ព័ត៌មានជាតិ
ថ្ងៃចូលឆ្នាំ៖ ទណ្ឌិតចំនួន ៣៤២នាក់ ត្រូវបានបន្ធូរបន្ថយទោស
ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥នេះ ទណ្ឌិតចំនួន ៣៤២នាក់ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោស។

យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នា២០២៥នេះ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន ៣៤២នាក់ ដែលមានទណ្ឌិតជាស្រីចំនួន ២១នាក់។

ចំណោមទណ្ឌិតទាំងនោះ មានចំនួន ២៥៦នាក់ (ស្រី ១៣នាក់) ត្រូវបានបន្ធូរបន្ថយទោស៣ខែ ហើយបន្ធូរបន្ថយទោស ៦ខែ មានចំនួន ៦៥នាក់ (ស្រី ៧នាក់) បន្ធូរបន្ថយទោស៩ខែ មានចំនួន ១៩នាក់ (ស្រី ១នាក់) និងទណ្ឌិតចំនួន ២នាក់ គឺត្រូវបានបន្ធូរបន្ថយទោសពីមួយជីវិត មកនៅត្រឹម៣០ឆ្នាំ។ នេះបើតាមលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥នេះ។
ទន្ទឹមនឹងការអនុគ្រោះទោសដល់ទណ្ឌិតខាងលើ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិ ក៏បានសម្រេចដាក់បញ្ចូលទណ្ឌិតចំនួន ៦រូប ចូលទៅក្នុងបញ្ជីដែលមិនអាចទទួលបានការអនុគ្រោះទោស ដោយទុកឱ្យអនុវត្តទោសចប់ក្នុងពន្ធនាគារ។

លោករដ្ឋលេខាធិការ គឹម សន្តិភាព បានបញ្ជាក់ជាថ្មីថា គណៈកម្មការថ្នាក់ជាតិ គឺពុំលើកយកមកពិនិត្យពិចារណានោះឡើយចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើមួយចំនួន ជាអាទិ៍ ឧក្រិដ្ឋជនគ្រឿងញៀន អំពើសាហាវយង់ឃ្នង ករណីមិនរាងចាល បទល្មើសប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសច្រើនដង លើសពី ១ភាគ៣នៃរយៈពេលផ្តន្ទាទោស។

ចំពោះបទល្មើសរំលោភផ្លូវភេទ ដែលជនរងគ្រោះជាអនីតិជនអាយុក្រោម១៣ឆ្នាំ ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ ឬមានផ្ទៃពោះ ជនរងគ្រោះជាសាច់សាលោហិត ករណីរំលោភបូក និងករណីប៉ុនប៉ង ឬបៀតបៀនកេរខ្មាសលើ ជនរងគ្រោះជាសាច់សាលោហិត ក៏ត្រូវទណ្ឌិតនោះ មិនអាចទទួលការអនុគ្រោះទោសដែរ៕
ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង