Connect with us

ព័ត៌មានជាតិ

នីតិកាលទី៧ នៃរដ្ឋសភា មានតំណាងរាស្ត្រចំនួន ៦រូប ជាខ្មែរឥស្លាម

បានផុស

នៅ

សុខដុមនីយកម្មជាតិសាសន៍ និងសាសនា បាននាំឱ្យសហគមន៍ឥស្លាមនៅកម្ពុជាទទួលបាននូវសិទ្ធិសេរីភាព និងជំនឿសាសនារបស់ខ្លួនយ៉ាងពេញលេញ ជាពិសេសទទួលបានឱកាសចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការផ្ដល់តួនាទីដឹកនាំក្នុងក្របខណ្ឌរដ្ឋ តាមក្រសួង-ស្ថាប័នជាច្រើន។ តួយ៉ាង នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា មានតំណាងរាស្ត្រចំនួន ៦រូប គឺជាសាសនិកឥស្លាម។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហគមន៍ខ្មែរឥស្លាម ដែលកំពុងកាន់តួនាទីជាសមាជិករដ្ឋសភា និងជាតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧នេះ គឺរួមមាន៖

១/ លោក ម៉ូត យូសុះ

លោក ម៉ូត យូសុះ ជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១)។

២/ លោកស្រី កុប ម៉ារីយ៉ាស

ជាស្រ្តីខ្មែរឥស្លាម លោកស្រី កុប ម៉ារីយ៉ាស បានជាប់ឆ្នោតជាតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលខេត្តកំពង់ឆ្នាំង ​និងក្នុងអាណត្តិជាតំណាងរាស្ត្រនេះ លោកស្រី ក៏ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥)។

៣/ លោក ម៉ាត់ សេត

លោក ម៉ាត់ សេត ជាតំណាងរាស្ត្រខ្មែរឥស្លាមនៅមណ្ឌលខេត្តកំពត ហើយលោក គឺកំពុងកាន់ជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧)។

៤/ លោក សុះ មុះសិន

ជាតំណាងរាស្ត្រខ្មែរឥស្លាមរបស់គណបក្សប្រជាជនកម្ពុជានៅមណ្ឌលខេត្តកណ្ដាល លោក សុះ មុះសិន ក្នុងនីតិកាលទី ៧នេះ ទទួលបានការជ្រើសរើសឱ្យកាន់ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥)។ បច្ចុប្បន្ន សាសនិកឥស្លាមរូបនេះ ក៏មានតួនាទីជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ផងដែរ។

៥/ លោក រ៉ូហ្វី អូស្មាន

លោក រ៉ូហ្វី អូស្មាន គឺជាតំណាងរាស្ត្រវ័យក្មេងម្នាក់របស់គណបក្សប្រជាជនកម្ពុជាសម្រាប់មណ្ឌលខេត្តពោធិ៍សាត់ ដែលជាជនជាតិខ្មែរឥស្លាម។ ក្នុងអាណត្តិទី៧នេះ លោក រ៉ូហ្វី អូស្មាន គឺ មានតួនាទីជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩)។

៦/ លោក លី ស៊ុគ្រី

លោក លី ស៊ុគ្រី ជាខ្មែរឥស្លាម ជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាសមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨)។

ជាការកត់សម្គាល់ តំណាងរាស្ត្រទាំង៦រូបរបស់គណបក្សប្រជាជនកម្ពុជា ដែលជាសាសនិកឥស្លាមខាងលើ គឺបានជាប់ឆ្នោតក្លាយជាសមាជិករដ្ឋសភា ពីរអាណត្តិមកហើយ ពោលគឺនីតិកាលទី៦ ក្នុងឆ្នាំ២០១៨ បន្តមកដល់នីតិកាលទី៧នេះ សម្រាប់អាណត្តិឆ្នាំ២០២៣-២០២៨៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម