ព័ត៌មានជាតិ
ក្នុងស្ថានភាពតានតឹងផ្នែកពាណិជ្ជកម្ម ជប៉ុនប្រកាសប្រកៀកស្មាជាមួយកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ
ស្ថិតនៅក្នុងស្ថានការណ៍ដែលពិភពលោកកំពុងជួបភាពតានតឹងផ្នែកពាណិជ្ជកម្ម ជប៉ុនបានប្រកាសប្រកៀកស្មាជាមួយកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឱ្យបានតែរឹងមាំបន្ថែមទៀត ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន។

ការប្រកាសនេះ បានធ្វើឡើងតាមរយៈឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី ក្នុងជំនួបទទួលទានអាហារជាមួយលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភានៃកម្ពុជា នាល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជំនួបរវាងភាគីទាំងពីរ គឺបានជជែកគ្នាពីការពង្រឹងមិត្តភាពកម្ពុជា-ជប៉ុន។

លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-ជប៉ុន បានគូសរំលឹកអំពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលមានឡើងតាំងពីឆ្នាំ១៩៥៣ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលបានពង្រឹងពង្រីកឥតឈប់ឈរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងជាពិសេសតាមរយៈកំណើនពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
លោកអនុប្រធានព្រឹទ្ធសភា និងលោកឯកអគ្គរាជទូតជប៉ុន ក៏បានពិភាក្សាគ្នាពីស្ថានភាពពិភពលោក ជាពិសេសសង្រ្គាមពាណិជ្ជកម្ម ដែលកំពុងតែតឹងតែងក្នុងពេលបច្ចុប្បន្ន។ ជុំវិញបញ្ហាពាណិជ្ជកម្មនេះ លោកបណ្ឌិត ធន់ វឌ្ឍនា បានបញ្ជាក់ពីភាពចាំបាច់នៃការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូរវាងកម្ពុជា-ជប៉ុន។
លោកអនុប្រធានព្រឹទ្ធសភា បានលើកឡើងទៅកាន់លោកឯកអគ្គរាជទូតជប៉ុន ដូច្នេះថា «នៅក្នុងស្ថានភាព ដែលពិភពលោកកំពុងតែជួបការធ្លាក់ចុះនៃពហុភាគីនិយម និងភាពមិនច្បាស់លាស់នៃភូមិសាស្រ្តនយោបាយ កម្ពុជា និងជប៉ុន ចាំបាច់ត្រូវតែពង្រឹងទំនាក់ទំនង និងមិត្តភាព ឱ្យកាន់តែខ្លាំងឡើងជាងពេលណាៗទាំងអស់»។ នេះជាសម្រង់សម្ដីដែលបានចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ព្រឹទ្ធសភាកម្ពុជា។

ឯកភាពនឹងការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់កម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសម្តែងការគាំទ្រ ដោយបញ្ជាក់ពីជំហររបស់ជប៉ុន ដែលនឹងឈរជាប់ជាមួយកម្ពុជា ដើម្បីវិបុលភាពរបស់ប្រទេសទាំងពីរផង និងតំបន់ផង។
ជាការកត់សម្គាល់ ស្ថិតក្នុងបរិការណ៍ ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធគយលើទំនិញនាំចូលពីប្រទេសនានា រាប់ទាំងកម្ពុជា ដែលមានកម្រិតខ្ពស់បំផុតនោះ លោកអនុប្រធានទី២ព្រឹទ្ធសភា ក៏បានបង្ហាញក្ដីរំពឹងថា ប្រធានាធិបតី ត្រាំ នឹងបន្ធូរពន្ធសម្រាប់កម្ពុជា និងប្រទេសជាច្រើនទៀត តាមរយៈការចចារគ្នា៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២០ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា