ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាបចុះសួរសុខទុក្ខកងទ័ពឈរជើងនៅព្រំដែនស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបលោក លី សំរិទ្ធ បានដឹកនាំប្រតិភូនៃរដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃទី៥ ខែមេសា ដើម្បីទៅសួរសុខទុក្ខនិងចែកអំណោយដល់អង្គភាព កងពលតូចអន្តរាគមន៍លេខ៥ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ២ ឈរជើងនៅឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាសមរភូមិជួរមុខទិសទី៣ នៃយោធភូមិភាគទី៤ និងជាអង្គភាពសម្ព័ន្ឋមេត្រីភាពជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។

ក្នុងឱកាសនោះអភិបាលរងខេត្តសៀមរាបលោក លី សារី បានជំរុញលើកទឹកចិត្ត ដល់នាយទាហាន ពលទាហានទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ ហ្វឹកហាត់ក្បួនយុទ្ឋសាស្ត្រឲ្យបានជាប្រចាំ និងត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការជួយអន្តរាគមន៍ទៅនឹងសភាពការណ៍ណាមួយកើតឡើងជាយថាហេតុ ទោះបីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ មានសភាពស្ងប់ស្ងាត់ យ៉ាងណាក៏ដោយ។ លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧នៃរដ្ឋសភា តែងតែបានបំផុសឲ្យមានទំនាក់ទំនង ចងសម្ព័ន្ធមេត្រីភាពរវាងសមរភូមិក្រោយ និង សមរភូមិមុខ និងតែងតែបានជួបជុំគ្នា ដើម្បីសួរសុខទុក្ខ និង ចែករំលែកនូវសេចក្តីស្រឡាញ់ តាមរយៈនៃការផ្តល់នូវគ្រឿងឧបភោគបរិភោគ និងការឧបត្ថម្ភផ្សេងៗ ដល់នាយទាហាន និងពលទាហាននៅទីនេះជារៀងរាល់ឆ្នាំ លើកលែងតែក្នុងអំឡុងពេលនៃការរីក រាលដាលនៃជំងឺកូវីដ-១៩ប៉ុណ្ណោះ ដែលប្រតិភូខេត្តខកខានមិនបានចុះសាកសួរសុខទុក្ខ។

លោក លី សារី ក៏បានលើកសម្តែងភាពស្ញប់ស្ញែងចំពោះកងទ័ពកម្ពុជា នូវវីរៈភាពអង់អាចក្លាហាន តស៊ូលះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងបូរណភាពដែនដីនិងបាន ធ្វើឲ្យសមរភូមិប្រយុទ្ធនៅព្រំដែន បានក្លាយជាតំបន់ព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការនិង ការអភិវឌ្ឍន៍។
លោកក៏បានផ្តាំផ្ញើដល់បងប្អូនកងកម្លាំងទាំងអស់ ស្គាល់ច្បាប់ពីតួនាទីភារកិច្ចកងទ័ព គឺត្រូវឈរលើជំហរដាច់ខាត ក្នុងការការពាររាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ និង ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសុខភាព អនាម័យ និង ធ្វើការកសាងជម្រកក្នុងអង្គភាព និងហាត់កីឡាដើម្បីសុខភាពរាងកាយរឹងមាំ ដាំដុះដំណាំបន្លែបង្កា ចិញ្ចឹមសត្វ ដើមី្បផ្គត់ផ្គង់ដល់ជីវភាពក្នុងអង្គភាព និង គ្រួសារកងទ័ព ជាពិសេសលើការគ្រប់គ្រង និង ថែរក្សាអាវុធយុទ្ឋភ័ណ្ឌបានល្អ និងចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព សំដៅឆ្ពោះទៅការអភិវឌ្ឍន៍រីកចម្រើន រក្សាបាននូវសុខសុវត្ថិភាពក្នុងមូលដ្ឋានដែលខ្លួនឈរជើង។

ក្នុងនាមខេត្តសម្ព័ន្ធមេត្រីភាព ជាមួយកងពលតូចអន្តរាគមន៍លេខ៥ គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាប បាននាំយកនូវ អំណោយជាគ្រឿងឧបភោគបរិភោគ ចំនួន២២មុខ ក្នុងនោះថវិកា២០លានរៀល និង មី១៥០កេស,ស្រាបៀរ ៥០កេស,គ្រឿងភេជ្ជះ ៥០កេស, ទឹកសុទ្ធ ២០០យូរ,ត្រីខ ១០កេស ,ប្រេងម៉ាស៊ូត ២ពាន់លីត្រ ,ស័ង្គសី ២ពាន់សន្លឹក ពុយដាក់ប្រេង ១០ និង អំពូលសូឡា ៥គ្រឿង ,គោ ២ក្បាល , ជ្រូក៤ក្បាល ,សាច់មាន់៣៥គក្រ និង ក្រៅពីនោះជាគ្រឿងឧបភោគបរិភោគ និងជូនដល់បងប្អូនពលទាហានម្នាក់ៗ ២ម៉ឺនរៀលផងដែរ ។ ក្នុងនោះឧបត្ថម្ភដល់កងពលធំអន្តរាគមន៍លេខ២ មាន ស្រាបៀរ៥០កេស, មី ៧០កេស ,ថវិកា ៦លានរៀល និង ឧបត្ថម្ភដល់ថវិកាដល់វរៈសេនាតូចការពារព្រំដែនលេខ១ របស់តំបន់ប្រតិបត្តិការសឹកសៀមរាប ចំនួន ៣០លានរៀលផងដែរ ៕
ដោយ៖ គឿនវេត

-
សន្តិសុខសង្គម២ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់