ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីជំរុញឱ្យមើលពីភាពវិជ្ជមានលើស្ថានភាពសង្គមឱ្យបានច្រើន
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាគ្មានអ្វីល្អឥតខ្ចោះនោះទេតែរដ្ឋាភិបាលក៏ព្យាយាមដោះស្រាយជាបណ្ដើរៗហើយដែរ។ សម្ដេចយល់ថាពលរដ្ឋគួរមើលពីភាពវិជ្ជមានក្នុងសង្គមឱ្យបានច្រើនដើម្បីជំរុញការចូលរួមលើសកម្មភាពវិជ្ជមានលើកស្ទួយប្រទេស។

ថ្លែងពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ក្នុងស្រុកទឹកឈូរ ខេត្តកំពត ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវក្ដីបារម្ភពីគ្រោះថ្នាក់ចំពោះជាតិ ប្រសិនជាពលរដ្ឋគ្រប់គ្នាផ្ដោតសំដៅតែរឿងអវិជ្ជមានក្នុងសង្គមនោះ។ ការលើកឡើងនេះបានឆ្លើយតបនឹងមនុស្សមួយចំនួនដែលថារដ្ឋបណ្ដោយឱ្យពលរដ្ឋលេងបាញ់ទឹក ប៉ាតម្សៅ ស្លៀកពាក់មិនសមរម្យជាដើម។ សម្ដេចស្នើមើលរូបភាពជារួមវិញ ព្រោះរដ្ឋមិនបានបោះបង់សិល្បៈ វប្បធម៌ ប្រពៃណីនោះទេ ការលេងបាញ់ទឹក ប៉ាតម្សៅជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ ហើយការស្លៀកពាក់ទៀតសោតក៏មានពលរដ្ឋជាច្រើនស្លៀកពាក់ប្រពៃណីផងដែរ។
សម្ដេចថាពលរដ្ឋគួររួមគ្នាមើល ផ្សព្វផ្សាយ ចូលរួមគិត និងធ្វើសកម្មភាពវិជ្ជមានបានច្រើនគឺជាការចូលរួមជួយដល់ប្រទេសជាតិ។
សម្ដេចថា៖ «មិនល្អឥតខ្ចោះទេ! បញ្ហាអវិជ្ជមានយើងដោះស្រាយ តែយើងត្រូវអបអរសាទរនូវអ្វីដែលយើងបាន អ្វីដែលយើងរួមគ្នាកសាងបាន ហើយជាមូលដ្ឋានសម្រាប់យើងធ្វើដំណើរទៅមុខឆ្នាំថ្មីនេះហើយអត្ថន័យនៃការរួមគ្នាសប្បាយឆ្នាំថ្មីរបស់យើង»។

អ្នកជំនាញផ្នែកទស្សនវិជ្ជា និងកិច្ចការសង្គម លោកបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ថា ការគិតវិជ្ជមានមិនត្រឹមតែជួយដល់សង្គមជាតិប៉ុណ្ណោះទេ វាជួយដល់សុខភាពផ្លូវចិត្តរបស់មនុស្សក្នុងសង្គមផងដែរ។ លោកបន្ថែមថា ការគិតវិជ្ជមានដូចជាការបង្កើតនូវក្ដីសង្ឃឹម និងផ្ដល់ឱកាសសម្រាប់ខ្លួនឯង។
លោកមានប្រសាសន៍ទៀតថាក្នុងសង្គមជាតិមួយតែងតែងមានបញ្ហាអវិជ្ជមានក្នុងសង្គមហើយដូច្នេះពលរដ្ឋគួរចូលរួមដោះស្រាយ ហើយសូមគិតថាគ្រប់ឧបសគ្គ គ្រប់បញ្ហាសុទ្ធតែមានដំណោះស្រាយ។

លោកថា៖ «នៅលើពិភពលោកមេដឹកនាំដែលល្អពូកែ សូម្បីតែនៅកម្ពុជាក្សត្រយើងដែលពូកែពីមុនៗមកមិនមានក្សត្រណាមួយដែលអាចគេចផុតពីចន្លោះប្រហោង ឬចំណុចអវិជ្ជមានមួយចំនួនដែលកើតឡើងទេ។ អ៊ីចឹងបើសិនជាយើងគិតថាមានកំហុសតិចតួចសុទ្ធតែមិនអាចដោះស្រាយបាន សុទ្ធតែរឿងដែលមិនអាចកែប្រែបាននោះហើយដែលជារឿងធ្វើឱ្យសង្គមយើងបែកបាក់នោះ»។
ក្នុងពិធីបុណ្យចូលឆ្នាំកន្លងទៅថ្វីត្បិតតែមានបញ្ហាបន្តិចបន្តួចតែកម្ពុជាបានរៀបចំពិធីបុណ្យដ៏ធំនេះដោយរលូននិងសប្បាយរីករាយ។ សាលារាជធានីភ្នំពេញបានបញ្ចេញរថយន្តក្រុងសាធារណៈជូនដំណើរពលរដ្ឋទៅស្រុកដោយឥតគិតថ្លៃដោយបានជួយសន្សំលុយពលរដ្ឋលើថ្លៃធ្វើដំណើរបានជាង១លានដុល្លារ ខណៈតាមបណ្ដាខេត្តនានាបានរៀបចំពិធីចូលឆ្នាំក្នុងខេត្តរបស់ខ្លួនដោយមានការជំរុញឱ្យមានការលេងល្បែងប្រជាប្រិយ និងសិល្បៈប្រពៃណីរបស់ខ្មែរផងដែរ៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា