ព័ត៌មានជាតិ
មានអ្នកផ្ទុកមេរោគរបេង និងជំងឺរបេង៣៥%ផ្សេងទៀតមិនទាន់ទទួលការធ្វើរោគវិនិច្ឆ័យនិងព្យាបាលនៅឡើយទេ
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននេះមានអ្នកផ្ទុកមេរោគរបេង និងមានជំងឺរបេងប្រមាណ ៣៥% ផ្សេងទៀតនៅមិនទាន់ទទួលការធ្វើរោគវិនិច្ឆ័យ និងទទួលបានការព្យាបាលនៅឡើយទេ ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជួយបង្កើនការស្រាវជ្រាវ និងរកអ្នកទាំងនោះមកព្យាបាលឱ្យបានទាន់ពេលវេលា។

ថ្លែងក្នុងកម្មវិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការគម្រោង SHIFT-TB and SAPPHIRE នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារីនៅព្រឹកថ្ងៃទី៤មេសានេះ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឱ្យដឹងថា «ការជំរុញឱ្យអ្នកដែលរស់នៅជាមួយអ្នកជំងឺរបេង រួមទាំងកុមារ ដែលមិនទាន់ធ្លាក់ខ្លួនឈឺទទួលបាននូវការព្យាបាលបង្ការជំងឺរបេងទាន់ពេលវេលា និងការផ្លាស់ប្តូរឥរិយាបថហានិភ័យសុខភាពផ្ទាល់ខ្លួនតាមរយៈការទទួលបាននូវសារអប់រំសុខភាពនៅតាមសហគមន៍ និងតាមរយៈយន្តការផ្សព្វផ្សាយផ្សេងៗ»។

លោកស្រីវេជ្ជបណ្ឌិតបានបន្តថា ព្រឹត្តិការណ៍នៃការប្រកាសដាក់ឱ្យដំណើរការគម្រោងពង្រឹងប្រព័ន្ធសុខាភិបាលតាមរយៈសមាហរណកម្មបទអន្តរាគមន៍លើកត្តាហានិភ័យ និងការស្វែងរកករណីរបេង ហៅកាត់ថា គម្រោង (SHIFT-TB) និងគម្រោងភាពជាដៃគូរអាស៊ីប៉ាស៊ីហ្វិក និងទីក្រុងស៊ីដនីសម្រាប់វិស័យសុខាភិបាលបែបនវានុវត្តន៍ និងប្រព័ន្ធអេកូឡូស៊ីមានភាពធន់ ហៅកាត់ថា គម្រោង(SAPPHIRE) បាន បង្ហាញផងដែរពីកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាបំផុតរបស់មជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន ក្នុងភាពជាដៃគូជាមួយនឹងអង្គការ KHANA ព្រមទាំងអង្គការដៃគូដទៃផ្សេងទៀត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្រ្តីសុខាភិបាលទាំងអស់ ជាមួយនឹងកិច្ចសហការគ្នាបានយ៉ាងល្អ ក្នុងការរួមគ្នាឆ្ពោះទៅបញ្ចប់ជំងឺរបេងតាមរយៈការពន្លឿនការស្វែងរកអ្នកដែលរស់នៅជាមួយមេរោគរបេងតែមិនទាន់បាន
ធ្វើរោគវិនិច្ឆ័យ ឱ្យទទួលបានការពិនិត្យ និងធ្វើរោគវិនិច្ឆ័យជំងឺរបេង និងជួយពួកគេឱ្យទទួលបានការព្យាបាលទាន់ពេល។

លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការ KHANA និងជាប្រធានគម្រោង SHIFT-TB និង SAPPHIRE បានលើកឡើងថា គម្រោងទាំងពីរនេះមានរយៈពេល៤ឆ្នាំ ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៨ និងមានថវិកា ប្រមាណ ២.៩ លានយូរ៉ូ ទទួលបានមូលនិធិគាំទ្រពី L’Initiative/Expertise France។ គម្រោងនេះដំណើរការដោយសហការជាមួយគម្រោង SAPPHIRE ដែលផ្តល់មូលនិធិដោយក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលីតាមរយៈសាកលវិទ្យាល័យ ស៊ីដនី។ គម្រោងនេះមានគោលដៅពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជា តាមរយៈការស្វែងរកករណីរបេង ក្នុងសហគមន៍ទាំងមូល និងផ្តល់សេវាកម្មរួមបញ្ចូលគ្នាដែលទាក់ទងនឹងកត្តាហានិភ័យរបស់ជំងឺរបេង។ លោកបានបន្តទៀតថា គម្រោងទាំងពីរនេះនឹងអនុវត្តដោយអនុលោមជាមួយនឹងផែនការយុទ្ធសាស្ត្រជាតិកំចាត់រោគរបេងឆ្នាំ២០២១- ២០៣០ យុទ្ធសាស្ត្របញ្ចប់ជំងឺរបេងរបស់អង្គការសុខភាពពិភពលោក និងយុទ្ធសាស្ត្រជំងឺរបេងសាកលដើម្បីកាត់បន្ថយ បន្ទុកជំងឺរបេងនៅកម្ពុជា។ គម្រោងនេះដឹកនាំអនុវត្តដោយ អង្គការសម្ព័ន្ធភាពខ្មែរប្រយុទ្ធនឹងជំងឺអេដស៍ហៅកាត់ថា អង្គការខាណា (KHANA) ក្នុងភាពជាដៃគូជាមួយអង្គការសមាគមកម្ពុជាកំចាត់រោគរបេង (CATA) អង្គការសម្ព័ន្ធសុខភាព កុមារ និងសុខភាពបន្តពូជ (RACHA),អង្គការបណ្តាញអ្នករងផលប៉ះពាល់ដោយជំងឺរបេងនៅកម្ពុជា (TBPeople Cambodia), សាកលវិទ្យាល័យស៊ីដនី (USYD), និងសាកលវិទ្យាល័យជាតិសឹង្ហបុរី(NUS)។ គម្រោងនេះនឹងមានអន្តរាគមន៍រួមបញ្ចូលកត្តាប្រឈមនានា និងការស្វែងរកករណីរបេង ឬ (SHIFT-TB) នឹងត្រូវអនុវត្តជាបីជុំ ក្នុងភូមិទាំង ៩០ជាមួយនឹងប្រជាជនជាគោលដៅទាំងអស់ក្នុងភូមិទាំង៩០នេះគ្របដណ្តប់ខេត្តចំនួន២គឺខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ។

លោកស្រីវេជ្ជបណ្ឌិត បានបន្តទៀតថា ការបន្តជួយពីរដ្ឋាភិបាលបារាំង និងរដ្ឋាភិបាលអូស្រ្តាលីដល់ពលរដ្ឋកម្ពុជា គឺជាការរួមចំណែកដ៏សំខាន់ក្នុងការជួយដល់កម្ពុជា ឆ្ពោះទៅរកការបញ្ចប់ជំងឺរបេងនៅឆ្នាំ២០៣០ ក៏ស្របជាមួយនឹងគោលដៅទីបី “សុខភាព និងសុខមាលភាពល្អ“ នៃគោលដៅអភិវឌ្ឍប្រកប ដោយចីរភាពរបស់កម្ពុជានាឆ្នាំ២០៣០ ផងដែរ ក្នុងការ
ធានាបាននូវការរស់នៅប្រកបដោយផាសុខភាព និងលើកកម្ពស់សុខមាលភាពសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូបនៅគ្រប់វ័យដោយមិនទុកនរណាចោល ដែលជាចក្ខុវិស័យម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការឆ្ពោះទៅសម្រេចបានគោលដៅគ្របដណ្តប់សុខភាពជាសាកលនៅឆ្នាំ២០៣៥។

លោកស្រីវេជ្ជបណ្ឌិតស្នើឱ្យមានការបន្តនូវកិច្ចសហការគ្នារវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងសូមបន្តជួយបង្កើននូវការស្វែងរកអ្នកដែលមានផ្ទុកមេរោគរបេង និងមានជំងឺរបេង ដែលមានប្រមាណ៣៥%ផ្សេងទៀតដែលនៅមិនទាន់ទទួលការធ្វើរោគវិនិច្ឆ័យ និងទទួលបានការព្យាបាល។
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់