ព័ត៌មានជាតិ
វិថីអាហារដែលមានរចនាបថខ្មែររួមនឹងការបង្ហាញពីវប្បធម៌ប្រពៃណីជាតិ និងលេចរូបរាងចំកណ្តាលក្រុងកំពត
កំពត ៖ នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៥ លោកម៉ៅ ធនិន អភិបាលខេត្តកំពតបានដឹកនាំមន្ត្រីពាក់ព័ន្ធដើម្បីកែលម្អសោភ័ណភាពក្រុងកំពត ក៏ដូចជាបង្ហាញពីរចនាបទខ្មែរ រួមនឹងវប្បធម៌ប្រពៃណីជាតិខ្មែរដល់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាយុវជនជំនាន់ក្រោយបានឃើញ អាជ្ញាធរខេត្តកំពតនឹងរៀបចំវិធីអាហារនៅចំកណ្តាលក្រុងកំពត ដែលស្តង់លក់ដូរមានរចនាបថខ្មែរ ជាមួយនឹងការស្លៀកពាក់បែបប្រពៃណីខ្មែររបស់អាជីវករដើម្បីត្រៀមនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោកម៉ៅ ធនិន អភិបាលខេត្តកំពត រួមជាមួយអាជ្ញាធរក្រុងកំពត មន្ទីរជំនាញពាក់ព័ន្ធ បានចុះពិនិត្យទីតាំងវិថីអាហារ និងសួនច្បារចាប់ពីផ្សារក្រណាត់រហូតដល់សួនដើមពោធិ៍បេនឡានខេត្ត ដើម្បីរៀបចំនឹងកែលម្អសោភ័ណភាពឱ្យបានស្អាត និងទាក់ទាញភ្ញៀវទេសចរ។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្តបានមានប្រសាសន៍ថា ខេត្តកំពតក្រោមការដឹកនាំ ចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អាជ្ញាធរខេត្តបានខិតខំរៀបចំកែលម្អសោភ័ណភាពខេត្ត ពិសេសក្រុងកំពតឱ្យមានភាពទាក់ទាញពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងន័យដើម្បីទាក់ទាញភ្ញៀវទេសចរក៏ដូចជាបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត តាមរយៈវិស័យទេសចរណ៍។

ក្នុងដំណើរចុះពិនិត្យទីតាំងកែលម្អសោភ័ណភាពនេះដែរ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងដែរថា ការកែលម្អសោភ័ណភាពវិថីអាហារ និងសួនច្បារចាប់ពីផ្សារក្រណាត់រហូតដល់សួនដើមពោធិ៍បេនឡានខេត្ត និងចាប់ផ្តើមក្នុងពេលដ៏ខ្លីខាងមុខនេះ ដោយវិថីអាហារគឺត្រូវរៀបចំតូបលក់ដូរដែលមានរចនាបថរបស់ខ្មែរ និងតម្រូវឱ្យអាជីវករដែលលក់ដូរទាំងអស់ត្រូវស្លៀកពាក់តាមបែបប្រពៃណីជាតិ ក្នុងន័យដើម្បីបង្ហាញអំពីវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ដ៏ផូរផងរបស់ខ្មែរទៅកាន់ភ្ញៀវទេសចរបរទេស ពិសេសជាគម្រូដល់យុវជនជំនាន់ក្រោយ។

លោកអភិបាលខេត្តបានបន្តថា ក្រោយពីវិថីអាហារ និងសួនច្បារចាប់ពីផ្សារក្រណាត់រហូតដល់បេនឡានរៀបចំរួច ទីតាំងទាំងនេះនឹងក្លាយជាតំបន់ដែលទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកលេងកម្សាន្តច្រើន ហើយក៏នឹងជួយផ្តល់ចំណូលដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអាជីវករផងដែរ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរក្រុងកំពត ពិសេសមន្ទីរជំនាញពាក់ព័ន្ធ ត្រូវចុះធ្វើបច្ចុប្បន្នភាពអាជីវករដែលលក់ដូរពិតប្រាកដនៅទីតាំងវិថីអាហារនេះផ្ទាល់ ដើម្បីផ្តល់តូបលក់ដូរថ្មីជូនដោយឥតគិតថ្លៃជូនពួកគាត់ ហើយប្រសិនបើមានអ្នកទាថ្លៃឈ្នួល ឬប្រាក់ប្រចាំខែសូមរាយការណ៍មកកាន់លោកផ្ទាល់ដើម្បីមានវិធានការ ព្រោះទីតាំងនេះគឺជាដីសាធារណៈរបស់រដ្ឋ មិនមានបុគ្គលណាម្នាក់ជាអ្នកគ្រប់គ្រងឡើយ។

ក្រុមអាជីវករដែលលក់ដូរលើវិថីអាហារទាំងអស់ បានសំដែងការសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតចំពោះលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលតែងតែគិតគូរជានិច្ចពីសុខទុក្ខ និងតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសអាជីវករលក់ដូរដូចពួកគាត់។

ក្រុមអាជីវករបានបន្តថា ខេត្តកំពតក្រោមការដឹកនាំរបស់លោកអភិបាលខេត្ត បានធ្វើឱ្យជីវភាពរបស់ពួកគាត់មានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការគំនិតច្នៃប្រឌិតដ៏ប៉ិនប្រសប់ក្នុងការបង្កើតនូវសមិទ្ធិផលទេសចរណ៍ឯកថ្មីៗ និងមានភាពទាក់ទាញខ្លាំងដែលបច្ចុប្បន្ននេះកំណើនភ្ញៀវទេសចរជាតិ អន្តរជាតិមានការកើនឡើយជាលំដាប់៕
ដោយ ៖ សឹង រ៉ាត់







-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់