Connect with us

ព័ត៌មានជាតិ

តើអ្វីជា «ទស្សនកិច្ចផ្លូវរដ្ឋ» និង «ទស្សនកិច្ចផ្លូវការ»?

បានផុស

នៅ

អ្នកជំនាញផ្នែកពិធីការការទូត លោក​សាស្ត្រាចារ្យបណ្ឌិត ឥន សុផល បានចែករំលែកពីភាពខុសគ្នានៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងទស្សនកិច្ចផ្លូវការ។ តើអ្វីជា«ទស្សនកិច្ចផ្លូវរដ្ឋ» និង«ទស្សនកិច្ចផ្លូវការ»? បើតាមលោក​សាស្ត្រាចារ្យបណ្ឌិត ឥន សុផល ប្រមុខរដ្ឋអាចធ្វើទាំងទស្សនកិច្ចផ្លូវរដ្ឋ និងទស្សនកិច្ចផ្លូវការ។ ប៉ុន្តែនាយករដ្ឋមន្ត្រី មិនអាចធ្វើទស្សនកិច្ចផ្លូវរដ្ឋ ទេ ពោលគឺអាចធ្វើត្រឹមទស្សនកិច្ចផ្លូវការ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្ត្រាចារ្យបណ្ឌិត ឥន សុផល បានបន្ថែមថា ប្រទេសដែលប្រធានាធិបតីកាន់អំណាច ដូចជា សហរដ្ឋអាម៉េរិក ចិន ហ្វីលីពីន ឥណ្ឌូនេស៊ី ជាអាទិ៍ គឺអាចមកធ្វើ “ទស្សនកិច្ចផ្លូវរដ្ឋក៏បាន ឬទស្សនកិច្ចផ្លូវការក៏បាន” ក៏ប៉ុន្តែមានភាពខុសគ្នាលើចំណុចមួយចំនួន។

អ្នកជំនាញផ្នែកពិធីការការទូតរូបនេះ បានលើកពន្យល់សម្រាប់កម្ពុជា គឺទស្សនកិច្ចផ្លូវរដ្ឋ គឺជាប្រធានាធិបតី មកបំពេញទស្សនកិច្ចនៅកម្ពុជា តាមការអញ្ជើញរបស់ព្រះមហាក្សត្រ ជាព្រះប្រមុខរដ្ឋកម្ពុជា គឺជាភ្ញៀវរបស់ព្រះប្រមុខរដ្ឋ។ បើតាមសាស្ត្រាចារ្យបណ្ឌិត ឥន សុផល ទស្សនកិច្ចផ្លូវរដ្ឋនេះ គឺនឹងមានពិធីទទួលបដិសណ្ឋារកិច្ចដោយមានតាំងទង់ជាតិភ្ញៀវ និងម្ចាស់ផ្ទះ មានតាំងរូបព្រះឆាយាល័ក្ខណ៍ និងរូបថតទន្ទឹមគ្នា ដែលភ្ញៀវតាំងនៅខាងស្តាំ ហើយព្រមទាំងមានអមដោយមហាជនឈរអបអរសាទរតាមដងផ្លូវទទួលស្វាគមន៍ដល់ព្រះបរមរាជវាំង មានម៉ូតូប៉ូលិសអមចំនួន២០គ្រឿង និងព្រះមហាក្សត្ររៀបចំពិធីទទួលផ្លូវការនៅក្នុងព្រះបរមរាជវាំង។

គោលបំណងនៃទស្សនកិច្ចផ្លូវរដ្ឋ គឺចង់បង្ហាញពីទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានដល់កម្រិតកំពូល ហើយនៅក្នុងដំណើរទស្សនកិច្ចនេះដែរ ពុំមានការប្រជុំពិភាក្សាលើបញ្ហានយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយព្រះមហាក្សត្រនោះទេ ព្រោះព្រះអង្គពុំកាន់អំណាច។ ប៉ុន្តែអាចមានការពិភាក្សាក្រៅផ្លូវការជាមួយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ឬនាយករដ្ឋមន្ត្រី នៅពេលចូលជួបសម្តែងការគួរសមជាមួយប្រធានាធិបតី។ នេះជាការបន្ថែមរបស់ម្ចាស់សៀភៅ «ពិធីការជាតិ និងអន្តរជាតិ» សាស្ត្រាចារ្យបណ្ឌិត ឥន សុផល។

លោកសាស្ត្រាចារ្យបណ្ឌិត បានបន្តរៀបរាប់ឱ្យដឹងទៀតថា ប្រធានាធិបតី ក៏អាចអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការដែរ ប្រសិនជាមានការអញ្ជើញរបស់នាយករដ្ឋមន្ត្រី គឺមានន័យថា ជាភ្ញៀវរបស់នាយករដ្ឋមន្ត្រី។ ក្នុងទស្សនកិច្ចផ្លូវការនេះ គឺពិធីទទួលបដិសណ្ឋារកិច្ច ពុំមានតាំងរូបថតទេ ហើយក៏ពុំមានមហាជនឈរអបអរសាទរនោះដែរ មានតែម៉ូតូប៉ូលិសអមចំនួន១៨គ្រឿង និងនាយករដ្ឋមន្ត្រី រៀបចំពិធីទទួលផ្លូវការនៅក្នុងវិមានសន្តិភាព ហើយគោលបំណងនៃដំណើរទស្សនកិច្ច ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ប្រជុំពិភាក្សាលើបញ្ហានយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងមានចុះកិច្ចព្រមព្រៀង ឬ អនុស្សរណៈយោគយល់គ្នា(MoU) មួយចំនួនដែលជាសមិទ្ធផលនៃដំណើរទស្សនកិច្ច រួមទាំងមានពិធីជប់លៀងទទួលស្វាគមន៍ជាផ្លូវការ។

ការចែករំលែករបស់សាស្ត្រាចារ្យបណ្ឌិត ឥន សុផល ខាងលើ គឺស្របពេលដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង អញ្ជើញមកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅថ្ងៃទី១៧​ ខែមេសានេះ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជា បានរៀបចំដាក់ទង់ជាតិកម្ពុជា-ចិន ជាមួយបដារតាមដងផ្លូវក្នុងរាជធានីភ្នំពេញ អមដោយប្រជាពលរដ្ឋខ្មែរ និងចិន  ឈរទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ស៊ី ជីនពីង នៅព្រឹកថ្ងៃទី១៧ ខែមេសានេះ។ ជាពិសេសនោះ ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ស្ដេចយាងទទួលស្វាគមន៍លោកប្រធានាធិបតី ស៊ី ជីនពីង ដោយផ្ទាល់ នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ក្រសួងការបរទេសកម្ពុជា ចាត់ទុកថា ទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដែលត្រូវបានកសាងឡើងដោយថ្នាក់ដឹកនាំជាបន្តបន្ទាប់នៃប្រទេសទាំងពីរ។ ទស្សនកិច្ចនេះ ក៏នឹងបង្កើនសារៈសំខាន់បន្ថែមទៀតដល់ចំណងមិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រជាជាតិទាំងពីរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សហរដ្ឋអាមេរិក​ ដំឡើងពន្ធលើចិនដល់ ២៤៥ ភាគរយ

ព័ត៌មានជាតិ១ ម៉ោង មុន

មុនធ្វើទស្ស​នកិច្ចនៅកម្ពុជា លោក ស៊ី ជីនពីងថា ចិន មិនហាមឃាត់កម្ពុជាឡើយ ក្នុងការរើសផ្លូវអភិវឌ្ឍន៍ប្រទេសដែលស្របនឹងលក្ខខណ្ឌជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម