ព័ត៌មានជាតិ
លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទើបតែប្រកាសពន្យារពេល៩០ថ្ងៃមិនអនុវត្តយកពន្ធគយថ្មីលើបណ្តាប្រទេសប្រមាណ៧៥នៅជុំវិញពិភពលោក ប៉ុន្តែ បានប្រកាសដំឡើងពន្ធគយដល់ទៅ១២៥%លើប្រទេសចិន។ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស ចាត់ទុកថា នេះ គឺជាដំណឹងល្អសម្រាប់ប្រទេសកម្ពុជា។ លោកថា ក្នុងរយៈពេលនេះ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា។

«ជាដំណឹងល្អ ៖ ប្រធានាធិបតីTrump ប្រកាសមិនអនុវត្តពន្ធគយថ្មី សម្រាប់រយៈពេល៩០ថ្ងៃ រាប់ពីថ្ងៃ១០មេសានេះទៅ ។ មូលហេតុ បើតាមសំដីលោកTrump គឺមកពីប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសចំនួនជាង៧៥នៅក្នុងលោក បានទាក់ទងអាជ្ញាធរអាមេរិក ដើម្បីសុំចរចា»។ នេះ គឺជាការលើកឡើងរបស់លោក ហ្សង់ ហ្វ្រង់ស័រ តាន់ លើគណនីហ្វេសប៊ុករបស់លោក គឺធ្វើឡើងភ្លាមៗ បន្ទាប់ពីការប្រកាសពន្យារពេលយកពន្ធថ្មីរយៈពេល៩០ថ្ងៃរបស់លោក ដូណាល់ ត្រាំ។ បើតាមលោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រទេសមួយក្នុងចំណោមប្រទេសពីរបីផ្សេងទៀតដែលបានផ្តួចផ្តើមគំនិតមុនគេឯង ស្នើសុំចរចាជាមួយរដ្ឋាភិបាលទីក្រុងWashington។
លោកថា សង្គ្រាមពាណិជ្ជកម្មនេះ ដែលបាន និងកំពុងបន្តប្រព្រឹត្តទៅមានលក្ខណៈជាសកល។ ប៉ុន្តែ រដ្ឋាភិបាលនីមួយៗ គិតពីប្រយោជន៍របស់ប្រទេសខ្លួន មុនគេ។ គឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើ ហើយធ្វើ ដើម្បីការពារបណ្តារោងចក្រ និងក្រុមហ៊ុននានាក្នុងទឹកដីកម្ពុជា ដើម្បីការពារប្រាក់ចំណូលរបស់កម្មករ និងដើម្បីការពារជីវភាពនៃប្រជាជនខ្មែរ។ ត្រង់ចំណុចនេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានគូសរំលេចឱ្យដឹងថា៖ «ក្នុងអំឡុងពេល៩០ថ្ងៃខាងមុខ រាប់ពីថ្ងៃ១០មេសានេះទៅ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចបវរធិបតី នឹងបន្តដុតដៃដុតជើង ទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលសហរដ្ឋអាមេរិក កុំឱ្យអនុវត្តពន្ធគយថ្មី(៤៩%)មកលើកម្ពុជា»។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ បានប្រកាសដំឡើងពន្ធគយលើប្រទេសនានាលើពិភពលោក ក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ ដោយបានដំឡើងដល់ទៅ៤៩%។ រំលងបាន១ថ្ងៃ ពោល គឺនៅថ្ងៃទី០៤ ខែមេសា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរលិខិតមួយទៅលោក ដូណាល់ ត្រាំ ដើម្បីស្នើសុំចរចា និងបានប្រកាសបញ្ចុះពន្ធគយលើទំនិញអាមេរិកមួយចំនួននាំចូលកម្ពុជាមកត្រឹម៥%។ មិនតែប៉ុណ្ណោះ កាលពីថ្ងៃទី០៧ ខែមេសា កន្លងទៅថ្មីៗនេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានប្រកាសជាសាធារណៈថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមមន្រ្តីជាន់ខ្ពស់២រូប ដើម្បីធ្វើដំណើរទៅចរចាជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ នៅសហរដ្ឋអាមេរិកផ្ទាល់តែម្តង។
ពេលនោះ ប្រធានាធិបតីអាមេរិក មិនបានឆ្លើយតបបែបណាទេចំពោះសំណើរបស់កម្ពុជា ហើយទើបតែពេលនេះទេ លោក ដូណាល់ ត្រាំ បានប្រកាសពន្យារពេលអនុវត្តការយកពន្ធគយថ្មីលើបណ្តាប្រទេសប្រមាណ៧៥ប្រទេសតែម្តង។ លោក ដូណាល់ ត្រាំ លោក ត្រាំ បានសរសេរបង្ហោះនៅលើបណ្ដាញសង្គមTruth Social ថា៖ «ខ្ញុំបានអនុញ្ញាតឱ្យផ្អាក(ការអនុវត្តពន្ធ)រយៈពេល៩០ថ្ងៃ និងបន្ធូរបន្ថយពន្ធគយបដិការឱ្យទាបខ្លាំងមកត្រឹម១០ភាគរយក្នុងអំឡុងពេលនេះ ដោយនឹងចូលជាធរមានភ្លាមៗ»។ ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ នេះ គឺ«ផ្អែកលើការពិតដែលថាជាង៧៥ប្រទេស បានទាក់ទងទៅតំណាងរបស់សហរដ្ឋអាមេរិក…ដើម្បីចរចារកដំណោះស្រាយចំពោះបញ្ហាដែលកំពុងពិភាក្សាទាក់ទងនឹងពាណិជ្ជកម្ម ឧបសគ្គពាណិជ្ជកម្ម ពន្ធគយ ការក្រឡុករូបិយប័ណ្ណ និងពន្ធមិនមែនរូបិយវត្ថុ និងការពិតដែលថាប្រទេសទាំងនោះ មិនបានសងសឹកប្រឆាំងសហរដ្ឋអាមេរិកក្នុងទម្រង់ណាមួយនោះទេ»។

នេះ គឺមានន័យថា សម្រាប់គ្រប់ប្រទេសទាំងអស់(លើកលែងតែចិន)ដែលជាប់ពន្ធគយបដិការលើសពី១០ភាគរយនោះ សហរដ្ឋអាមេរិក នឹងទម្លាក់មកត្រឹម១០ភាគរយរយៈពេល៩០ថ្ងៃ។ ១០ភាគរយ គឺជាអត្រាពន្ធមូលដ្ឋានដែលលោក ដូណាល់ ត្រាំ ដាក់លើគ្រប់ប្រទេសទាំងអស់ និងចូលជាធរមានកាលពីថ្ងៃសោរ៍ ចុងសប្ដាហ៍កន្លងទៅ។ ការពន្យាពេល និងទម្លាក់ពន្ធត្រឹម១០ភាគរយនេះ ក៏អនុវត្តចំពោះប្រទេសកាណាដា និងម៉ិកស៊ិកផងដែរ៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា