Connect with us

ព័ត៌មានជាតិ

បច្ចុប្បន្នកម្ពុជា​មាន​កំពង់ផែ​ ១១៩ កន្លែង ​ប្រតិបត្តិការ​​​ដឹកជញ្ជូន​តាម​ផ្លូវទឹក និង​ផ្លូវ​សមុទ្រ​

បានផុស

នៅ

កម្ពុជា​មាន​កំពង់ផែ​សមុទ្រ និង​កំពង់ផែ​តាម​ដង​ទន្លេ​សរុប​ចំនួន ១១៩ កន្លែង ដែល​បាន​កំពុង​ចូលរួម​លើក​កម្ពស់​ប្រសិទ្ធភាព និង​ពង្រីក​វិសាល​ភាព​នៃ​ការ​ដឹកជញ្ជូន​តាម​ផ្លូវទឹក និង​ផ្លូវ​សមុទ្រ​នៅ​កម្ពុជា។

ថ្លែង​នៅ​ក្នុង​ពិធីសម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​នៅ​ព្រឹក​នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​គូស​បញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជាមាន​កំពង់ផែ​សមុទ្រ និង​កំពង់ផែ​តាម​ដង​ទន្លេ​ចំនួន ១១៩ កន្លែង​ដែល​កំពុង​ប្រតិបត្តិការ​ដឹកជញ្ជូន​តាមផ្លូវទឹក និងផ្លូវសមុទ្រនៅកម្ពុជា​ ក្នុង​នោះ​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​មាន​កំពង់ផែ​ក្រុង​ព្រះសីហនុ រួមទាំង​កំពង់ផែ​ចំនួន ៣០ ផ្សេង​ទៀត និង​នៅ​តាម​ដងទន្លេ​មាន​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​កំពង់ផែ​ចំនួន ៨៧ ផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​ការ​ដាក់​ឲ្យ​ដំណើរការ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ភូមិ​ជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្ត​កំពត ចាត់​ទុក​ជាច្រកទ្វារអន្តរជាតិ​ផ្លូវសមុទ្រ​យ៉ាង​សំខាន់ សម្រាប់​តភ្ជាប់​ការដឹកជញ្ជូន​ភ្ញៀវទេសចរ​ពីបណ្តាប្រទេសនានា។ នេះ​បើតាម​លោក ប៉េង ពោធិ៍នា​។

លោករដ្ឋមន្រ្តី​បានគូស​បញ្ជាក់ថា ការដំណើរការ​កំពង់ផែនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី​នៃការតភ្ជាប់​វិស័យ​ទេសចរណ៍​​កម្ពុជា​តាម​ផ្លូវសមុទ្រជាមួយ​ប្រទេសជិតខាងក្នុងតំបន់ និងជាលក្ខណៈអន្តរជាតិ។ ជាងនេះទៀត កំពង់ផែនេះ នឹងរួមចំណែកលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ទៅកាន់គោលដៅ​ទេសចរណ៍​ផ្សេងៗ ដូចជា ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និង​បណ្តា​កោះ​នានា​ក្នុង​ព្រះរាជាណាចក្រកម្ពុជា។

បើតាម​លោក​​រដ្ឋមន្រ្តី នៅក្នុងអំឡុង​ពេល​នៃការធ្វើប្រតិបត្តិការ​សាកល្បង ក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ដែល​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង និង​ប្រតិបត្តិការកំពង់ផែទេសចរណ៍កំពត បាន​សហការ​ជាមួយ​​ក្រុមហ៊ុន វីរៈ ប៊ុនថាំ ធ្វើការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់ ទីតាំងកម្សាន្តនានា រួមមាន កោះរ៉ុងសន្លឹម កោះរ៉ុង និង​កោះស្តេច ដែលជាលទ្ធផល គិតត្រឹមចុងខែមីនា ឆ្នាំ២០២៥ ​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ជាង ៧ ០០០​នាក់ ចេញ-ចូល។ បន្ថែមពីលើនេះ ដោយមានការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនក៏បានសិក្សា​អំពីកិច្ចសហការធុរកិច្ចជាមួយដៃគូក្រៅប្រទេសមួយចំនួន ដើម្បី​បង្កើន​​ការ​ប្រើប្រាស់សេវាកម្មកំពង់ផែ ជំរុញលើកកម្ពស់លំហូរទេសចរណ៍ ឬសកម្មភាព​ទេសចរណ៍​តាមផ្លូវសមុទ្រ និងពង្រីកវិស័យទេសចរណ៍របស់កម្ពុជានាពេលអនាគត។

កំពង់ផែទេសចរណ៍អន្តរជាតិកំពតសាងសង់នៅលើផ្ទៃដី ៤,២៥ ហិកតា។ បច្ចុប្បន្ន​ កំពង់ផែទេសចរណ៍​អន្តរជាតិ​កំពត​​អាច​អនុញ្ញាត​ឱ្យនាវាផ្ទុកអ្នកដំណើរ ឬ​ភ្ញៀវ​ទេសចរ​រហូតដល់ ៣០០នាក់ ចូលចេញ​កំពង់ផែ​​ជា​លក្ខណៈអន្តរជាតិបាន។

តាម​​គម្រោង​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិកំពត តម្រាយ​ផ្លូវ​​សម្រាប់​នាវាចរណ៍​ត្រូវ​មាន​ជម្រៅ​ទឹក ៣ ម៉ែត្រ ដោយ​​​​រាប់ចាប់​ពីទីតាំង​បត់​នាវា​រហូត​ដល់ផ្ទៃសមុទ្រ ដែល​មានប្រវែង ៦,៧៥​ គីឡូម៉ែត្រ និង​ទទឹងទំហំ ៦២ ម៉ែត្រ មាន ២ គន្លងទៅមក។

ផ្តើម​ចេញ​ពី​គម្រោង និង​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏ប្រណីតនៃ​កំពង់ផែទេសចរណ៍អន្តរជាតិកំពតដែល​បាន​សាងសង់រួច រួមជាមួយ​នឹង​ចក្ខុវិស័យវែងឆ្ងាយ​របស់រាជរដ្ឋាភិបាល តម្រាយ​ផ្លូវ​នាវាចរណ៍​កំពង់ផែ​នឹងត្រូវអភិវឌ្ឍន៍​បន្ថែម​ឱ្យមាន​ជម្រៅទឹក​លើសពី ៣ ម៉ែត្រ ទទឹងប្រវែងពី ១៦០ ម៉ែត្រ ទៅ ៣៤០ ម៉ែត្រ ដែល​មាន​ប្រវែង​រហូត​ដល់ ១៥ គីឡូម៉ែត្រ រាប់ចាប់​​ពីទីតាំងបត់នាវារហូត​ដល់​ផ្ទៃសមុទ្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម