Connect with us

ព័ត៌មានជាតិ

មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ត្រៀមឈាម ៥ ពាន់ប្លោក សម្រាប់ជួយសង្គ្រោះជនរងគ្រោះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

បានផុស

នៅ

នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ ប្រពៃណីជាតិ​ ដែល​នឹង​ឈានចូល​មកដល់​នាពេល​ខាងមុខនេះ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ​បាន​ត្រៀម​ឈាម​ប្រមាណ ​៥​ ពាន់​ប្លោក​ សម្រាប់​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​ជួប​បញ្ហា​ផ្សេងៗ​ ពិសេស​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ​១០ មេសា​ នេះ​ថា ​«​ការត្រៀម​ឈាម ​៥ ​ពាន់​ប្លោក​នេះ​ ដោយសារតែ​ឆ្នាំនេះ​ការរៀបចំ​សង្ក្រាន្ត​អបអរ​ចូល​ឆ្នាំ​ថ្មី​មាន​ការ​ផុសផុល​ខ្លាំង​ជាង​រាល់​ឆ្នាំ​ ទើប​យើង​ត្រៀម​ច្រើន​ទៅតាម​ហ្នឹង​ដែរ​ ខណៈ​ឆ្នាំមុន​ត្រៀម​តែ ៤០០ ទៅ ៥០០ ប្លោក ប៉ុណ្ណោះ។ ឈាម​ទាំងនេះ​គឺ​យើង​មិន​ខ្វះ​ទេ​ ដោយសារ​តែមាន​ការ​ចូលរួម​បរិច្ចាគ​ឈាម​យ៉ាងសកម្ម​ពី​សំណាក់​ប្រជាពលរដ្ឋ​មានការ​កើនឡើង​ខ្ពស់​ ពិសេស​ក្រុមយុវជន​ដែល​ជា​ក្រុម​ស្នូល​យ៉ាង​សំខាន់​ក្នុងការ​ធ្វើឱ្យ​ចំនួន​ឈាមមាន​ការកើនឡើង​ជា​បន្តបន្ទាប់​»។

លោក​វេជ្ជបណ្ឌិត​ បាន​បន្ត​ថា ជាក់ស្តែង​ឆ្នាំ ​២០២៤ ​យើង​ប្រមូល​អំណោយ​ឈាម​បាន​ប្រមាណ ​១ សែន ​៧ ​ម៉ឺន​ប្លោក ​ខណៈ​ឆ្នាំ​ ២០២៥​ នេះ​ យើង​ដាក់​ផែនការ​ប្រមូល​ឱ្យបាន​ ១​ សែន ​៨​ ម៉ឺន​ប្លោក ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស​មាន​កា​រ​កើនឡើង ២០%។ ឈាម​ទាំងនោះ​យកទៅ​ប្រើប្រាស់​ក្នុង​ការ​ជួយសង្គ្រោះ​អាយុជីវិត​អ្នកជំងឺ​ពាក់ព័ន្ធ​ទៅ​នឹង​គ្រោះ​ចរាចរណ៍ ស្ត្រី​ឆ្លងទន្លេ ការ​វះកាត់​ធំៗ ដូចជា​ វះកាត់​ជំងឺ​បេះដូង ជំងឺមិនឆ្លង​រួមមាន​ជំងឺ​មហារីក​ និង​ជំងឺ​លាង​ឈាម​ជាដើម។

លោក​វេជ្ជបណ្ឌិត បាន​បន្ថែមថា «​សន្ទុះ ​នៃ​ការចូលរួម​បរិច្ចាគ​ឈាម​កើនឡើង​នេះ​បានធ្វើឱ្យ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​អាចមាន​លទ្ធភាព​ស្តុក​ឈាម​បាន​គ្រប់គ្រាន់ ​ជួយ​កាត់បន្ថយ​ការ​បរិច្ចាគ​ឈាម​ជំនួស​សាច់ញាតិ ​និង​បងប្អូន​របស់​អ្នកជំងឺ​បាន​មួយកម្រិត​ ខណៈ​បច្ចុប្បន្ន​ក្នុង ​១​ ថ្ងៃ​ យើង​មាន​តម្រូវការ​ឈាម​នៅ​ទូទាំង​ប្រទេស​បាន​កើន​ឡើងដល់​ ៤០០​ ប្លោក​ ក្នុងនោះ​ នៅ​រាជធានី​ភ្នំពេញ​មាន​តម្រូវការ​ឈាម​ដល់​ ៣៥០ ​ប្លោក ​និង​តាម​ខេត្ត​ ៥០​ ប្លោក​ ដោយសារ​នៅតាម​ខេត្ត​ការវះកាត់​មាន​តិច​ជាង​នៅ​រាជធានី​ភ្នំពេញ​ ពោលគឺ​ក្នុង​ ១​ នាទី​ ត្រូវការ​ឈាម ១ ប្លោក​»។

លោក​វេជ្ជបណ្ឌិត សូម​កោតសរសើរ​យុវជន​កម្ពុជា​ដែល​បាន​ចូលរួម​បរិច្ចាគ​ឈាម​យ៉ាង​ផុលផុស និង​បាន​បំបែក​ឯតទគ្គកម្ម​ការ​បរិច្ចាគ​ឈាម​ដែលមាន​ចំនួន​ច្រើន​មិន​ធ្លាប់មាន​ពីមុនមក​ដែល​ធ្វើឱ្យ​កំណើន​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​កើនឡើង​ខ្ពស់ និង​សូម​យុវជន​បន្ត​ចូលរួម​ការ​បរិច្ចាគ​ឈាម​នេះ​ឱ្យបាន​ផុលផុស​បន្ថែមទៀត​ ដើម្បីឱ្យ​មជ្ឈមណ្ឌល​ជាតិ​មាន​ស្តុក​ឈាម​គ្រប់គ្រាន់​សម្រាប់​ជួយ​សង្គ្រោះ​អាយុ​ជីវិត​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់។

គួរ​បញ្ជាក់​ថា ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ​ឆ្នាំនេះ​ នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល ៣ ថ្ងៃ គឺ ចាប់ពី​ថ្ងៃ​ទី ១៤-១៥ និង ១៦ ខែ​មេសា ឆ្នាំ ២០២៥៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម