ព័ត៌មានជាតិ
ក្នុងឆ្នាំ២០២៤ សមត្ថកិច្ចបានដកពិន្ទុបណ្ណបើកបរជាង៦ម៉ឺនពិន្ទុ
នៅក្នុងឆ្នាំ២០២៤កន្លងទៅ សមត្ថកិច្ចបានដកពិន្ទុបណ្ណបើកបរជាង ៦ម៉ឺនពិន្ទុលើអ្នកបើកបរយានយន្តជាង ១សែនគ្រឿង ហើយពិន័យដោយឧបករណ៍បច្ចេកទេសសរុបចំនួន១២៤.៧៣៤នាក់ ទទួលបានទឹកប្រាក់បានជាង២៦ពាន់លានរៀល។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

យោងតាមប្រការ៤ នៃប្រកាសអន្តរក្រសួងស្ដីពីនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ គ្រប់បណ្ណបើកបរ គឺត្រូវមានពិន្ទុសរុបចំនួន ១២ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយនៅពេលអ្នកបើកបរបានប្រព្រឹត្តបទល្មើសចរាចរណ៍ផ្លូវគោក ជាអាទិ៍ ករណីកាត់១ពិន្ទុ ទៅលើអ្នកមិនពាក់ខ្សែក្រវាត់ ឬមួកសុវត្ថិភាព ប្រើភ្លើងហ្វានៅពេលជួបនឹងយានមកពីទិសផ្ទុយ បើកបរជាន់តាមខ្សែគំនូសបង្អួតកណ្តាលទ្រូងផ្លូវ បើកបរលើសល្បឿនកំណត់ពី១ទៅ១៩គីឡូម៉ែត្រក្នុងមួយម៉ោង បើកបរនៅពេលយប់ដោយគ្មានភ្លើងគ្រប់គ្រាន់តាមប្រភេទយានយន្ត និងផ្ទុកមនុស្សលើសកំណត់។

ករណីកាត់២ពិន្ទុ សម្រាប់ទៅលើអ្នកបើកបរលើសល្បឿនចាប់ពី២០ទៅ២៩គីឡូម៉ែត្រក្នុងមួយម៉ោង បើកបរបង្កើនល្បឿននៅពេលគេកំពុងជែងខ្លួន បត់ឆ្វេង ឬបត់ស្តាំ មិនបានត្រឹមត្រូវ បត់ត្រឡប់ក្រោយនៅកន្លែងហាមឃាត់ មិនគោរពលក្ខខណ្ឌនៃបណ្ណបើកបរ បត់ឆ្វេង បត់ស្តាំ ឬឈប់មិនបានឱ្យសញ្ញាជាដំណឹង ជែង ឬចៀសមិនបានត្រឹមត្រូវ បើកបរដោយគ្មានទុកចន្លោះសុវត្ថិភាពគ្រប់គ្រាន់ដែលបង្កឱ្យមានគ្រោះថ្នាក់ បើកបរដោយធ្វេសប្រហែស ធ្វើឱ្យរំខានដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត មិនបានឱ្យសញ្ញាជាដំណឹងត្រឹមត្រូវនៅពេលចេញដំណើរ យានមានលក្ខណៈបច្ចេកទេសមិនត្រឹមត្រូវ ផ្ទុកទំនិញមិនបានត្រឹមត្រូវ ចតយាននៅលើគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់ ឈប់ ឬចតនៅលើគំនូសតម្រឹមទ្រូងផ្លូវ ដាក់កុមារអាយុក្រោម ១០ឆ្នាំ ឱ្យអង្គុយនៅកៅអីផ្នែកខាងមុខនៃរថយន្ត មិនបានដាក់កុមារអាយុក្រោម ៥ឆ្នាំ ឱ្យអង្គុយក្នុងកៅអីសម្រាប់កុមារអង្គុយ ឬដេកក្នុងរថយន្ត និងគេចពីមន្ត្រីនគរបាលចរាចរណ៍ដែលធ្វើការត្រួតពិនិត្យ។

ករណីកាត់៣ពិន្ទុ ទៅលើអ្នកបើកបរណាដែលឈប់ ឬចតនៅកន្លែងដែលគ្រោះថ្នាក់ ជែងដោយគ្រោះថ្នាក់ បើកបរជែងគ្នានៅកន្លែងហាមឃាត់ ប្តូរទិសគ្មានឱ្យសញ្ញាជាដំណឹង បើកបរឆ្លងកាត់គំនូសបង្ហូតជាប់កណ្តាលទ្រូងផ្លូវ បើកបរលើសកល្បឿនកំណត់ចាប់ពី ៣០ ទៅ ៣៩ គីឡូម៉ែត្រក្នុងមួយម៉ោង បើកបរក្នុងពេលមានអត្រាជាតិស្រវឹងចាប់ពី ០,២៥ ទៅ ០,៣៩ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៥០ ទៅ ០,៧៩ ក្រាមក្នុងមួយលីត្រឈាម បើកបរប្រណាំងគ្នាតាមផ្លូវដោយគ្មានច្បាប់អនុញ្ញាត កំហុសនៃការឈប់ ឬការមិនផ្តល់សិទ្ធិអាទិភាពនៅកន្លែងថ្មើរជើងឆ្លងកាត់ មិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម មិនគោរពផ្លាកសញ្ញាឈប់ ឬសញ្ញាសិទ្ធិអាទិភាព មិនគោរពសញ្ញាបញ្ជាចរាចរណ៍របស់នគរបាលចរាចរណ៍។
ករណីកាត់៤ពិន្ទុ ទៅលើអ្នកបើកបរលើសល្បឿនកំណត់ចាប់ពី ៤០ ទៅ ៤៩គីឡូម៉ែត្រក្នុងមួយម៉ោង បើកបរមិនគោរពសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ បើកបរទន្ទឹមគ្នា ធ្វើឱ្យស្ទះចរន្តចរាចរណ៍ មិនបានផ្តល់សិទ្ធិអាទិភាពឱ្យយានយន្តមានសិទ្ធិអាទិភាព ទំនិញធ្លាក់ពីលើយានពេលកំពុងបើកបរ បើកបរបញ្ច្រាសទិសចរាចរណ៍ បើកបរបង្ហោះ រេចុះឡើង ឆាប ឬកៀរ។

ករណីកាត់៦ពិន្ទុ ទៅលើអ្នកបើកបរលើសល្បឿនកំណត់ចាប់ពី ៥០ គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ បើកបរក្នុងពេលមានអត្រាជាតិស្រវឹងចាប់ពី ០,៤០ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ឬមានឥទ្ធិពល គ្រឿងញៀន រត់គេចខ្លួនពេលមានគ្រោះថ្នាក់ចរាចរណ៍ ប្រើប្រាស់ផ្លាកលេខ និងបណ្ណសម្គាល់យានយន្តក្លែងក្លាយ បើកបរល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ហើយបង្កឱ្យមានរបួសដល់អ្នកដទៃដោយអចេតនា ហើយបណ្តាលឱ្យអ្នករងគ្រោះអសមត្ថភាពធ្វើការងារក្នុងរយៈពេលស្មើ ឬលើសពី ៨ថ្ងៃ គិតពីថ្ងៃកើតហេតុ ឬស្លាប់ កំហុសមិនរាងចាលនៃការប្រើប្រាស់បណ្ណបើកបរហួសសុពលភាព ឬមិនត្រឹមត្រូវតាមប្រភេទយាន បដិសេធមិនឱ្យធ្វើតេស្តជាតិអាល់កុល ឬសារធាតុញៀន និងផ្ទុកមនុស្សលើទំនិញ។ គួរបញ្ជាក់ថា ក្នុងករណីប្រព្រឹត្តបទល្មើសម្តង ការកាត់ពិន្ទុមិនត្រូវឱ្យលើសពី ៨ពិន្ទុឡើយ។
សូមបញ្ជាក់ថា ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍កើតមានឡើង២.៨៤៤លើក បណ្ដាលឱ្យស្លាប់១.៥០៩នាក់ និងរបួស៣.៧៣០នាក់។ ជាមួយគ្នានោះដែរ ការអនុវត្តដកពិន្ទុបណ្ណបើកបរ និងបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអ្នកល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣៕

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក