ព័ត៌មានជាតិ
សង្គ្រោះក្មេងស្រី០៤នាក់ ចាញ់បោកមេខ្យល់ទៅប្រទេសចិន ខណៈម្នាក់មានផ្ទៃពោះ៨ខែ មិនទាន់អាចត្រឡប់មកកម្ពុជាវិញបាន
ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានថ្លែងឲ្យដឹងនៅថ្ងៃនេះថា មានក្មេងស្រីរងគ្រោះជនជាតិខ្មែរចំនួន០៤នាក់ ដែលត្រូវបានមេខ្យល់ឆបោករៀបការទៅប្រទេសចិន ហើយបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញចំនួន០៣នាក់ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២៣ និង១៥នាទីយប់ តាមជើងយន្តហោះលេខ.MU759 តែនៅម្នាក់ទៀត មានផ្ទៃពោះប្រហែល៨ ខែ មិនទាន់អាចត្រឡប់មកកម្ពុជាវិញបាន រង់ចាំនីតិវិធីបន្ត។
បើតាមឧត្តមសេនីយ៍ឯក ជីវ ផល្លី ក្មេងស្រីរងគ្រោះទាំងនោះរួមមាន ទី១. ឈ្មោះ យ៉េន សុជាតា ទី២. ឈ្មោះ សុខ ណា និងទី៣. ឈ្មោះ សៀន ស្រីណុច មានទីលំនៅ ស្រុកតំបែ ខេត្តត្បូងឃ្មុំ (បច្ចុប្បន្នក្មេងស្រីរងគ្រោះខាងលើ បាននិងកំពុងអនុវត្តវិធានចត្តាឡីស័ករយ:ពេល១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យពោចិនតុង រាជធានីភ្នំពេញ) និងទី៤. ឈ្មោះ យ៉េន តី អាយុ១៦ ឆ្នាំ កំពុងមានផ្ទៃពោះ មិនទាន់ត្រឡប់កម្ពុជាវិញបានទេ។

គួររំលឹកថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២០ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ny Ka Met Ma បានផ្ញើសារចូលក្នុងប្រអប់សារគេហទំព័ររបស់ក្រុមប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិឈ្មោះ “ការពិតជា GCNP” ដោយសំណូមពរឲ្យអាជ្ញាធរជួយអន្តរាគមន៍សង្គ្រោះនាងមកកម្ពុជាវិញ ដោយពុំអាចស៊ូទ្រាំនឹងការធ្វើទារុណកម្ម អាហារហូបចុកមិនគ្រប់គ្រាន់ និងបង្ខាំងគ្មានសេរីភាព ព្រមទាំងគំរាមសម្លាប់ ។ បន្ទាប់មានការឯកភាពពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ករណីនេះត្រូវបានបញ្ជូនមកនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីជាសមត្ថកិច្ចអន្តរាគមន៍ដោះស្រាយ។
លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី បញ្ជាក់ថា បន្ទាប់ពីទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ ជំនាញនៃនាយកដ្ឋានបានធ្វើការទំនាក់ទំនងសម្របសម្រួលជាមួយឪពុកមាជនរងគ្រោះឲ្យមកដាក់ពាក្យបណ្ដឹងនៅក្រសួងមហាផ្ទៃ ដើម្បីឲ្យសមត្ថកិច្ចមានមូលដ្ឋានអនុវត្តគោលការណ៍ជំនាញ និងនីតិវិធី ។ ជាមួយគ្នានោះជំនាញបានធ្វើការទំនាក់ទំនងជាមួយជនរងគ្រោះនៅប្រទេសចិនតាមប្រព័ន្ធ Facebook Messenger ដើម្បីទទួលបានព័ត៌មានលម្អិតក្នុងការកំណត់គោលដៅសង្គ្រោះ។
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នាយកដ្ឋានបានប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយពីជនរងគ្រោះ និងបានផ្ញើជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងធ្វើការបន្តជាមួយស្ថានទូត និងអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសចិន ដើម្បីធ្វើកិច្ចសហប្រតិបត្តិការស្រាវជ្រាវ។
ក្រោមកិច្ចសហប្រតិបត្តិការល្អរវាងអាជ្ញាធរចិន និងសមត្ថកិច្ចពាក់ព័ន្ធរបស់កម្ពុជា បានស្រាវជ្រាវស្វែងរកឃើញកន្លែងស្នាក់នៅរបស់ក្មេងស្រីរងគ្រោះខាងលើ គឺនៅខេត្តជាំងស៊ី ក្រុងណានឆាង ប្រទេសចិន និងបានសម្របសម្រួលអនុវត្តគោលការណ៍ជំនាញ និងនីតិវិធីនៃប្រទេសទាំងពីរកម្ពុជា-ចិន ដើម្បីបញ្ជូនជនរងគ្រោះត្រឡប់មកប្រទេសកម្ពុជាវិញ។
លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ស្នើឲ្យក្រុមគ្រួសារនារីរងគ្រោះ មេត្តាយោគយល់អធ្យាស្រ័យចំពោះភាពយឺតយ៉ាវក្នុងការបញ្ជូននារីរងគ្រោះមកកម្ពុជាវិញ ពីព្រោះភាពយឺតយ៉ាវនេះ បណ្តាលមកពីតម្រូវការអនុវត្តនីតិវិធី ក្នុងការចាត់បញ្ជូនជនរងគ្រោះ រួមជាមួយនឹងការអនុវត្តវិធានចត្តាឡីស័កនៅប្រទេសចិនផងដែរ។ លោកឧត្តមសេនីយ៍បន្ថែមថា តាមការស្រាវជ្រាវរបស់អាជ្ញាធរ និងសមត្ថកិច្ចជំនាញរកឃើញស្ត្រីរងគ្រោះជនជាតិខ្មែរសរុបចំនួន០៤នាក់ ត្រូវបានជួយសង្គ្រោះក្នុងប្រតិបត្តិការខាងលើ ប៉ុន្តែអាចបំពេញបែបបទបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញបានចំនួន៣នាក់ ប៉ុណ្ណោះ ដោយសារតែជនរងគ្រោះឈ្មោះ យ៉េន តី អាយុ១៦ ឆ្នាំកំពុងមានផ្ទៃពោះប្រហែល៨ខែ មិនអាចជិះយន្តហោះត្រឡប់មកកម្ពុជាវិញបានទេ ដោយរង់ចាំនីតិវិធីបន្ត។

លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី បានឲ្យដឹងទៀតថា ពាក់ព័ន្ធករណីជួញដូរមនុស្សដោយខុសច្បាប់ទៅកាន់ប្រទេសចិន ក្នុងករណីនារីរងគ្រោះខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាជាមេខ្យល់ឈ្មោះ ស្រេង សិត ភេទស្រី អាយុ៣៦ ឆ្នាំរស់នៅភូមិឈើទាលជ្រុំ ឃុំគោកស្រុក ស្រុកតំបែ ខេត្តត្បូងឃ្មុំ ដែលបាននាំជនរងគ្រោះឈ្មោះ យ៉េន សុជាតា ទៅប្រទេសចិន បង្ខំអោយរៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ ហើយជនត្រូវចោទខាងលើ ត្រូវបានសាលាដំបូងខេត្តត្បូងឃ្មុំសម្រេចបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារខេត្ត។
ក្នុងនាមថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមនាយកដ្ឋានជំនាញ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាអាជ្ញាធរចិន ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រដោះស្រាយគ្រប់សំណូមពររបស់នាយកដ្ឋានជំនាញ ទទួលបានជោគជ័យជាបន្តបន្ទាប់ និងពិសេសសូមអរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន បណ្ដាញទំនាក់ទំនងសង្គម ដែលតែងតែចូលរួមចំណែកក្នុងកិច្ចការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងក៏ដូចជាការចូលរួមចំណែកស្វែងរកយុត្តិធម៌សង្គម៕
អត្ថបទ ៖ កោះកែវ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍