Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីព័ត៌មាន៖ វេទិកា “ការផ្លាស់ប្តូរបទសម្ភាសរួមគ្នា”ឆ្លុះបញ្ចាំងកិច្ចសហការល្អរវាងកម្ពុជា-ចិន

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្រ្តា បានលើកឡើងថា វេទិកាស្តីពី «ការផ្លាស់ប្តូរបទសម្ភាសរួមគ្នា» រវាងអ្នកសារព័ត៌មានកម្ពុជា និងចិន បានឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អនៃប្រទេសទាំងពីរ ហើយធ្វើឱ្យអ្នកសារព័ត៌មានយល់កាន់តែច្បាស់អំពីបរិបទពិតប្រាកដនៃការអភិវឌ្ឍ និងកិច្ចសហការ ព្រមទាំងបញ្ហាប្រឈមនានាសំដៅផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយវិជ្ជាជីវៈ និងលឿនរហ័ស។

លោកបានលើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធិបតីភាពក្នុងកម្មវិធី កិច្ចប្រជុំចែករំលែកលទ្ធផលបទសម្ភាសរួមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់ ដែលធ្វើឡើងនៅទឹកដីកម្ពុជា នាថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី មានប្រសាសន៍ថា ការចូលរួមរបស់អ្នកសារព័ត៌មានកម្ពុជា និងចិនក្នុងកម្មវិធីនេះ ជាឧទាហរណ៍មួយដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ចិន ដែលមានទិសដៅច្បាស់លាស់ យូរអង្វែង ធ្វើឱ្យអ្នកសារព័ត៌មានយល់កាន់តែច្បាស់អំពីបរិបទពិតប្រាកដនៃការអភិវឌ្ឍ និងកិច្ចសហការ ព្រមទាំងបញ្ហាប្រឈមនានាសំដៅផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយវិជ្ជាជីវៈ ដោយធានានូវគុណភាព សុវត្ថិភាព និងលឿនរហ័សទាន់សភាពការណ៍។

លោកបានបញ្ជាក់ថា វិស័យព័ត៌មាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹងរបស់ប្រជាជនតាមរយៈការបញ្ជូនព័ត៌មានពិតនិងត្រឹមត្រូវ ហើយក៏ជាស្ពានផ្សារភ្ជាប់ទំនាក់ទំនង ពង្រឹងសាមគ្គីភាព និងបង្កើនស្មារតីមិត្តភាពលើវិស័យវប្បធម៌ សេដ្ឋកិច្ច និងនយោបាយ។  លោកថា៖«បច្ចុប្បន្ននេះ កិច្ចសហការរវាងប្រទេសមហាមិត្តទាំងពីរ បាននឹងកំពុងបោះជំហានទៅមុខ និងរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច នយោបាយ ការទូត ហេដ្ឋារចនាសម្ព័ន្ធ សង្គម និងវប្បធម៌ ដែលក្នុងនោះរាប់បញ្ចូលទាំងវិស័យព័ត៌មាន និងសោតទស្សន៍ផងដែរ»។

ក្នុងន័យនេះ លោករដ្ឋមន្រ្តីបានលើកឡើងពីកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ប្រទេសកម្ពុជា និងចិន បាននឹងកំពុងអនុវត្តគម្រោងរួមគ្នាជាច្រើនពាក់ព័ន្ធនឹងវិទ្យុ និងទូរទស្សន៍ ការផ្លាស់ប្តូរព័ត៌មាន និងការចែករំលែកបទពិសោធក្នុងប្រព័ន្ធផ្សព្វផ្សាយ ការបណ្តុះបណ្តាលមន្ត្រីជំនាញ ដំណើរទស្សនកិច្ចសិក្សា ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ និងកិច្ចសហការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ជាដើម។


ជាក់ស្តែង ក្រសួងព័ត៌មានកម្ពុជាបានចុះអនុស្សរណៈ និងកិច្ចព្រមព្រៀងជាច្រើនជាមួយស្ថាប័នរដ្ឋ និងឯកជនចិន ដែលក្នុងនោះរួមមាន៖ រដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍នៃសាធារណរដ្ឋប្រជាមានិតចិន (NRTA) អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) មន្ទីរឃោសនាការខេត្តយូណាន កាសែត យូណាន ដេលី គ្រុប និងស្ថាប័នផ្សព្វផ្សាយផ្សេងៗទៀតរបស់ចិន។ ជាងនេះទៅទៀត ក្រសួងព័ត៌មាន បានទទួលនូវការគាំទ្រផ្នែកហិរញ្ញប្បទានតាមរយៈមូលនិធីពិសេស នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ក្នុងការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍តាំងពីឆ្នាំ២០១៨មក។

បើតាមលោករដ្ឋមន្រ្តី វេទិកាថ្ងៃនេះបានផ្តល់នូវឱកាសដ៏មានតម្លៃនៃការបង្កើតបណ្តាញទំនាក់ទំនង ការផ្លាស់ប្តូរ បទពិសោធ និងការចែករំលែកចក្ខុវិស័យរវាងអ្នកសារព័ត៌មានកម្ពុជា និងចិន ដែលទាក់ទងភាពរីកចម្រើននៃប្រទេសទាំងពីរ និងជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ឱ្យកាន់តែស៊ីជម្រៅ និងបង្កើតសមិទ្ធផលថ្មីៗបន្ថែម សម្រាប់សង្គមជាតិទាំងមូល ជាពិសេសសម្រាប់កម្ពុជា-ចិន។


ផ្សារភ្ជាប់ជាមួយកម្មវិធីនាថ្ងៃនេះ ដំណើរទស្សនកិច្ច សារព័ត៌មានរួមកម្ពុជា-ចិន បានផ្តោតជាសំខាន់លើគម្រោងអភិវឌ្ឍន៍ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញអំពីគោលជំហររួមគ្នា ក្នុងការលើកកម្ពស់ភាពយល់ដឹង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាដៃគូយូរអង្វែងរវាងប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងពីរ។

លោកបានបន្ថែមថា ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញឱ្យសាធារណជន និងពិភពលោក ជាពិសេសប្រជាជននៃ ប្រទេសទាំងពីរ យល់ច្បាស់អំពីគម្រោងសំខាន់ៗ ដែលប្រទេសជាមិត្តដែកថែបទាំងពីរបានសហការ អនុវត្តរួមគ្នាដូចជាមន្ទីរពេទ្យព្រះកុសុមៈ តំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ កំពង់ផែស្វយ័តព្រះសីហនុ ស្ថានីយវារីអគ្គិសនីសេសានក្រោម២ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ គម្រោងស្ពានចាក់អង្រែ ជាពិសេសមជ្ឈមណ្ឌលភស្តុភារនិងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ដែលបានដាក់សម្ពោធជាផ្លូវការកាលពី ពេលថ្មីៗនេះ ជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការផ្អែកលើអត្ថប្រយោជន៍រួម សុភមង្គលរួម និងអនាគត រួមរបស់ប្រជាជននៃប្រទេសទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ វិនាទី មុន

រដ្ឋមន្រ្តីព័ត៌មាន៖ វេទិកា “ការផ្លាស់ប្តូរបទសម្ភាសរួមគ្នា”ឆ្លុះបញ្ចាំងកិច្ចសហការល្អរវាងកម្ពុជា-ចិន

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ជនជាតិ​វៀតណាម ៣៩​នាក់ធ្វើមាតុភូមិនិវត្តន៍​ពី​មីយ៉ាន់ម៉ា ដែលមាន​មណ្ឌលឆបោក​ច្រើន​

កីឡា១០ នាទីutes មុន

កីឡាករ ពេជ្រ អាទិទេព​ ប្ដេជ្ញា​ចិត្ត​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ពេល​ប៉ះ​ម៉ាឡេស៊ី​សប្ដាហ៍​នេះ​

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

តម្លៃមាសអន្តរជាតិ កើនលើស ៣ ១០០ ដុល្លារ/អោន ជាថ្មី ជុំវិញ​ពន្ធលើចិន

ព័ត៌មានជាតិ១៣ នាទីutes មុន

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីរបស់ចិន នឹងបន្តចូលរួមក្នុងការអភិវឌ្ឍឧស្សាហកម្មព័ត៌មានវិទ្យា និងគមនាគមន៍នៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម