ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២០ មេសា នេះថា គិតត្រឹមព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៥ នេះ មានពលករខ្មែរ ០២ នាក់ បានស្លាប់ និង ០២ នាក់ទៀត បានរងរបួស ដោយសារការរញ្ជួយដីនៅក្នុងប្រទេសថៃ កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥។

លោក កត្តា អ៊ន បានបន្តថា ពលករដែលបានស្លាប់ទី ០១.ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិបាល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយសពត្រូវដឹកយកមកធ្វើបុណ្យតាមប្រពៃណី កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចូលរួមបច្ច័យបុណ្យចំនួន ១ ម៉ឺនដុល្លារ។ ចំណែក លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ចូលរួមបច្ច័យចំនួន ២០ លានរៀល និង សមាគម ESEA ចំនួន ១៥ លានរៀល និង សមាគម ACRA ចំនួន ១៥ លានរៀល ជូនក្រុមគ្រួសារ និង រៀបចំពិធីបុណ្យសព លោក មាស សាវ៉ាង ដែលបានទទួលមរណភាពដោយសារការរញ្ជួយដីក្នុងប្រទេសថៃ។

ទី០២.ឈ្មោះ ផល្លា រតនា ភេទប្រុស អាយុ ២៤ ឆ្នាំ ហើយពិធីបូជាសពត្រូវបានរៀបចំធ្វើនៅវត្តបាភ្លីយ៉ៃក្លាង ឃុំបាងភ្លីយ៉ៃ ស្រុកបាភ្លី ខេត្តសាមុទ្រប្រាកាន ប្រទេសថៃ ហើយក្រសួងការងារបានចាត់តាំង លោក សេង សក្តា រដ្ឋលេខាធិការតំណាង លោក ហេង សួរ រដ្ឋមន្ត្រី ចូលរួម និង សម្តែងនូវសមានទុក្ខក្ដុកក្ដួលរន្ធត់ចិត្ត និង សេចក្ដីសោកស្ដាយស្រណោះអាឡោះអាល័យជាទីបំផុត និង សូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំជូនចំពោះ លោក សៅ ផល្លា និង អ្នកស្រី ឆាយ សោភ័ណ្ឌ ជាឪពុកម្ដាយ នៃសព ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់កូនជាទីស្រឡាញ់ ដែលបានលាចាកលោក និង លាចាកពីក្រុមគ្រួសារ និង ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ផល្លា រតនា សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ចូលរួមរំលែកទុក្ខ និង ចូលបច្ច័យចំនួន ១ ម៉ឺនដុល្លារ ដល់គ្រួសារសព លោក ផល្លា រតនា ដែលបានទទួលមរណភាពដោយសារគ្រោះរញ្ជួយដីក្នុងប្រទេសថៃផងដែរ។

លោក កត្តា អ៊ន បានបន្តទៀតថា ចំណែកពលការិនីដែលរងរបួសរួមមាន ៖ ទី ០១.ឈ្មោះ សឿន សំណាង ភេទស្រី អាយុ ៤៤ ឆ្នាំ រស់នៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានរងរបួសកជើង និង ធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញដោយខ្លួនឯង កាលពីវេលាម៉ោង ០៤ រសៀល ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៥ បន្ទាប់ពីជួបគ្រោះថ្នាក់បាក់កែងជើង កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥។

ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាត់តាំងមន្ត្រី នៃមន្ទីរការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ធំ មន្ត្រីបេឡាជាតិសន្តិសុខសង្គម សហការជាមួយអាជ្ញាធរស្រុកប្រាសាទបល្ល័ង្ក ចុះទៅដល់ផ្ទះពលការិនី ឈ្មោះ សឿន សំណាង អាយុ ៤៤ ឆ្នាំ និង បានជួបផ្ទាល់ជាមួយពលការិនី និង ក្រុមគ្រួសាររបស់គាត់ ព្រមទាំងបានផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ផ្តល់អំណោយ និង ថវិកា ព្រមទាំងធានាការព្យាបាលជើងជូនគាត់ឱ្យជាសះស្បើយ។

ទី ០២.ឈ្មោះ ឃិន សាខុន ភេទប្រុស រងគ្រោះថ្នាក់របូតគន្លាក់ជង្គង់ព្យាបាលនៅប្រទេសថៃ ត្រូវបានអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះទៅដល់មន្ទីរពេទ្យ Siriraj ក្នុងទីក្រុងបាងកក ប្រទេសថៃ ដើម្បីសាកសួរសុខទុក្ខ និង នាំយកថវិការបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង