Connect with us

ព័ត៌មានជាតិ

គ្រួសារដែលបង្កើតបានកូនភ្លោះ៣នាក់ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ទទួលបានអំណោយពីសម្តេច ម៉ែន សំអន

បានផុស

នៅ

ស្ត្រីដែលសម្រាលកូនភ្លោះ៣នាក់ មកពីស្រុកសណ្តាន់ រួមជាមួយស្រ្តីដែលទើបសម្រាលកូន នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប ទទួលបានអំណោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដើម្បីជួយសម្រួលដល់ការលំបាកក្នុងពេលកំពុងសម្រាកនៅមន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ស៊ិន ណម ប្រធាន សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រោយពេលទទួលបានប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ លោកស្រី បានដឹកនាំប្រតិភូ បាននាំយកថវិកា និង អំណោយរបស់សម្តេចកិត្តិសង្គហបណ្ឌិត ផ្តល់ជូនគ្រួសារប្រសូត្រកូនភ្លោះ៣នាក់ និង បងប្អូនស្ត្រីទើបប្រសូត្រកូន និង វះកាត់រួច នៅនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យគន្ធបុប្ផាទី៣) កាលពីរសៀលថ្ងៃទី ០៨ ខែ មេសា ឆ្នាំ២០២៥នេះ ។

នៅក្នុងឱកាសនោះ លោកស្រី ស៊ិន ណម បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់ក្រុមគ្រួសារប្រសូត្រទារកភ្លោះប្រុសស្រីបីនាក់ និង បងប្អូនស្ត្រីប្រសូត្រកូននិងធ្វើការវះកាត់ ដែលបានកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យជំនាញៗ ។ លោកស្រី បានឲ្យដឹងថា នេះជាលើកទី២ហើយដែលក្រុមការងារសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ចុះមកជួបសំណេះសំណាលជាមួយគ្រួសារទារកភ្លោះបីនាក់(ស្រី១ប្រុស២នាក់) ដែលមានប្តីឈ្មោះ គុយ ខែម អាយុ ៣០ឆ្នាំ ប្រពន្ធឈ្មោះ ជួន សុម៉ុម អាយុ ២៦ឆ្នាំ មានស្រុកកំំណើតរស់នៅ ភូមិតាំងក្រសៅ ឃុំ ងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ  ។

លោកស្រី ស៊ិន ណម បានណែនាំដល់មាតាបិតាទារកភ្លោះបីនាក់ ត្រូវបន្តតាមដានសុខភាពរបស់ទារកភ្លោះឲ្យបានដិតដល់ ប្រសិនមានអ្វីកើតឡើង សូមជម្រាបជូនដំណឹងទៅកាន់ក្រុមគ្រួពេទ្យប្រចាំការជៀសវាងគ្រោះថ្នាក់ជាយថាហេតុដល់ទារក ។ លោកស្រី បានថ្លែងអំណរគុណ ជូនចំពោះក្រុមគ្រូពេទ្យទាំងអស់ នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដែលតែងតែយកចិត្តទុកដាក់ថែទាំសុខភាព ជូនប្រជាពលរដ្ឋទាំងអស់ ដោយមិនរើសមុខ ពិសេសប្រជាពលរដ្ឋទីទល់ក្រខ្វះខាតមកពីទីជិតឆ្ងាយ ។

តាមការបញ្ជាក់របស់ លោកវេជ្ជបណ្ឌិត សាស្ត្រាចារ្យ យ៉ៃ ចន្ទនា នាយកគ្រប់គ្រងមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានឲ្យ ដឹងថា នៅមន្ទីរសម្ភពក្នុងមួយថ្ងៃៗ មន្ទីរពេទ្យគន្ធបុប្ផាទី៣ បានទទួលពិនិត្យផ្ទៃពោះដល់ស្រ្តី ពី៣០០ ទៅ៥០០នាក់ និងសម្រាលកូន ពី៦០-៨០នាក់ ក្នុងនោះមាន ១០-១៥ករណី ជាស្រ្តីដែលមានហានិភ័យ ដូចជាកូនខ្សោយ  បញ្ហាលើសសម្ពោធឈាម និងជម្ងឺបង្រុងក្រឡាភ្លើងជាដើម ។

ក្នុងនោះដែរលោក គុយ ខែម ជាឪពុកទារិកាភ្លោះប្រុសស្រីទាំងបី បានថ្លែងអំណរគុណចំពោះសម្តេចកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ អំពីសុខមាភាពរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈ និន្នាការនយោបាយ ពូជសាសន៍អី្វនោះឡើយ ក្នុងមហាគ្រួសារខ្មែរតែមួយ ព្រមទាំងបានថ្លែងអំណរគុណ ជូនចំពោះក្រុមគ្រូពេទ្យទាំងអស់ដែលបានយកចិត្តទុកដាក់ព្យាបាលភរិយាគាត់ផងដែរ ។ លោកក៏បានឲ្យដឹងផងដែរថា នេះជាកូនលើកទី៣ហក្នុងគ្រួសារដែលជាទារិកាភ្លោះប្រុសស្រី៣នាក់ ដែលស្រីជាកូនច្បង ។  ម៉្យាងទៀតដែលជានិច្ចកាលចាត់ទុកប្រជាពលរដ្ឋទីទល់ក្រ ងាយរងគ្រោះ គឺជាការលំបាកផ្ទាល់របស់សម្តេចទាំងទ្វេ ពោល គឺពេលនេះសម្តេចបានចាត់ឲ្យប្រតិភូរបស់ សម្តេចបាននាំយកថវិកា និងសម្ភារៈដ៏មានតម្លៃបំផុតនេះ មកចែកជូនផ្ទាល់ដៃដល់គ្រួសាររបស់ខ្លួន ដែលប្រសូត្របានទារិកាភ្លោះប្រុសស្រីបីនាក់ ដើម្បីជួយសម្រាល់ដល់ការលំបាក់ ក្នុងការចិញ្ចឹមបីបាច់ទារកភ្លោះទាំងបីនាក់នេះ ឲ្យមានជីវិតរស់នៅ និងមានអនាគតល្អដូចពលរដ្ឋដទៃទៀតក្នុងសង្គម ។

ក្នុងនោះលោកស្រី បាននាំយកថវិកា និង សារុងចំនួន ២៥០សារុងដែលជាអំណោយរបស់សម្តេចកិត្តិសង្គហ បណ្ឌិត ឧបត្ថម្ភដល់គ្រួសារប្រសូត្រទារិកាភ្លោះប្រុសស្រី៣នាក់ នូវថវិកា ៨០ម៉ឺនរៀល សារុង៣ និង បងប្អូនស្ត្រីប្រសូត្រកូន និង អ្នកធ្វើការវះកាត់ ម្នាក់ៗ សារុង១ផងដែរ ៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម