Connect with us

ព័ត៌មានជាតិ

បណ្ឌិត យង់ ពៅ៖ ទំនាក់ទំនងកម្ពុជា-ចិន កំពុងស្ថិតលើផ្លូវល្អបំផុត និងគំរូនៃការរួមរស់​ដោយមិត្តភាព ​និង​កិច្ចសហប្រតិបត្តិការ

បានផុស

នៅ

បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភា កត់សម្គាល់ឃើញថា ចំណងមិត្តភាពកម្ពុជា និងចិន កំពុងតែស្ថិតនៅលើផ្លូវមួយដ៏ល្អបំផុត ដែលជាគំរូ នៃការរួមរស់​ដោយមិត្តភាព ​និង​កិច្ចសហប្រតិបត្តិការនៅ​ចំពោះ​មុខនិន្នាការគាំពារនិយម​ដែលកំពុងលេចឡើង។ លោក យង់ ពៅ ថ្លែងដូច្នេះ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលលោកបណ្ឌិតបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះបើកវេទិកាពិសេសស្តីពី «មិត្តដែកថែបកម្ពុជា-ចិន ក្នុងយុគសម័យថ្មី : កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម» ដែលរៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត យង់ ពៅ ថ្លែងពីការកត់សម្គាល់ដូច្នេះ៖«បច្ចុប្បន្ននេះ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងចិន ស្ថិតក្នុង​ដំណាក់​កាល​ដ៏​ល្អ​បំផុត ទំនាក់ទំនង​នេះបានក្លាយជាគំរូនៃការរួមរស់​ប្រកបដោយមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ នៅ​ចំពោះ​មុខនិន្នាការគាំពារនិយម​ដែលកំពុងលេចឡើង។ »។

តាមលោកបណ្ឌិត  ទំនាក់ទំនង កម្ពុជា-ចិន បានវិវឌ្ឍឈានឡើងឥតឈប់ឈរ មិនត្រឹមតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយថែមទាំង​ជា​មិត្តភាពដែកថែប ដូចទឹកទន្លេ មេគង្គ-ឡានឆាងបានហូរបំពេញគ្នាទៅវិញទៅមក ដែល​គំរូទំនាក់ទំនងនេះពិតជាមិន​អាចបំបែកបាន និងបាន​ក្លាយជាមរតក​ដ៏មាន​តម្លៃសម្រាប់ប្រជាជន​និងប្រទេស​ទាំង​​ពីរ  ដើម្បីរួមគ្នាកសាងសហគមន៍ជោគ​វាសនារួម ដែល​អាចធន់នឹងវិបត្តិនិង​ឧបទ្ទវ​ហេតុ​ផ្សេងៗ។ ទំនាក់​ទំនងដ៏​ពិសេស​នេះបង្ហាញឱ្យ​ឃើញថា ទំនាក់​ទំនាក់​រវាងកម្ពុជានិងចិនឈរលើគោលការណ៍​ស្មើភាព ស្មើសិទ្ធិ គោរពអធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី មិនជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុងរបស់ផងគ្នា និងផ្តោតលើផលប្រយោជន៍ទៅវិញទៅមក ពោលគឺ កិច្ចសហ​ប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាព​រួម។

លោក យង់ ពៅ​ បន្ថែមថា ជាទិដ្ឋភាពប្រវត្តិសាស្រ្ត កម្ពុជានិងចិន មានទំនាក់ទំនងគ្នា​ជាប្រពៃណីទាំង​ការទូត​​និងពាណិជ្ជកម្មពាន់ឆ្នាំមកហើយ។ ទំនាក់ទំនងការទូតទំនើប ត្រូវ​បាន​​បង្កើត ឡើងជាផ្លូវការនៅឆ្នាំ១៩៥៨ ចាប់ផ្ដើមពី សម្តេច​ព្រះបរម​រតនកោដិ នរោត្តម សីហនុ ទ្រង់បានបង្កើតឱ្យមាន​ទំនាក់​ទំនង​យ៉ាងល្អជាមួយប្រទេសចិន ហើយ​បន្តមកទៀតនោះគឺ ​សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន  និង​បច្ចុប្បន្ននេះ  សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា គឺជាតួអង្គដ៏សំខាន់ក្នុងការពូនជ្រំទំនាក់ទំនង​កម្ពុជា-ចិនឱ្យ​កាន់​តែរឹងមាំនិង​ស៊ីជម្រៅ​ និងជាអ្វីដែលយើងហៅថា មិត្តដែកថែប។

ជាទិដ្ឋភាពនយោបាយ លោកបណ្ឌិត មើលឃើញថា ទំនាក់ទំនងរវាងកម្ពុជានិងចិន បង្ហាញ​ពី​ភាពជាដៃ​គូដ៏​ស្វាហាប់និងឆ្ពោះទៅអនាគតរួមគ្នា ដោយឈរ​លើគោល​ការណ៍​​ស្មើភាព​ ស្មើសិទ្ធិ គោរព​អធិបតេយ្យភាព ផ្តល់ផល​ប្រយោជន៍​ ​ និងជួយទុក្ខធុរៈគ្នា​ទៅវិញទៅមក។ កម្ពុជា​​​​តែងតែផ្ដល់​ការគាំទ្រ​ប្រទេសចិនចំពោះគោល​នយោបាយចិនតែមួយ និង​គាំទ្រ​លើ​​គំនិត​ផ្ដួចផ្ដើម​​ខ្សែ​ក្រវាត់និងផ្លូវ ក៏ដូចជា គំនិតផ្ដួចផ្ដើមការអភិវឌ្ឍសកល ជាដើម។

ចំណែកទិដ្ឋភាពសេដ្ឋកិច្ច លោក យង់ ពៅ សម្គាល់ឃើញថា ប្រទេសចិនជាប្រទេសវិនិយោគធំ​ជាងគេនៅ​ប្រទេស​កម្ពុជា ជាក់​ស្ដែង ប្រទេស​ចិន​បានវិនិយោគរាប់ពាន់លានដុល្លារលើផ្លូវថ្នល់ កំពង់ផែ និង​អាកាស​​យាន​ដ្ឋាន​​របស់​កម្ពុជា ក្រោមគោលនយោបាយ​គំនិតផ្តួចផ្តើមខ្សែ​ក្រវាត់​និងផ្លូវ (BRI)។ ការ​វិនិយោគដែលផ្តល់មូលនិធិ​និង​​ជំនាញដោយ​ចិននេះ បាន​ផ្លាស់​​ប្តូរ​មុខ​មាត់​​របស់​ប្រទេស​កម្ពុជា ដោយបង្កើតការងារនិងជំរុញ​សម្ទុះសេដ្ឋកិច្ច​ ក៏​ដូច​ជា​ការ​លើក​កម្ពស់​គុណភាពជីវភាពរបស់ប្រជាជនផងដែរ។

ក្នុងកិច្ចអភិវឌ្ឍន៍ជាតិ លោកបណ្ឌិត យល់ឃើញថា កម្ពុជាត្រូវការចាំបាច់នូវមិត្តភក្តិ​បរទេស​ដែល​ផ្តល់​ប្រយោជន៍​​ឱ្យ​គ្នាទៅវិញទៅមក ដូច្នេះ​ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ​តែងយកចិត្តទុក​ដាក់​​ចំពោះគ្នាទៅវិញទៅ​មក ដោយទំនាក់ទំនងកម្ពុជា-ចិន បានស្ដែងឡើងក្នុងរូបភាព ជាបង​ប្អូនល្អ ជាអ្នកជិតខាងល្អ និងជា​ដៃគូល្អ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រីកម្ពុជា ធ្លាប់បាននិយាយថា ប្រទេសចិនជា «មិត្តជាទីទុក​ចិត្ត​បំផុត» របស់កម្ពុជា។

ជាទិដ្ឋភាពធម្មជាតិវិញ លោកបណ្ឌិត យង់ ពៅ លើកយកកំណាព្យ​បុរាណ​ចិន​១ ​ឃ្លាបាន​ពោលថា «​ភ្នំ​ទាំងឡាយ​ទោះ​នៅ​ឆ្ងាយ​ពីគ្នា តែ​ស្រស់បំព្រង​ក្រោម​ដំណក់ទឹក​ភ្លៀង​រួមគ្នា ដូច្នេះ​យើង​នៅ​ឃ្លាតឆ្ងាយ​ពីគ្នា​យ៉ាងម៉េច​កើត បើ​យើង​ទទួល​ពន្លឺ​ព្រះ​ចន្ទ​តែមួយ»«​ដូចគ្នា​នឹង​ប្រជាជន​កម្ពុជា​តែង​និយាយថា យើង​ត្រូវ​រួម​វាសនា​ជាមួយគ្នា ព្រោះ​យើង​រស់​ក្រោម​ដំបូល​មេឃ​តែ​មួយ ស្រូបយក​ខ្យល់​អុកស៊ីសែន​ពី​លម្ហអាកាស​តែ​មួយ និង​ផឹកទឹក​ទន្លេ​មេគង្គនិងឡានឆាងជាមួយគ្នា។ តាមលោក យង់ ពៅ កំណាព្យនេះសបញ្ជាក់ឱ្យឃើញថា ប្រជាជន ក៏ដូចប្រទេស​ទាំងពីរ​កម្ពុជាចិន ត្រូវតែរួមគ្នាក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការឈ្នះឈ្នះទាំងអស់​គ្នាឱ្យសក្ដិសមជាមិត្តដែកថែបពិតប្រាកដមែន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម