Connect with us

ព័ត៌មានជាតិ

អ.ស.ប​​ និងដៃគូអភិវឌ្ឍន៍ ប្រកាសបន្តគាំទ្រជួយឱ្យកម្ពុជា​គ្មានមីន​ត្រឹមឆ្នាំ២០៣០

បានផុស

នៅ

ទីភ្នាក់ងារអង្គការសហប្រជាជាតិ, តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាបន្តគាំទ្រកិច្ចសហប្រតិបត្តិការ លើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សំដៅចូលរួមចំណែកសម្រេចឱ្យបានគោលដៅកម្ពុជាគ្មានមីន ឆ្នាំ២០៣០។ ដៃគូរកម្ពុជា ប្រកាសបែបនេះ នៅចំពោះមុខសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចសន្ទនាជាន់ខ្ពស់ស្តីពី សកម្មភាពមីននៅកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែមេសា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការរួមចំណែកដ៏សំខាន់ពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន ទីភ្នាក់ងារអង្គការសហប្រជាជាតិ,​​ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងការកាត់បន្ថយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។

សម្តេចបវរធិបតី បានសង្កត់ធ្ងន់ថា សមិទ្ធផលទាំងនេះ បានធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរាប់លាននាក់ និងបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងជាលំដាប់។ សម្តេចបវរធិបតីក៏បានលើកឡើងពីការវិវត្តរបស់កម្ពុជាដែលបានប្រែក្លាយពីប្រទេសដែលទទួលជំនួយផ្នែកសកម្មភាពមីន ទៅជាប្រទេសដែលចូលរួមចំណែកយ៉ាងសកម្មក្នុងប្រតិបត្តិការបោសសម្អាតមីនជាសកល តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងការផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញបោសសម្អាតមីនមនុស្សធម៌ ទៅកាន់បណ្តាប្រទេសដែលរងផលប៉ះពាល់ដោយសារមីន។

ក្នុងឱកាសនេះដែរ, ទីភ្នាក់ងារអង្គការសហប្រជាជាតិ,​ តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចគួរឱ្យកត់សម្គាល់លើសកម្មភាពបោសសម្អាតមីននៅកម្ពុជា។ បន្ថែមលើនេះ, វាគ្មិនទាំងអស់ ក៏បានកោតសរសើរតួនាទីដ៏សកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈការចូលរួមក្នុងសកម្មភាពបោសសម្អាតមីនមនុស្សធម៌, ការចែករំលែកបទពិសោធន៍ និងការហ្វឹកហ្វឺនលើជំនាញបោសសម្អាតមីនមនុស្សធម៌ ព្រមទាំងបានសង្កត់ធ្ងន់ថា “បទពិសោធន៍ជោគជ័យរបស់កម្ពុជាគួរតែត្រូវបានចែករំលែកជាមួយនឹងបណ្ដាប្រទេសនៅលើសកលលោក”។

សម្ដេចបវរធិបតីបានបញ្ជាក់សាជាថ្មីថា វិស័យសកម្មភាពមីននៅតែជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ហើយកម្ពុជាបន្តខិតខំប្រឹងប្រែង ដើម្បីឈានទៅសម្រេចតាមគោលដៅដែលបានគ្រោងទុក ។

សម្តេចបវរធិបតីបានលើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធ ឱ្យបន្តសហការគាំទ្រ, ចូលរួម និងយកចិត្តទុកដាក់លើការងារបោសសម្អាតមីន,ការអប់រំពីគ្រោះថ្នាក់នៃគ្រាប់មីន, ការជួយស្ដារនីតិសម្បទាដល់ជនរងគ្រោះដោយសារគ្រាប់មីន,ការអភិវឌ្ឍសហគមន៍ក្រោយការបោសសម្អាតមីន, ការពង្រឹងសមត្ថភាពបច្ចេកទេស និងឧបករណ៍, ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៤ ផ្ទៃដីទំហំ៣ ២៩៧គីឡូម៉ែត្រ ការ៉េ ត្រូវបានបោសសម្អាតមីន សម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្មមាន៨១% ហេដ្ឋារចនាសម្ព័ន្ធមាន៤% និងផ្សេងៗមាន១៥% ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយមានប្រជាពលរដ្ឋទទួលផល ប្រមាណជាង១០លាននាក់។ មីនប្រឆាំង មនុស្សចំនួន១ ១៩៧ ២១៨គ្រាប់ មីនប្រឆាំងរថក្រោះចំនួន២៦ ៥៦៧គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ១៩៦ ៧០៤គ្រាប់ ត្រូវបានរកឃើញនិងបំផ្លាញចោល។

ចាប់ពីឆ្នាំ២០២២មក កម្ពុជា ប្រកាសរាជធានី ខេត្តចំនួន១៥ ជារាជធានី ខេត្តអស់មីន រួមមានខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។

កម្ពុជានៅសល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជា ១ ៥៧៧ គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋជាង ១លាននាក់ កំពុងបន្តរស់នៅលើតំបន់សង្ស័យទាំងនោះ។ នេះបើតាមការឱ្យដឹងរបស់ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលពីចុងខែកម្ពុជា ក្នុងពិធីប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន២៤ កុម្ភៈ។

កម្ពុជា ដាក់ផែនការបោសសម្អាតមីនឱ្យអស់ពីផ្ទៃប្រទេសកម្ពុជានៅត្រឹមឆ្នាំ២០៣០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម