Connect with us

ព័ត៌មានជាតិ

ផ្អែកលើកិច្ចសហប្រតិបត្តិការល្អ ឥណ្ឌាបង្ហាញបំណងចង់បង្កើតអនុព័ន្ធយោធាប្រចាំកម្ពុជា

បានផុស

នៅ

ផ្អែកលើកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ហើយដើម្បីបង្កើនកាន់តែរឹងមាំ ឥណ្ឌាបានបង្ហាញបំណងចង់បង្កើតអនុព័ន្ធយោធារបស់ខ្លួនប្រចាំនៅប្រទេសកម្ពុជា ខណៈក្រសួងការពារជាតិឥណ្ឌា ក៏កំពុងពន្លឿនលើកិច្ចការងារនេះ។ ដំណឹងនេះ ត្រូវបានទម្លាយឱ្យដឹងដោយឯកអគ្គរដ្ឋទូតឥណ្ឌា ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួបនាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការពារជាតិ​ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងាការពារជាតិ និងលោក វ៉ាន់ឡុលវ៉ាណា បាវីតលុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូត ទើបតែងតាំងថ្មីរបស់ឥណ្ឌាប្រចាំនៅកម្ពុជា បានផ្លាស់ប្តូរនូវទស្សនៈគ្នាទៅវិញទៅមកជុំវិញការពង្រឹង និងពង្រីកទំនាក់ទំនងដ៏រឹងមាំទាក់ទិននឹងវិស័យការពារជាតិនៃប្រទេសទាំងពីរ។

លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង ឯកអគ្គរដ្ឋទូតឥណ្ឌា បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងឥណ្ឌា ពិសេសលើវិស័យការពារជាតិ ដែលជាវិស័យអាទិភាពសម្រាប់ប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូត បញ្ជាក់បន្ថែមថា ឥណ្ឌាបានផ្តល់ដល់វិស័យការពារជាតិនេះ ជាវិស័យអាទិភាព ហើយក្នុងគោលនយោបាយទិសខាងកើតរបស់ឥណ្ឌា គឺឥណ្ឌាចាត់ទុកកម្ពុជា ជាដៃគូដ៏មានសារៈសំខាន់ ខណៈភាគីទាំងពីរតែងតែមានការផ្លាស់ប្តូរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិ។

ដោយសារមានកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យការពារជាតិនេះ រដ្ឋាភិបាលឥណ្ឌា តាមរយៈក្រសួងការពារជាតិឥណ្ឌា បានស្នើសុំឱ្យមានបង្កើតការិយាល័យការពារជាតិអមស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា។ តាមការអះអាងរបស់លោកឯកអគ្គរដ្ឋទូត គឺឥណ្ឌាកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់លើការងារនេះ ធ្វើយ៉ាងណាពន្លឿនការតែងតាំងអនុព័ន្ធយោធា ក្នុងការបង្កើននូវកិច្ចសហការបន្ថែមទៀតជាមួយនឹងក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។ នេះជាសម្រង់ខ្លឹមសារលើកឡើងរបស់ឯកអគ្គរដ្ឋទូតឥណ្ឌា ក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ ទៀ បាញ់ ដែលចុះផ្សាយលើគេហទំព័រក្រសួងការពារជាតិកម្ពុជា ហើយលោកឯកអគ្គរដ្ឋទូត ក៏បានស្នើសុំដល់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ជួយជ្រោមជ្រែងដល់ការបំពេញបេសកកម្មការទូតរបស់លោកនៅកម្ពុជាពេលនេះ។

តបទៅនឹងការលើកឡើងរបស់រដ្ឋទូតឥណ្ឌា នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងាការពារជាតិ បានឯកភាពតាមសំណើបង្កើតការិយាល័យការពារជាតិអមស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ហើយលោក ក៏បង្ហាញនូវក្ដីជឿជាក់ចំពោះអាណត្តិការទូតរបស់លោកឯកអគ្គរដ្ឋទូតនៅកម្ពុជា ទំនាក់ទំនងរវាងប្រជាជន និងកងទ័ពទាំងពីរ នឹងបន្តពង្រឹងពង្រីកបន្ថែមទៀត ប្រកបដោយមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ និងរីកចម្រើនបន្ថែមទៀតជាមួយនឹងក្រសួងការពារជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ ក៏បានអរគុណចំពោះរដ្ឋាភិបាល ក្រសួងការពារជាតិ និងប្រជាជនឥណ្ឌា ដែលជានិច្ចជាកាលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា ពិសេសការជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ ពេលកន្លងមក ក៏ដូចជាពេលអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម