Connect with us

ព័ត៌មានជាតិ

ពលរដ្ឋក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា កំពុងខ្វះទឹកប្រើប្រាស់

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានត្អូញត្អែរថា ពួកគាត់គ្មានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃតាំងតែពីថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរមកម្ល៉េះ ដោយបច្ចុប្បន្នកំពុងមានតម្រូវការទឹកយ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ស៊ីម និងអ្នកស្រី គឹមសួរ ជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំប៉ាក់ខ្លង លើកឡើងថា ឆ្នាំមុនៗមិនដាច់ទឹកប្រើដូច្នេះទេ ទើបតែឆ្នាំនេះដាច់ទឹក ហើយពួកគាត់លំបាកក្នុងរស់នៅឬប្រកបអាជីវកម្មលក់ដូរចិញ្ចឹមជីវិត ដោយសារតែគ្មានទឹកស្អាតប្រើ។

ពលរដ្ឋដដែលបន្តថា ក្នុង១ថ្ងៃត្រូវចំណាយថវិកាទឹកតាមរថយន្ត៣០០០លីត្រ ថ្លៃ១២ម៉ឺនរៀល ឬទឹកធុងយ៉ាង​ហោច​២ម៉ឺនរៀលដែរ បើធៀបនឹងការប្រើទឹកស្អាតដែលមានបណ្តាញអស់ច្រើនណាស់។ ដូច្នេះពួកគាត់ជឿជាក់ថា អាជ្ញាធរ និងក្រុមហ៊ុន ជួយស្វែងរកដំណោះទឹកមកចែកជូនពួកគាត់ផងដែរ។

លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានថ្លែងថា ឆ្នាំនេះមិនចំពោះតែឃុំប៉ាក់ខ្លងទេដែលគ្មានទឹកប្រើ សូម្បី​តែឃុំពាមក្រសោបក៏ខ្វះខាតទឹកប្រើដូចគ្នាដែរ។ បច្ចុប្បន្នលោកកំពុងសុំអន្តរាគមន៍ទៅក្រុមហ៊ុនផ្គត់ផ្គង់ទឹក ដើម្បីដឹកទឹកចែកជូនពលរដ្ឋជាបណ្តោះអាសន្នសិន។

លោកអភិបាលស្រុកមណ្ឌលសីមា បន្តថា ក្រៅពីមូលដ្ឋានរស់នៅរបស់ពលរដ្ឋ ក្រុមការងារក៏បន្តដឹកជញ្ជូនទឹកទៅ​ចែក​ជូនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សតាមសាលារៀនផងដែរ ព្រោះពួកគាត់ក៏ជួបការលំបាកខ្វះខាតទឹកដូចគ្នាដែរ។ ហើយការដាច់ទឹកស្អាត ប្រើប្រាស់នេះដោយសារតែប្រភពទឹកនៅជ្រោះតាបប៉ន និងនៅភូមិចាំយាម មានសភាពរីងស្ងួត និងខូចម៉ូទ័របូម ដោយក្រុមហ៊ុនកំពុងមមាញឹកស្វែងរកដំណោះស្រាយស្វែងរកប្រភពទឹកសាបបន្ថែម។

គួរជម្រាបថា បញ្ហាខ្វះទឹកស្អាតមិនមែនកើតមានតែក្នុងស្រុកមណ្ឌលសីមាទេ ពោលគឺនៅក្រុងខេមរភូមិន្ទ ក៏កំពុងជួបប្រទះការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃដូចគ្នាដែរ ដោយអាជ្ញាធរក្រុងក៏ស្វែងរកទឹកដឹកជញ្ជូនចែកជូនពលរដ្ឋដោយគិតថ្លៃផងដែរ៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម