ព័ត៌មានជាតិ
ការជួយពលរដ្ឋក្រីក្រ និងផ្តល់ការអប់រំដល់កុមារជួយឲ្យអ្នកស្រី ផាន់ លក្ខិណា ជាប់វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart
ការជួយកុមារក្រីក្រឲ្យទទួលបានការសិក្សាដោយឥតគិតថ្លៃ និងការជួយសង់ផ្ទះឲ្យពលរដ្ឋគ្មានផ្ទះសម្បែង គឺជាអំពើល្អ ដែលជួយឲ្យអ្នកស្រី ផាន់ លក្ខិណា ត្រូវបានជ្រើសតាំងជាបេក្ខនារីមួយរូបក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០ ហើយឥឡូវនេះ អ្នកស្រីបានជាប់ជាបេក្ខនារីម្នាក់ក្នុងចំណោមបុគ្គល ដែលត្រូវបានជ្រើសតាំង១០នាក់ សម្រាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូនេះ ហើយបើអ្នកស្រីត្រូវបានគេជ្រើសរើសជាអ្នកទទួលជយលាភី អ្នកស្រីនឹងទទួលបានប្រាក់រង្វាន់ចំនួន១ ម៉ឺនដុល្លារ។

អ្នកស្រី ផាន់ លក្ខិណា ដែលកើតក្នុងគ្រួសារក្រីក្រក្នុងរាជធានីភ្នំពេញ គឺជាអតីតបុគ្គលិករបស់អង្គការមិនមែនរដ្ឋាភិបាលរយៈពេល១០ឆ្នាំ។ ក្នុងអំឡុងពេលបំពេញការងារ អ្នកស្រីតែងតែងស្រម៉ៃចង់មានឱកាសមួយ ដើម្បីជួយយកអាសាពលរដ្ឋដែលជួបការលំបាក។ ជាក់ស្តែង ក្រោយការចាកចេញពលរដ្ឋសហគមន៍ដីក្រហម ក្នុងរាជធានីភ្នំពេញនៅឆ្នាំ២០០៩ អ្នកស្រីជាមួយនឹងស្វាមី បានជួយពួកគេបន្ទាប់ពីពលរដ្ឋទាំងនោះបានផ្លាស់ប្តូរទីលំនៅទៅរស់នៅក្នុងភូមិស្រះពោធិ៍ ឃុំភ្នំបាទ ស្រុកពញាឮ ខេត្តកំពង់ស្ពឺ ឬហៅថាសហគមន៍តង់ខៀវ។ អ្នកស្រីបានថ្លែងថា “នៅពេលនោះយើងបានជួយពួកគាត់ក្នុងនាមពួកខ្ញុំជាសប្បុរសជន។ ខ្ញុំបានចំណាយថវិកាផ្ទាល់ខ្លួន និងរៃអង្គាសប្រាក់ពីមិត្តភក្តិ ដើម្បីទិញសំពត់តង់ចែកជូនដល់ពលរដ្ឋទាំងនោះ ដោយសារឃើញពួកគាត់មានការលំបាក”។
នៅដើមឆ្នាំ២០១១ ដោយទទួលបានជំនួយពីសប្បុរសជននៅប្រទេសអូស្ត្រាលី អ្នកស្រីបានមកបង្កើតអង្គការមួយឈ្មោះថាអង្គការម៉ាណាជីវិត ជាមួយស្វាមីរបស់អ្នកស្រី។ ក្រោយមក អង្គការរបស់អ្នកស្រីក៏ទទួលបានជំនួយបន្ថែមពីព្រះវិហារគ្រីស្ទសាសនានៅប្រទេសកាណាដា និងណូវែលសេឡង់។ អ្នកស្រីបន្ថែមថា “ខ្ញុំកើតក្នុងគ្រួសារក្រីក្រ។ នៅពេលខ្ញុំឃើញពួកគាត់លំបាក វាធ្វើឲ្យខ្ញុំនឹកឃើញអតីតកាលរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំគិតថា ពួកគាត់គួរទទួលបានជំនួយដូចជាផ្ទះជាដើម។ ដូច្នេះខ្ញុំបានសម្រេចចិត្តបើកអង្គការនេះឡើងដើម្បីជួយពួកគាត់”។

បន្ទាប់មក អង្គការរបស់អ្នកស្រី បានសាងសង់កូនផ្ទះតូចៗចំនួន៩៣ខ្នង ជូនពលរដ្ឋសហគមន៍តង់ខៀវ និងអតីតពលរដ្ឋសហគមនបុរីកីឡា ដែលគម្រោងនេះបានបញ្ចប់នៅឆ្នាំ២០១៣ ហើយក្នុងពេលជាមួយគ្នានោះដែរ ក៏មានការបើកវគ្គបង្រៀនកុំព្យូទ័រដល់កុមារផងដែរ។
អ្នកស្រី ធី ស្រី អាយុ ៤៣ឆ្នាំ ដែលបានចាកចេញពីសហគមន៍ដីក្រហមទៅរកនៅក្នុងសហគមន៍តង់ខៀវ បានថ្លែងថា អ្នកស្រី និងក្រុមគ្រួសារជួបការលំបាកខ្លាំងនៅពេលរស់នៅក្នុងសហគមន៍តង់ខៀវដំបូង។ អ្នកស្រីថ្លែងថា “កាលពីពួកយើងមករស់នៅទីនេះដំបូង យើងរស់នៅក្នុងខ្ទមដែលយកឈើគងលើគ្នា ហើយប្រក់សំពត់តង់។ គាត់ [អ្នកស្រី ផាន់ លក្ខិណា] ជួយសង់ផ្ទះឲ្យយើង”។
ក្រោយមក ដើម្បីជួយដល់កុមារក្រីក្រនៅក្នុងតំបន់នោះ ឲ្យទទួលបានការសិក្សាចំណេះទូទៅ អង្គការរបស់អ្នកស្រីបានបង្កើតសាលារៀនមួយឈ្មោះថា សាលារៀនដើមស្វាយ នៅឆ្នាំ២០១៤ ដែលផ្តល់ការសិក្សាពីថ្នាក់ទី១ ដល់ទី៦។ សាលាដើមស្វាយបានផ្តល់ការសិក្សាដល់សិស្សចំនួន៣១៩ នាក់ ក្នុងពេលបើកដំណើរការពីឆ្នាំ២០១៤ ដល់២០១៩។ ជាអកុសល សាលាចំណេះទូទៅមួយនេះ បានបិទនៅឆ្នាំ២០១៩ ដោយសារកង្វះខាតមូលនិធិ។
សម្រាប់ឆ្នាំសិក្សា២០២១នេះ អង្គការម៉ាណាជីវិត បានផ្តល់ការសិក្សាដល់សិស្សចំនួន៦៥ នាក់ តាមរយៈការផ្តល់អាហារូបករណ៍ដល់ពួកគេពី៥០% ទៅ ១០០% ឲ្យទៅរៀននៅសាលាឯកជន។ ចំពោះគ្រួសារណា ដែលមានការខ្វះខាតខ្លាំង អង្គការរបស់អ្នកស្រីក៏ផ្តល់ការឧបត្ថម្ភជាសាច់ប្រាក់ និងអង្ករផងដែរ។ អង្គការក៏ទទួលបានមូលនិធិពីសប្បុរសជនមួយចំនួនទៀតផងដែរ។ អ្នកស្រី លក្ខិណាបានអំពាវនាវស្វែងរកជំនួយបន្ថែមទៀត ដើម្បីរក្សានិរន្តរភាពរបស់អង្គការ។ មានពេលខ្លះ អ្នកស្រីចំណាយថវិកាផ្ទាល់ខ្លួនដែលជាប្រាក់ចំណូលរបស់គ្រួសារ ដើម្បីរក្សាលំនឹងរបស់អង្គការក្នុងពេលខ្វះខាតមូលនិធិ ជាពិសេសក្នុងពេលកើតមានជំងឺកូវីដ-១៩ ដែលសប្បុរសជននិងព្រះវិហារដែលជាម្ចាស់ជំនួយបានផ្អាក និងកាត់បន្ថយជំនួយ។




អំពើល្អទាំងនេះហើយ ដែលឆ្លើយតបទៅនឹងកម្មវិធីពានរង្វានពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយនៃយុទ្ធនាការ “ឆ្ពោះទៅមុខរួមគ្នា” របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និង សហគមន៍របស់ខ្លួន។

ការប្រកាសជយលាភីរបស់កម្មវិធីពលរដ្ឋគំរូ Smart ដែលដើមឡើយគ្រោងធ្វើនៅថ្ងៃទី២៧ មីនា ឆ្នាំ២០២១ ត្រូវបានពន្យារពេល ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ កាលបរិច្ឆេទថ្មីនឹងត្រូវជូនដំណឹងនៅពេលក្រោយ។ ដើម្បីចូលមើលវីដេអូអំពីអ្នកស្រី ផាន់ លក្ខិណា សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://www.facebook.com/watch/?v=736701273670822 ហើយសម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ