Connect with us

ព័ត៌មានជាតិ

ប្រធានាធិបតីចិន ស៊ី ជីន ពីង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី១៧-១៨ ខែមេសា

បានផុស

នៅ

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ចេញនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមក្រសួងការបរទេស ក្នុងដំណើរទស្សនកិច្ចពីរថ្ងៃនៅកម្ពុជា ប្រធានាធិបតី ស៊ី ជីនពីង នឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ ប្រធានាធិបតីចិនរូបនេះ នឹងជួបពិភាក្សាជាមួយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហា តំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។


ក្រសួងការបរទេស ចាត់ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដែលត្រូវបានកសាងឡើងដោយថ្នាក់ដឹកនាំជាបន្តបន្ទាប់ នៃប្រទេស ទាំងពីរ។ ទស្សនកិច្ចនេះក៏នឹងបង្កើនសារៈសំខាន់បន្ថែមទៀតដល់ចំណងមិត្តភាពដែកថែប និងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រជាជាតិទាំងពីរ។

ក្រសួងការបរទេស រំពឹងថាឯកសារជាច្រើន នឹងត្រូវបានចុះហត្ថលេខា ក្នុងឱកាសទស្សនកិច្ចនេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យនានា។

កាលពីថ្ងៃទី០៣ ខែមេសា ក្នុងពេលជួបជាមួយកងកម្លាំងក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ លោក ស ថេត មេប៉ូលិសជាតិ ក៏បានប្រាប់ឱ្យកងកម្លាំងត្រៀមការពារសុវត្ថិភាពក្នុងកម្រិតខ្ពស់ដល់គណៈប្រតិភូដែលបំពេញទស្សនកិច្ចនៅកម្ពុជារួចមកហើយផងដែរ។

កម្ពុជា និង​ចិន​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ប៉ុន្តែទំនាក់​ទំន​ង​​រវាងប្រទេសទាំងពីរមានតាំងពីសតវត្សរ៍ទី១៣មកម្ល៉េះ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង និង​ដៃគូ​ជិតស្និទ្ធ​ជា​ប្រពៃ​ណី កម្ពុជា និង​ចិន​បាន​បង្កើត​ និងថ្នមថែ​ចំណង​មិត្តភាព​ «​​ដែកថែប​» ​ដែល​មិន​អាច​បំបែក​បាន​ដែល​បាន​ឆ្លងកាត់​ការ​សាកល្បងនិង​ការ​លំបាក​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន​។ទំនាក់ទំនងដ៏យូរអង្វែងនេះបានវិវត្តទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលសម្គាល់ដោយការ​គោរពគ្នាទៅវិញទៅមក ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នា និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

ប្រទេសចិន ត្រូវបានគេមើលឃើញថា ក្លាយជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់បំផុតរបស់កម្ពុជា ដោយដើរតួនាទីយ៉ាងសំខាន់​ក្នុងការជំរុញ​កំណើ​នសេដ្ឋកិច្ចតាមរយៈការវិនិយោគយ៉ាងច្រើន​ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការវិនិយោគ​លើ​វិស័យផ្សេងៗទៀត។ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) បានពង្រឹងភាពជាដៃគូនេះបន្ថែមទៀត ដោយ​ជួយ​សម្រួលដល់ការធ្វើទំនើបកម្មនៃបណ្តាញដឹកជញ្ជូន វិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល​នៃប្រទេស​កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន កាលពីនៅជានាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានបំពេញទស្សនកិច្ចទាំងទស្សនកិច្ចការងារ និងទស្សនកិច្ចផ្លូវការជាង១០លើកនៅប្រទេសចិន។ អ្វីដែលជាស្មារតីមិនបោះបង់ចោលគ្នាក្នុងគ្រាអាសន្ន ចំពេលចិនផ្ទុះកូវីដដំបូង សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅកាន់ប្រទេសចិន ស្របពេលពិភពលោកខ្លាចកូវីដ១៩។ ទោះបីជាលែងធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា​ ក៏ដោយ ក៏សម្ដេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចការងារចូលរួមវេទិកាបូអាវនៅប្រទេសចិនកាលពីចុងខែមីនា ឆ្នាំ២០២៤ជាថ្មីម្ដងទៀត។

សម្រាប់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេនរបស់កម្ពុជា បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ជាផ្លូវការកាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅ ក៏បានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងជួបជាមួយលោក ស៊ី ជីនពីង ជាលើកដំបូងនៅពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២៣ រយៈពេលជាង៣សប្ដាហ៍ប៉ុណ្ណោះ។

បើនិយាយពីលោក ស៊ី ជីន ពីង ប្រធានាធិបតីចិនរូបនេះ ធ្លាប់មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ជាលើកដំបូងនៅក្នុងឆ្នាំ២០១៦។ ដំណើរទស្សនកិច្ចនៅកម្ពុជាកាលណោះ លោក ស៊ី ជីនពីង មេដឹកនាំប្រទេសមហាអំណាចចិន ចុះហត្ថលេខាចំនួន៣១ ឯកសារដើម្បីជួយអភិវឌ្ឍន៍កម្ពុជា៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៣ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១២ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម