ព័ត៌មានជាតិ
រដ្ឋាភិបាល និងសភាជប៉ុន កោតសរសើរ និងអបអរសាទរការរៀបចំសង្ក្រាន្តឆ្នាំថ្មីរបស់ខ្មែរនៅជប៉ុន
(ជប៉ុន)៖ រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ និងសមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យសេរី (LDP) បានចេញលិខិតចំនួន ២ច្បាប់ផ្សេងគ្នា អបអរសាទរចំពោះការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខ្មែរនៅជប៉ុន នៅក្នុងទីក្រុងណាហ្គូយ៉ា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ដោយចាត់ទុកជាព្រឹត្តិការណ៍ ដែលបានបង្ហាញពីភាពល្អឥតខ្ចោះ និងភាពសម្បូររុងរឿងនៃវប្បធម៌ និងអរិយធម៌ខ្មែរ ហើយក៏ជាគន្លឹះនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។


លោក Nakano Hiromasa រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ បានលើកឡើងថាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាពិធីបុណ្យដែលមានសារៈសំខាន់បំផុតសម្រាប់ប្រជាជនខ្មែរ និងជាឱកាសជួបជុំជាមួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់ ដើម្បីអបអរទទួលឆ្នាំថ្មី។ លោកសង្ឃឹមថា ពិធីបុណ្យនេះ មិនត្រឹមតែបង្ហាញពីវប្បធម៌ និងប្រពៃណីដ៏សម្បូរបែប និងទឹកចិត្តដ៏កក់ក្តៅរបស់ប្រជាជនខ្មែរនោះទេ ប៉ុន្តែក៏ជាស្ពានដើម្បី ដែលបង្កើនចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជាផងដែរ។
ទន្ទឹមនឹងនេះ លោកជំទាវ KATAYAMA SATSUKI សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មការកិច្ចការស្រាវជ្រាវ ហិរញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មការស្រាវជ្រាវប្រព័ន្ធពន្ធ នៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាចនៅជប៉ុន បានបង្ហាញការសោកស្តាយដែលមិនអាចចូលរួមកម្មវិធីសង្ក្រាន្តខ្មែរនៅជប៉ុនដោយផ្ទាល់ ប៉ុន្តែបានបង្ហាញជំនឿយ៉ាងមុតមាំថា ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងអំពីវប្បធម៌ ទំនៀមទម្លាប់ដ៏សម្បូរបែបរបស់ខ្មែរ និងជាឱកាសដែលប្រជាពលរដ្ឋខ្មែរនៅជប៉ុន ព្រមទាំងភ្ញៀវអន្តរជាតិអាចជួបជុំ ដើម្បីចែករំលែកវប្បធម៌ទៅវិញទៅមក ព្រមទាំងជូនពរឱ្យមិត្តភាព និងការអភិវឌ្ឍរបស់ប្រទេសជប៉ុន និងកម្ពុជា កាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

ដោយឡែក ថ្លែងក្នុងពិធីបើកកម្មវិធីសង្កា្រន្តខ្មែរនៅជប៉ុន លោក Hirosawa Ichiro អភិបាលក្រុងណាហ្គូយ៉ា ក៏បានសម្តែងនូវការអបអរសាទរចំពោះការៀបចំព្រឹត្តការណ៍សង្ក្រាន្តខ្មែរនៅជប៉ុនឆ្នាំ២០២៥ នេះ ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករ និងបានពាំនាំនូវប្រពៃណី និងវប្បធម៌ខ្មែរ មកបង្ហាញជូនប្រជាពលរដ្ឋនៃក្រុងណាហ្គូយ៉ា ព្រមទាំងអ្នកចូលរួមទាំងអស់ក្នុងព្រឹត្តិការណ៍នេះ។ កម្មវិធីនេះពិតជាបានចូលរួមចំណែកយ៉ាងក្នុងការជំរុញកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌រវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា។ លោកអភិបាលក្រុង ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានជ្រើសរើសទីក្រុងណាហ្គូយ៉ាសម្រាប់ប្រារព្ធព្រឹត្តិការណ៍សង្រ្កាន្តខ្មែរនៅជប៉ុនយ៉ាងគគ្រឹកគគ្រេងនេះផងដែរ។
សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA សមាគមមិត្តយើង សមាគមកម្ពុជា-ជប៉ុន គិបូ និងសមាគមនិស្សិតខ្មែរនៅណាហ្គូយ៉ា បានរៀបចំកម្មវិធីសង្រ្កាន្តខ្មែរនៅជប៉ុន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ នៅសួន Garden Pier ទីក្រុងណាហ្គូយ៉ា នៃខេត្តអាយឈិ ប្រទេសជប៉ុន ក្រោមសហអធិបតីភាព លោក ហាំង តុលា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាលជប៉ុន បងប្អូនសហគមន៍ខ្មែរ និស្សិត កម្មសិក្សាការី ពលករ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបប្រមាណជិត ១ម៉ឺននាក់។

ក្នុងព្រឹត្តិការណ៍នោះ ក៏មានការរៀបចំពិធីសាសនា ដូចជា បង្សុកូល រាប់បាត្រ ស្រង់ព្រះ ពូនភ្នំខ្សាច់ ប្រគេនចង្ហាន់ព្រះសង្ឃ ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ និងការដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ ផលិតផលខ្មែរជាច្រើនដូចជានំអន្សម នំគម ម្រេចខ្មែរ សម្លៀកបំពាក់ប្រពៃណីខ្មែរ និងការលេងល្បែងប្រជាប្រិយ ដូចជាបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ព្រមទាំងការប្រគុំតន្រ្តី និងរាំលេងកម្សាន្ត ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយ។
គួររំលឹកផងដែរថា ក្រៅតែពីការប្រារព្ធសង្ក្រាន្តឆ្នាំថ្មីនៅក្នុងទីក្រុងណាហ្គូយ៉ា ដែលរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ សមាជិកសភា និងអភិបាលក្រុងណាហ្គូយ៉ារបស់ជប៉ុន អបអរសាទរនាពេលនោះ ក្រុមការងារដែលដឹកនាំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនេះចំនួន ៩ទីតាំងផ្សេងទៀតនៅតាមតំបន់នានាក្នុងប្រទេសជប៉ុនផងដែរ៕



-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២៣ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម