ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ចង់បង្កើនបុគ្គលិកពេទ្យកុមារជាតិឱ្យបាន ៤ ពាន់នាក់ និងគ្រែពេទ្យជិត ២ ពាន់គ្រែ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានបំណងចង់បង្កើនបុគ្គលិកមន្ទីរពេទ្យកុមារជាតិ ឱ្យបាន ៤ ពាន់នាក់ និងគ្រែពេទ្យសម្រាប់កុមារសម្រាកព្យាបាលជំងឺឱ្យបានជិត ២ ពាន់គ្រែ ទៅថ្ងៃអនាគត។

ថ្លែងក្នុងសន្និបាតបូកសរុបការងារឆ្នាំ ២០២៤ និងលើកទិសដៅឆ្នាំ ២០២៥ របស់មន្ទីរពេទ្យកុមារជាតិ កាលពីពេលថ្មីៗ នេះ លោករដ្ឋមន្ត្រី បានបន្តថា «តាមខ្ញុំប្រមើលមើលទៅទំហំ និងទីតាំងដីនៅមន្ទីរពេទ្យកុមារជាតិនេះ ត្រូវមានគ្រែអ្នកជំងឺប្រមាណពី ១ ៩០០ ឬ ២ ០០០ គ្រែ ខណៈឆ្នាំ ២០២៥ មាន ៤៥០ គ្រែ និងមានបុគ្គលិក ៤ ០០០ នាក់ ទើបក្លាយជាមន្ទីរពេទ្យថ្នាក់ជាតិបាន»។

លោករដ្ឋមន្ត្រី បានបន្តទៀតថា ការបង្កើនចំនួនគ្រែ និងបុគ្គលិកនេះ ដោយសារភារកិច្ចរបស់មន្ទីរពេទ្យនេះ មិនត្រឹមតែព្យាបាលជំងឺកុមារប៉ុណ្ណោះទេ តែត្រូវទុកកម្លាំងមួយចំនួនសម្រាប់បណ្តុះបណ្តាលបន្តដល់គ្រូពេទ្យផ្សេងៗ ទៀត ដែលមកពីតាមបណ្តាខេត្តផ្សេងៗ ផងដែរ។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៤ មន្ទីរពេទ្យកុមារជាតិ មានបុគ្គលិកសរុបចំនួន ៧៨០ នាក់ ក្នុងនោះ បុគ្គលិកស្រីមាន ៤៥១ នាក់ ស្មើ ៥៧% ប្រុសមាន ៣២៩ នាក់ ស្មើ ៤៣% មន្ត្រីរាជការចំនួនសរុប ៤៥៦ នាក់ ប្រុស ២២៥ នាក់ ស្រី ២៣១ នាក់ បុគ្គលិកជាប់កិច្ចសន្យា ប្រើប្រាស់ថវិការដ្ឋ) ចំនួន ៥៨ នាក់ ប្រុស ១៩ នាក់ ស្រី ៣៩ នាក់ បុគ្គលិកជាប់កិច្ចសន្យា ប្រើប្រាស់ថវិកាមន្ទីរពេទ្យចំនួន ២៦៤ នាក់ ប្រុស ៨៤ នាក់ ស្រី ១៨០ នាក់ មន្ត្រីចូលនិវត្តន៍ក្នុងឆ្នាំ ២០២៤ មាន ៩ នាក់ ប្រុស ៦ នាក់ ស្រី ៣ នាក់ មន្ត្រីស្រី ១ នាក់ សុំលាឈប់ពីការងារ និងទំនេរគ្មានបៀវត្ស ចំនួន ៥ នាក់ ប្រុស ១ នាក់ ស្រី ៤ នាក់។

លោកវេជ្ជបណ្ឌិត បានប្ដេជ្ញាថា ដើម្បីចូលរួមឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការលើកកម្ពស់គុណភាពលើវិស័យសុខាភិបាល រួមជាមួយនឹងការគាំទ្រមិនចេះនឿយហត់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកមន្ទីរពេទ្យកុមារជាតិទាំងអស់ សូមធ្វើការប្តេជ្ញាចិត្តយ៉ាងក្លៀវក្លាក្នុងការចូលរួមលើកកម្ពស់សេវារបស់ មន្ទីរពេទ្យកុមារជាតិ ទាំងបរិមាណ និង គុណភាព ដោយផ្តោតជាពិសេសទៅលើ ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីពង្រឹងសេវាមន្ទីរពេទ្យកុមារជាតិឱ្យឈានទៅដល់កម្រិតបទដ្ឋានមួយដែលផ្តល់នូវទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។

លោកវេជ្ជបណ្ឌិត បានអះអាងទៀតថា តាមរយៈអង្គសន្និបាតឆ្នាំនេះ នឹងជជែកពិភាក្សាគ្នាក្នុងការស្វែងរកចំណុចល្អៗ ដើម្បីដាក់ចូលទៅក្នុងផែនការសកម្មភាពឆ្នាំ ២០២៥ ឈានឆ្ពោះទៅកែរកការកែលម្អនូវចំណុចខ្វះខាតបាន កើតឡើងនៅក្នុងឆ្នាំ ២០២៤ ប្រកបដោយក្តីសង្ឃឹមយ៉ាងមុតមាំថា ឆ្នាំ ២០២៥ ខាងមុខ ពិតជាទទួលបាននូវកំណើនអតិថិជនថែមទៀត ដោយប្រើប្រាស់សេវាមន្ទីរពេទ្យកុមារជាតិបានកាន់តែច្រើនថែមទៀត៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល