុខុម







-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក