Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ឱ្យដឹងថាក្នុងឆ្នាំ២០២៤កន្លងទៅ ក្រសួងព័ត៌មានរកឃើញថាមានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយចំនួនជាង៣៦៥១ព័ត៌មានពាក់ព័ន្ធនឹងសន្តិភាព សន្តិសុខសាធារណៈ ការដឹកនាំរបស់រដ្ឋាភិបាល ថ្នាក់ដឹកនាំ និងបញ្ហាផ្សេងៗដែលនាំឱ្យចលាចលសង្គម។ ផ្អែកលើការកត់សម្គាល់លោក នេត្រ ភក្ត្រា អះអាងថា ក្រុមប្រឆាំងនៅក្រៅប្រទេស បាននិងកំពុងបង្កើតព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងប​ញ្ហាសន្តិសុខជាតិ បញ្ហាទឹកដី ជំនឿទុកចិត្តរបស់ពលរដ្ឋលើការដឹកនាំរបស់រដ្ឋាភិបាល ដើម្បីបញ្ឆេះកំហឹងពលរដ្ឋឱ្យអស់ជំនឿ និងស្អប់រដ្ឋាភិបាល ហើយឈានដល់ផ្ទុះបដិវដ្ដន៍ពណ៌ ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្រ្តីក្រសួងព័ត៌មាន  លោក នេត្រ ភក្ត្រា ថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» រៀបចំឡើងនៅទីស្ដីក្រសួង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នេះ ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន សង្កត់ធ្ងន់ដូច្នេះ៖« អ្វីដែលយើងកត់សម្គាល់ ស្ថានភាពនៃការបង្កើតព័ត៌មានក្លែងក្លាយ គឺច្រើនតែ(បង្កើត)ពីក្រុមជនអគតិមួយចំនួននៅខាងក្រៅប្រទេស ដែលបង្កើតព័ត៌មានក្លែងក្លាយឡើង គឺដើម្បីចរិតញុះញង់ បំភ្លៃបំភ្លើស បំភ័ន្ត ហើយអ្វីបំណងជាគោលបំណង ជាចរិតសំខាន់របស់ពួកគេ នៅក្នុងការបង្កើតព័ត៌មានក្លែងក្លាយ គឺធ្វើយ៉ាងណាបញ្ឆេះកំហឹងប្រជាជន បង្កើតឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ ក៏ដូចជាការរើសអើង  ហើយនឹងទម្លាក់នូវជំនឿទុកចិត្តរបស់ប្រជាជនចំពោះការដឹកនាំរបស់រដ្ឋាភិបាល ហើយអ្វីដែលជាចរិតពិតប្រាកដនៃការបង្កើតព័ត៌មានក្លែងក្លាយ ពីមួយថ្ងៃទៅមួយថ្ងៃនោះ គឺពួកគេចង់បញ្ឆេះកំហឹងប្រជាជន ហើយទាញទៅឱ្យមានការផ្ទុះនូវបដិវត្តន៍ពណ៌ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលតែម្ដង»។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា អះអាងថា ការបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់នេះ​ គឺក្រុមប្រឆាំងយកគម្រូតាមការផ្ដួលរំលំរបបដឹកនាំនៅតាមបណ្ដាប្រទេសផ្សេងៗកាលពីពេលកន្លងមក  ដែលក្រុមប្រឆាំងជ្រុលនិយមយកបណ្ដាញផ្សព្វផ្សាយសង្គមដូចជាហ្វេសប៊ុក​ តិកតុក ជាដើម បង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបំភ្លៃ បំភ្លើស និងបំភ័ន្តការពិតសម្រាប់ប្រជាជនកម្ពុជា។

រដ្ឋមន្រ្តីក្រសួងព័ត៌មានគូសបញ្ជាក់ថា  ព័ត៌មានក្លែងក្លាយបែកចែកជាបីប្រភេទសំខាន់ៗរួមមាន៖ព័ត៌មានក្លែងបន្លំ បំភ្លៃ និងភ័ន្តច្រលំ ហើយនៅក្នុងចំណោមព័ត៌មានក្លែងក្លាយទាំងបីនេះ គឺព័ត៌មានក្លែងបន្លំ និងបំភ្លៃ បង្កើតឡើងដោយចេនាអាក្រក់។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងដោយចំៗថា កាលពីឆ្នាំពី២០២៤ កន្លងទៅ ក្រុមប្រឆាំងជ្រុលនិយមបានបង្កើតព័ត៌មានក្លែងបន្លំ និងបំភ្លៃ មានចរិតបំផ្លាញសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ញុះញង់ឱ្យបះបោរឱ្យតវ៉ា ដូចជាករណីបំភ្លៃ និងក្លែងបន្លំព័ត៌មានលើ CLV-DTA ដែលកាលណោះក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានថា រដ្ឋាភិបាលកម្ពុជា កាត់ដី៤ខេត្ត ក្នុងកិច្ចសហប្រតិបត្តិការ​ CLV-DTA ទៅឱ្យប្រទេសជិតខាង ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ មកលើរដ្ឋាភិបាល រៀបចំធ្វើបដិវត្តន៍ពណ៌ក្រោមរូបភាពបាតុកម្មជាដើម។

លោក នេត្រ ភក្ត្រា លើកឡើងថា ជាមួយនិន្នាការនៃការប្រើប្រាស់បណ្ដាញកាន់តែកើនឡើង ការបង្កើតព័ត៌មានក្លែងក្លាយឡើង គឺកាន់តែមានភាពពិសពុល បង្កប់គំនិតទុច្ចរិត ដើម្បីបម្រើរបៀបវារៈនយោបាយរបស់ខ្លួន តាមរយៈការបំភ្លៃការពិតពីប្រទេសកម្ពុជា ការផ្សព្វផ្សាយព័ត៌មានផ្សេងៗដើម្បីធ្វើឱ្យពលរដ្ឋយល់ច្រឡំ គិតខុសលើរដ្ឋាភិបាលចំពោះរដ្ឋាភិបាលកម្ពុជា។

លោក នេត្រ ភក្ត្រា អះអាងថា​ ដោយមើលឃើញពីភាពកាចសាហាវនៃព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយក្រុមជ្រុលនិយម  ទើបក្រសួងព័ត៌មានសម្រេចរៀបចំយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយឡើង ដើម្បីកាត់បន្ថយចំនួនព័ត៌មានក្លែងក្លាយឱ្យបានតិចបំផុត ហើយឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយពីលំហរព័ត៌មាននៅក្នុងសង្គមព័ត៌មានកម្ពុជាឱ្យអស់  ដើម្បីធានាឱ្យសន្តិសុខព័ត៌មានតាមរយៈការធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ និងគុណភាពព័ត៌មានដែលបញ្ជូនទៅប្រជាពលរដ្ឋ និងសុវត្ថិភាពព័ត៌មានសម្រាប់ពលរដ្ឋប្រើប្រាស់៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម