Connect with us

ព័ត៌មានជាតិ

USAID ​ដក​ថយ ​ជា​របត់​សម្រាប់​ NGOs និង ​CBOs​ នៅ​កម្ពុជា​

បានផុស

នៅ

​កំណត់​និរន្តរភាព​ភាព​ជា​ដៃគូអភិវឌ្ឍន៍​របស់​ខ្លួន​ បន្ទាប់​ពី​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ ​ឡើង​កាន់​តំណែង​ ក្នុង​អណត្តិ​ទី២ របស់លោក​ នា​ពេលថ្មីៗ​កន្លង​ទៅ​នេះ ​NGOs​ និង​ CBOs​នៅ​កម្ពុជា​ដូច​ជា​ប្រទេស​មួយ​ចំនួន​ទៀត​លើ​ពិភព​លោក​ទទួល​បាន​ជំនួយ​ពី​កម្មវិធី​ USAID​ បាន​ប្រឈម​នឹង​វិបត្តិ​កាត់​បន្ថយ​សកម្មភាព ​បន្ថយ​បុគ្គលិក ​ឬ​ផ្អាក​សកម្មភាព​ ហើយ​និង​កំពុង​ពិចារណា​រិះ​រក​យុទ្ធសាស្រ្ត​ថ្មី​ដើម្បី​បន្ត​ ជីវិត​គម្រោង​នានា​ទៅ​អនាគត​។

​វិបត្តិការណ៍​នេះ​ ជា​ការ​ក្រើន​រំលឹក​អំពី​ហានិភ័យ​ជាប់​ជា​ប្រចាំ​ចំពោះ​ការ​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស ​ដែល​បង្កប់​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​ដូច​ជា​ថ្នាំ​ពុល។ ជា​រឿង​គួរ​ឱ្យ​សោក​ស្តាយ​ជា​ពន់ពេក​ ដែល​វិបត្តិ​ហេតុ​នេះ​ផ្ដល់​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ចំពោះ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ក៏​ដោយ​ ការណ៍​នេះ​ក៏​បាន​បង្ហាញ​ពី​សារៈសំខាន់​នៃ​ភាពជា​ដៃ​គូ​ ដែល​ស្រប​ទៅ​នឹង​គុណ​តម្លៃ​ដូច​ជា​ ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ​ការ​គោរព​អធិបតេយ្យភាព និង​កិច្ច​សហការ​យូរ​អង្វែង​ ដែល​ទាំង​នេះ​គឺ​ជា​គោលការណ៍​នាំ​មុខ​នៃ​យុទ្ធសាស្ត្រ​ ក្នុង​កិច្ចសហប្រតិបត្តិការ​ជា​ដៃ​គូ​សម្រាប់​ការ​អភិវឌ្ឍ​ ក្នុង​ប្រទេស​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​មួយ​ចំនួន​ ដែល​ភាគ​ច្រើន​បាន​សម្រប​បេសកកម្ម​របស់​ខ្លួន ទៅ​តាម​អាទិភាពម្ចាស់ជំនួយលោកខាងលិច បាន​ផ្ដោត​លើ​របៀបវារៈ​បរទេស​ជា​ជាង​លើ​តម្រូវការ​អភិវឌ្ឍ​ ក្នុង​ស្រុក​របស់​កម្ពុជា។ ​ឧទាហរណ៍ ​គម្រោង​ “ភាព​ធន់​នៃ​សង្គម​ស៊ីវិល​កម្ពុជា (Cambodian Civil Society Resilience-CSR)” ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០២៤ ក្រោម​ជំនួយ​របស់ USAID តាមរយៈ East-West Management Institute ជាស្ថាប័នក្រៅរដ្ឋាភិបាល គម្រោង​CSR​ផ្ដោត​លើ​អ្វី​ដែល​ពួក​គេ​ហៅ​ថា ​‘ការ​អប់​រំ​ពលរដ្ឋវិទ្យា’ និង ‘គណនេយ្យភាពរដ្ឋាភិបាល’ ​ដែល​ជា​ទស្សនៈ​មួយ​ហាក់​មិន​សម​ស្រប​ទៅ​នឹង​បរិបទ​ជាក់​ស្ដែង​នៃ​នយោបាយ​សង្គម​សេដ្ឋកិច្ច​ និង​គម្រូ​ប្រព័ន្ធ​អភិបាល​កិច្ច​របស់​កម្ពុជា​ឡើយ​។​

គម្រោង​ទាំង​នេះ ​បើ​ទោះ​បី​ជា​ត្រូវ​ចាត់​ទុក​ថា​ជា​កិច្ចខិតខំប្រឹង​ប្រែង​ដល់​ការ​អភិវឌ្ឍ​ជាតិ​តាម​បែប​លោក​ខាង​លិច​ក៏​ដោយ​ ប៉ុន្តែ​វិសាលភាព​របស់​វា​បាន​ឆ្លង​ហួស​ព្រំ​ដែន​របស់​ខ្លួន​ក្នុង​ឋានៈ​ជា​អង្គការសង្គម​ស៊ីវិល​ហួស​លើស​ចំណុច​រសើប​ដែល​មិន​ចាំ​បាច់​ចំពោះ ​ដំណើរការ​​នៃ​ការអភិវឌ្ឍ ក្នុង​ប្រទេស​មួយ​នេះ​ទេ។​ ក្រុម​ទាំង​នេះ​បាន​ធ្វើ​ការ​រិះ​គន់​មិន​សំចៃ​មាត់ ​លើ​គោល​នយោបាយ​បរិស្ថាន​ និង​វិស័យ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​ជាដើម​ ដោយ​គ្មាន​មូលដ្ឋាន​ និង​ភស្តុតាង​ជាក់​ស្ដែង​ និង​ច្បាស់​លាស់ ​ដែល​បង្ហាញ​ពី​ភាព​មិន​សម​ស្រប​ជាមួយ​អាទិភាព​របស់​ប្រទេស​ជាតិ​។​​ការ​ដក​ចេញ​ភ្លាមៗ​នៃ​ជំនួយ​របស់ ​USAID បាន​ធ្វើ​ឱ្យ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​នេះ​រង្គោះរង្គើ​មិន​ស្ទើរ​ទេ​។​ ខណៈ​ពេល​ដែល​អ្នក​សង្កេតការណ៍​ខ្លះ​បាន​ចាត់​ទុក​ចំណាត់​ការ​នេះ​ជា​សញ្ញា​នៃ​ការ​បន្ធូរបន្ថយ​ការ​ជ្រៀត​ជ្រែក​ពី​ខាង​ក្រៅ ​អង្គការ​ដែល​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ការ​ផ្តល់​មូល​និធិ​របស់​លោក​ខាង​លិច​ ឥឡូវ​នេះ​ប្រឈម​នឹង​ដំណើរ​រឹង​គាំង​ ក្នុង​ប្រតិបត្តិការ​របស់​គេ​ ឬ​ត្រូវ​បាន​បង្ខំ​ឲ្យ​បញ្ចប់គម្រោងដែល​មិន​ទាន់​ចប់​សព្វ​គ្រប់។ ​

អ្វី​ដែល​សំខាន់​នោះ​គឺ ​យើង​មិន​បាន​ឃើញ​ការងារ​អភិវឌ្ឍន៍​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជាទូទៅ ​ទទួល​រង​ផល​ប៉ះពាល់ ​ដោយ​សារ​មូល​និធិ​របស់​ទីភ្នាក់ងារ​ USAID តែង​រំលង​ស្ថាប័នរដ្ឋ និង​ធ្វើ​ការ​គាំទ្រ​ ដោយ​ផ្ទាល់ដល់ក្រុមដែលគាំទ្រមនោគមវិជ្ជាបរទេស​ និង​ទំនោរ​​ទោរទន់​តាម​គោលនយោបាយរដ្ឋបរទេស។ នេះ​គូស​បញ្ជាក់​អំពី​កំហុស​ជាមូលដ្ឋាន​មួយ​នៅ​ក្នុង​គំរូ ​ផ្ដល់​ជំនួយដែលភ្ជាប់លក្ខខណ្ឌមកជាមួយ​ ដែល​ពួក​គេ​ផ្តល់​អាទិភាពដល់ផល​ប្រយោជន៍​ម្ចាស់​ជំនួយ​ជា​ជាង​លើ​ស្វ័យភាព​ក្នុង​តំបន់​ និង​ក្នុងប្រទេស។

គំរូ​បែប​នេះ​បាន​នាំ​ឲ្យ​ក្រុម​ទទួល​ជំនួយ​ទាំង​ឡាយ​ ងាយ​នឹងរ​ង​ផល់​ប៉ះពាល​ក្នុង​ខណះ​មាន​ការ​ផ្លាស់​ប្តូរ​របត់​យ៉ាង​ឆាប់​រហ័ស​នៃ​ភូមិសាស្ត្រនយោបាយ។​ផ្ទុយ​ទៅវិញ កិច្ចសហប្រតិបត្តិការ​របស់​ចិន​ជាមួយ​កម្ពុជា ប្រកាន់​ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការគោរពលើសមភាព និង​សហប្រតិ​បត្តិការឈ្នះ-ឈ្នះ។ ក្រោមគំនិតផ្តួចផ្តើមគម្រោង ខ្សែក្រវាត់ និងផ្លូវ ដែលហៅកាត់ថា BRI មានដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទំនើបកម្មកសិកម្ម និងការសាង​សង់​សួនឧស្សាហកម្ម​ជា​ដើម​ ត្រូវបានរៀបចំឡើងដោយមានការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរកម្ពុជា។

គម្រោង​ទាំងនេះចូលរួមពង្រឹងស្ថាប័នសាធារណៈ ជំរុញស្វ័យភាពផ្នែកសេដ្ឋកិច្ច និង​ស្រប​តាម​ផែន​ទី​បង្ហាញ​ផ្លូវ​អភិវឌ្ឍន៍​របស់​កម្ពុជាផ្ទាល់។ ជំនួយ​ក្នុង​រូបភាពបែបនេះ​គឺ​ខុស​ស្រឡះ​ពី​ជំនួយ​លោក​ខាងលិច ជាក់ស្ដែងភាពជាដៃគូរបស់ចិនមិនមានភ្ជាប់លក្ខខណ្ឌឬបន្ថែមសម្ពាធនយោបាយ ឬក៏​ប៉ះ​ពាល់​ដល់​អធិបតេយ្យភាពជាតិកម្ពុជានោះទេ។

បន្ទាប់​ពី​ការ​លុប​ចោល​ទីភ្នាក់ងារ USAID ព្រឹត្តិការណ៏​នេះ​គេ​អាច​ចាត់​ទុក​ថា​ វាជា​កាលានុវត្ត​ភាព​មួយ​របស់​កម្ពុជា​ក្នុង​ការ​ស្តារឡើងវិញ​នូវ​ប្រព័ន្ធអេកូឡូស៊ីសង្គមស៊ីវិលរបស់​ខ្លួន​ឆ្ពោះ​ទៅ​រក​គំនិត​ផ្តួច​ផ្តើម ដែលផ្តល់អាទិភាពដល់តម្រូវការក្នុងស្រុក និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ គំរូកិច្ច​សហប្រតិ​បត្តិការ​អភិវឌ្ឍដូចជា កិច្ចសហប្រតិបត្តិការឡានឆាងមេគង្គ Lancang-Mekong Cooperation (LMC) ដែលផ្ដោតលើការកាត់បន្ថយភាពក្រីក្រ ការផ្លាស់ប្តូរវប្បធម៌ និងការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ផ្តល់នូវគំរូនៃវឌ្ឍនភាពរួមដែលគោរពអធិបតេយ្យភាពរដ្ឋជាសមាជិក។ ក្នុងបរិបទនេះ ចិន​នៅ​តែជាដៃគូសហការ ជាមួយកម្ពុជាមិនអាចខ្វះបាន និងប្ដេជ្ញា​គាំទ្រដល់ការរីកចម្រើនរបស់​កម្ពុជា​និង​ជា​រៀងរហូត។

ស្ថានការណ៍នេះក៏អាចចាត់ទុកជាបទពិសោធន៍មួយសម្រាប់កម្ពុជា ក្នុងការឈ្វេងយល់​ពី​គំរូកិច្ច​សហការ​ក្នុងភាពជាមួយដៃគូជាមួយបរទេស។ ការអភិវឌ្ឍប្រកបដោយចីរភាព​មិន​អាច​សម្រេច​ទៅ​បាន​តាម​រយៈភាពជាដៃគូសម្ព័ន្ធមិត្តមិនច្បាស់លាស់ និងភ្ជាប់ទៅនឹងរបៀបវារៈ​នយោបាយក្រៅ​ប្រទេស​នោះ​ទេ។​​មាគ៌ាឆ្ពោះទៅមុខរបស់កម្ពុជា​ស្ថិតនៅ​ក្នុង​ភាព​ជា​ដៃគូ​ដែល​គោរពអធិបតេយ្យភាព​ក្នុង​ការសម្រេចចិត្តដោយស្វ័យភាព ផ្តល់អាទិភាពដល់វឌ្ឍនភាពជាក់ស្តែង និងប្រកបដោយ​បរិយាបន្ន​។ នៅពេលដែលរបត់ ភូមិសាស្ត្រនយោបាយប្រែប្រួល យុទ្ធសាស្រ្តរបស់ប្រទេសចិន​ដែល​ផ្អែក​លើការ​អនុវត្តជាក់ស្តែង ការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងការគោរពចំពោះ​អធិប​តេយ្យភាព នៅតែឈរជាជម្រើសដែលអាចទុកចិត្តបាននៅក្នុងស្ថានការណ៍​នៃការប្រែប្រួល​គំរូ​ជំនួយ​របស់​លោកខាងលិច។

សម្រាប់​អង្គការក្រៅរដ្ឋាភិបាលដែលកំពុង​តែ​ត្រូវ​សម្របខ្លួនទៅនឹងតថភាពមួយនេះ ភាព​ចាំ​បាច់​នោះ​គឺ​ត្រូវ​តម្រង់​ទិស​បេសកកម្មរបស់ពួកគេឡើងវិញឆ្ពោះទៅរកដំណោះស្រាយមួយ​ដែលស្រប​ទៅ​នឹង​បរិបទ​ក្នុងប្រទេស ដោយផ្ដល់ការជឿទុកចិត្តទៅលើគោលនយោបាយ​ក្នុងប្រទេស​ជា​ជាង​ម្ចាស់​ជំនួយ​បរទេស។ ការធ្វើដូច្នេះ កម្ពុជាអាចបណ្ដុះបរិយាកាសសង្គមស៊ីវិលមួយដែល​បម្រើផល​ប្រយោជន៍​ប្រជាពលរដ្ឋខ្លួនយ៉ាងពិតប្រាកដ និងពង្រឹងចក្ខុវិស័យអភិវឌ្ឍន៍ជាតិរបស់ខ្លួនផងដែរ៕

​អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម