ព័ត៌មានជាតិ
យុវជនវ័យ ១៩ឆ្នាំ នៅខេត្តមណ្ឌលគិរី ឡើងយកឃ្មុំព្រៃសុទ្ធ សំណូមពរអតិថិជនជួយគាំទ្រ ព្រោះជារបស់ធម្មជាតិពិតៗ
ទឹកឃ្មុំព្រៃធម្មជាតិ គឺជាឱសថដ៏ស័ក្ដិសិទ្ធិម្យ៉ាងដែលមនុស្សទូទៅចង់បានយកប្រើប្រាស់ទៅតាមតម្រូវការរៀងៗខ្លួន។ប្រជាពលរដ្ឋទូទៅរស់នៅតាមជនបទឆ្ងាយក្រុង ឬតាមព្រៃសហគមន៍ ឱ្យតែវប្រាំងចូលមកដល់ពួកគេតែងស្វែងរក សម្បុកឃ្មុំ តាមដើមឈើទាបខ្ពស់ ដើម្បីយកមកធ្វើជាឱសថប្រើប្រាស់លក្ខណៈគ្រួសារ។ រីឯខ្លះទៀត បាននាំគ្នាដើរកឃ្មុំដែលមានសម្បុកបង្កងធំៗ ដើម្បីបានទឹកច្រើនយកទៅលក់ទៅឱ្យអ្នកស្រុក ក៏ដូចជា ភ្ញៀវទេសចរ ដែលបានមកកម្សាន្ត នៅតាមតំបន់ពួកគេ។

ជាក់ស្តែងយុវជនម្នាក់ មានឈ្មោះ អ៊ុន សាមៀង អាយុ ១៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិពូង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាជនជាតិដើមភាគតិចព្នង បានរៀបរាប់ប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា រូបគេបានបោះបង់ការសិក្សាចោលជាច្រើនឆ្នាំមកហើយ ដោយរូបគេតែងតែជួយធ្វើកិច្ចការងារផ្ទះជាប្រចាំ ដូចជាស្រែចម្ការជាដើម។ ឱ្យតែរដូវប្រាំងចូលមកដល់ ចន្លោះចាប់ពីខែ១ ដល់ខែ៤ ពួកគេតែងតែនាំគ្នីគ្នា មួយក្រុមដើររុករកមើលសម្បុកឃ្មុំក្នុងព្រៃសហគមន៍របស់ខ្លួនដើម្បីឡើងយកក្បាលទឹក យកទៅលក់ឱ្យអ្នកភូមិ ក៏ដូចជាភ្ញៀវទេសចរ ដែលបានដើរកម្សាន្តនៅតាមតំបន់ភូមិស្រុករបស់ពួកគេ ដើម្បីបានកម្រៃផ្គត់ផ្គង់ជីវភាពគ្រួសារ។
យុវជនរូបនេះបន្តថា ទឹកឃ្មុំទម្រាំយកបានលក់ទៅឱ្យអ្នកភូមិ គឺមានការលំបាកខ្លាំងណាស់ ព្រោះការឡើងយកឃ្មុំទាំងនោះ ដំបូងឡើយពួកគេត្រូវនាំគ្នាយកដែកគោលដំលើដើមឈើ ដើម្បីជាន់ឡើងជាច្រើនសិបកាំទម្រាំដល់លើ ហើយដើមឈើដែលគេវាយដំដែកគោលឡើងម្ដងៗនោះភាគច្រើន ជាប្រភេទដើមឈើទាលដែលមានកម្ពស់រហូតទៅដល់ជាង ៣០ម៉ែត្រ ឯណោះ ឬអាចខ្ពស់ជានេះក៏មានដែរ។ យុវជនរូបនេះបន្តែមថា ក្រុមពួកគេដែលបានឡើងយកសម្បុកឃ្មុំចង្អេរទាំងនោះ មានឆ្នាំខ្លះសម្បូរ មួយសំបុកធំបានរហូតទៅដល់ ២០លីត្រ ប៉ុន្តែជាក់ស្ដែង នៅក្នុងឆ្នាំនេះ ដោយសារអាកាសធាតុប្រែប្រួល សម្បុកឃ្មុំទម្រាំដាក់ក្បាលទឹក គឺយឺតជាងរាល់ឆ្នាំបន្តិច សម្បុកឃ្មុំចង្អេរដែលធំជាងគេ ចម្រាញ់យកទឹករួចបានប្រហែល ១០លីត្រប៉ុណ្ណោះ។

យុវជនដដែល បានឱ្យដឹងថា គេចេះប្រកបមុខរបរឡើងយកឃ្មុំព្រៃតាំងពីឆ្នាំ២០១៥ មកម្ល៉េះ។ ប៉ុន្តែ ការយកឃ្មុំឆ្នាំនេះប្លែកជាងរាល់ដងបន្តិច គឺពួកគេត្រូវតែយកទាំងសម្បុក ទាំងក្បាលទឹកឃ្មុំយកមកលក់ឱ្យអតិថិជនតែម្ដង ព្រោះនាពេលកន្លងទៅ តាមតំបន់ផ្សេងៗ ឮគេថាមានអ្នកលក់ទឹកឃ្មុំក្លែងក្លាយមួយចំនួនតូច។ រូបភាពទាំនោះហើយ ដែលធ្វើឱ្យពួកគេបាត់បង់ទំនុកចិត្តពីសំណាក់មហាជន។
យុវជន អ៊ុន សាមៀង បានបញ្ជាក់ថា ពួកគេដើររុករកយកទឹកឃ្មុំព្រៃដោយផ្ទាល់ ដូច្នេះសូមកុំមានការសង្ស័យតម្រូវឱ្យពួកគេនាំគ្នាយកឃ្មុំទាំងក្បាលទឹកមក ដើម្បីបញ្ជាក់ថា ទឹកឃ្មុំដែលពួកគេយកមកពីក្នុងព្រៃសុទ្ធ ឬមិនសុទ្ធ ព្រោះទឹកឃ្មុំរបស់ពួកគេ គឺធម្មជាតិពិតៗ ហើយបើអតិថិជនចង់បានគេពូតចេញក្បាលទឹក ជូនតាមតម្រូវការភ្លាមៗតែម្តង។

ចំណែក អ្នកស្រី ជ្រោម ដែង ត្រូវជាម្តាយមីងយុវជនរូបនេះ បានដើរជួយលក់ទឹកឃ្មុំក្មួយប្រុសរបស់ខ្លួន ហើយក៏បានអំពាវនាវទៅដល់ អតិថិជនគ្រប់រូប ដែលបានគាំទ្រទឹកឃ្មុំព្រៃសុទ្ធខេត្តមណ្ឌលគិរី សូមជួយគាំទ្របន្ថែមទៀត ព្រោះទឹកឃ្មុំព្រៃសុទ្ធតែជារបស់ធម្មជាតិពិតៗ ដែលយកចេញពីក្នុងព្រៃសហគមន៍ផ្ទាល់។ ព្រមទាំងបានសំណូមពរដល់អតិថិជនមេត្តាជួយទិញកុំមានការតថ្លៃ ព្រោះទឹកឃ្មុំព្រៃទម្រាំឡើងយកមកលក់ជូនអតិថិជន គឺមិនងាយស្រួលនោះទេ ពោលគឺមានការលំបាកខ្លាំងណាស់ ពួកគេត្រូវឡើងដើមឈើធំៗ ខ្ពស់ៗរាប់សិបម៉ែត្រទាំងប្រថុយ ដែលប្រឈមនឹងគ្រោះថ្នាក់គ្រប់វិនាទីទម្រាំតែបាន ឃ្មុំមួយបង្កងសម្រូតទម្លាក់ចុះមកក្រោម ដើម្បីលក់បានកម្រៃផ្គត់ផ្គង់ជីវភាពគ្រួសារ៕
អត្ថបទ៖រៀម សុខហេង


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី