Connect with us

ព័ត៌មានជាតិ

​ស្អែកនេះ ក្រុមហ៊ុនអាកាសចរណ៍​ថ្មីមួយ​ទៀត​ បើក​​ជើង​ហោះហើរ​មក​អាកាសយានដ្ឋាន​តារាសាគរ ​

បានផុស

នៅ

នៅ​ថ្ងៃ​ទី ១១ ខែ​មេសា ស្អែកនេះ ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌា​អ៊ែរវេ នឹង​បើក​ប្រតិបត្តិការ​ជើង​ហោះហើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ​ក្នុង​ខេត្ត​កោះកុង។

ការ​តភ្ជាប់​ជើងហោះហើរ​​ដឹក​អ្នក​ដំណើររបស់​ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌា​អ៊ែរវេ ក្រោយ​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ​បាន​ដាក់​ឲ្យ​ប្រតិបត្តិការ​ទទួល​ជើង​ហោះហើរ​ក្នុង​ស្រុក​ជាលើក​ដំបូង​កាល​ពី​ចុង​ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយក​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ​បាន​ឲ្យ​ដឹង​ថា នេះ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ទីពីរ​ ដែល​បាន​បើក​ប្រតិបត្តិការ​ហោះហើរ​មក​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ​ក្នុង​ខេត្ត​កោះកុង ក្រោយ​អាកាសយានដ្ឋាន​ទី ៤ របស់​ប្រទេស​កម្ពុជា​នេះ បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ទទួល​អ្នក​ដំណើរ​ក្នុង​ស្រុក​កាលពី​ចុង​ឆ្នាំ​២០២៤។

«កាល​ពី​មុន​យើង​មាន​ក្រុមហ៊ុន​កម្ពុជា​អង្គរអ៊ែរ​ (អាកាសចរណ៍​អ៊ែរ ខេមបូឌា) មក​ជា​លើក​ទី ១។ ហើយ​នេះ​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​ទី ២ ដែល​បាន​ហោះ​ហើរ​មក។ សម្រាប់​ការ​សម្ពោធ យើង​មិន​មាន​ជា​ពិធី​ធំ​ដូច​មុន​ទេ។ គ្រាន់​ជា​ការ​ទទួល​ជើង​ហោះ​ហើរ​តែប៉ុណ្ណោះ»។

លោក​ ម៉ៅ កែវពេជ្រច័ន្ទមុន្នី បាន​ប្រាប់​កម្ពុជាថ្មី​ថា ប្រតិបត្តិការ​ហោះហើរ​មក​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ ក្រុមហ៊ុន​ខេមបូឌា អ៊ែរវែ នឹង​​ធ្វើ​ឡើង​ជា​ប្រចាំ​រៀងរាល់​ថ្ងៃ​សុក្រ​ចាប់​ថ្ងៃ​ទី ១១ ខែ​មេសា​នេះ​ត​ទៅ​លើ​គោលដៅ​ពី​​ភ្នំពេញ-តារាសាគរ-ភ្នំពេញ។

ក្រោម​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ Union Development Group (UDG) អាកាសយានដ្ឋាន​​អន្តរជាតិ​តារាសាគរ​បាន​ពន្យារ​ពេល​បើក​ប្រតិបត្តិការ ដែល​ដំបូង​ឡើយ​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ២០២១។

ក្រុមហ៊ុន Union Development Group (UDG) បាន​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល ​វិនិយោគ​សាងសង់​អាកាស​យានដ្ឋាន​តារា​សាគរ​តម្លៃ​ជាង ២០០ លាន​ដុល្លារ នៅ​ស្រុក​បុទុមសាគរ​ ក្នុង​ខេត្ត​កោះកុង។

អាកាស​យានដ្ឋាន​ថ្មី​នេះ​មាន​ផ្លូវ​យន្តហោះ​ចុះ​ប្រវែង ៣២០០ ម៉ែត្រ ទទឹង​ ៦០ ម៉ែត្រ ដែល​មាន​សមត្ថភាព​​អាច​ទទួល​យន្តហោះ​ប្រភេទ A-350-900 និង Boeing 777 ជាដើម។

កម្ពុជា​ថ្មី​បាន​ទាក់ទង​ទៅ​លោក ស៊ីន ចាន់សិរីវុត្ថា មន្រ្តី​អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល ដើម្បី​សាកសួរ​បន្ថែមតែ​នៅ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​នៅ​ឡើយ​ទេ។

ថ្លែង​ក្នុង​ឱកាស​ចូលរួម​ពិធី​សម្ពោធ​បើក​ទទួល​ការ​ហោះហើរ​ក្នុង​ស្រុក​លើក​ដំបូង​ជា​លក្ខណៈ​ជួល​ មក​កាន់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​តារាសាគរ ​កាល​ពី​ថ្ងៃ​ទី ២៦ ខែ​ធ្នូ ឆ្នាំ ២០២៤ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​គូស​បញ្ជាក់​ថា ​​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ ​បាន​ដើរ​តួនាទី​ជា​ហេដ្ឋារចនាសម្ពន្ធ​តភ្ជាប់​ខេត្ត​កោះកុង​ ទៅ​កាន់​អាកាសយានដ្ឋាន​ដទៃ​ទៀត​ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ ដែល​នឹង​ជួយ​លើក​កម្ពស់​ការ​ធ្វើ​ពាណិជ្ជកម្ម ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ រួមទាំងការអភិវឌ្ឍ​​វិស័យទេសចរណ៍​សម្រាប់​ខេត្ត​ឆ្នេរ​សមុទ្រ​មួយ​នេះ​ផង​ដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម