ព័ត៌មានជាតិ
តើគួរបង្កើតម៉ាកយីហោអាជីវកម្មដោយខ្លួនឯង ឫនាំចូលពីខាងក្រៅ?
អាជីវកម្មម្ហូបអាហារ និងភេសជ្ជៈនៅក្នុងរាជធានីភ្នំពេញបាននឹងកំពុងរីកដុះដាលយ៉ាងឆាប់រហ័សនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែកំណើនសេដ្ឋកិច្ច និងការកើនឡើងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋដែលធ្វើឱ្យពួកគាត់មានអំណាចនៃការទិញខ្លាំងជាងមុន។
លោក គួច សុខលី គឺជាប្រធានក្រុមហ៊ុន Cambodia Best Meal (CBM) ដែលជាក្រុមហ៊ុនបំរើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន CBM ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០២ មានម៉ាកយីហោល្បីៗជាច្រើន ក្នុងនោះមានទាំងម៉ាកនាំចូលពីបរទេសដូចជា Tous Les Jours និង Domino’s Pizza និងម៉ាកដែលបង្កើតឡើងក្នុងស្រុកដោយខ្លួនឯងដូចជា The Asian Kitchen។
ទាក់ទងនឹងសំណួរដែលថាតើការបង្កើតម៉ាកយីហោដោយខ្លួនឯង ឫការនាំចូលម៉ាកយីហោពីខាងក្រៅមួយណាល្អជាង លោក គួច សុខលី មានប្រសាសន៍ថា៖ «វាអាស្រ័យទៅលើថាតើពួកគាត់ចង់ធ្វើវាធំប៉ុណ្ណាសម្រាប់គោលដៅអាជីវកម្មថ្ងៃអនាគត។ ប្រសិនបើពួកគាត់ចង់បង្កើតក្រុមហ៊ុនម្ហូបអាហារមួយធំល្មមដើម្បីទទួលបានចំណូលសមរម្យ និងចង់សោយសុខខ្លះ ពួកគាត់អាចបង្កើតម៉ាកយីហោដោយខ្លួនឯង ប៉ុន្តែត្រូវចំណាយពេលសិក្សា និងបង្កើតប្រព័ន្ធគ្រប់គ្រងឱ្យបានច្បាស់លាស់ដើម្បីឱ្យវាដំណើរការល្អ និងមានស្ថេរភាព។»
លោក គួច សុខលី បានបន្តទៀតថា «ផ្ទុយទៅវិញ ប្រសិនបើពួកគាត់ចង់ពង្រីកខ្លួនឯងឱ្យធំដើម្បីដើរទៅមុខបានលឿន និងមិនចំណាយពេលច្រើនដើម្បីសិក្សា ពួកគាត់គួរនាំចូលម៉ាកយីហោពីក្រៅ។ ការនាំចូលម៉ាកយីហោពីក្រៅអាចល្អជាង ដោយសារយើងមិនចាំបាច់ចំណាយពេលច្រើនទៅសិក្សា ពីព្រោះគេមានគម្ពីរហើយស្រាប់ដែលផ្ដល់អ្វីៗទាំងអស់មកឱ្យយើង។»
ទោះជាយ៉ាងណា ការបង្កើតម៉ាកយីហោអាជីវកម្មដោយខ្លួនឯងក្ដី ឫការនាំចូលម៉ាកយីហោពីខាងក្រៅក្ដីគឺសុទ្ធតែមានបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យម្ចាស់អាជីវកម្មត្រូវចេះដោះស្រាយឱ្យបានល្អ ដើម្បីឱ្យអាជីវកម្មដំណើរការទៅមុខបានដោយរលូន។
អំពីបញ្ហាប្រឈមនៅក្នុងអាជីវកម្មនេះ លោក គួច សុខលី បានរៀបរាប់ថា បញ្ហាប្រឈមមុនគេគឺបុគ្គលិក ដោយយើងត្រូវប្រាកដថាបុគ្គលិករបស់យើងត្រូវបានបណ្ដុះបណ្ដាលត្រឹមត្រូវ យល់់ពីវប្បធម៌របស់ក្រុមហ៊ុន និងយល់ពីម៉ាកយីហោនីមួយៗបានច្បាស់លាស់។ មិនតែប៉ុណ្ណោះ យើងត្រូវព្យាយាមបណ្ដុះបណ្ដាល និងបង្កើតវប្បធម៌ឱ្យបុគ្គលិកចេះស្រលាញ់ក្រុមហ៊ុន និងចាត់ទុកថាម៉ាកយីហោនីមួយៗគឺជារបស់ខ្លួនឯង។
លោក គួច សុខលី បានបន្តថា បញ្ហាប្រឈមបន្ទាប់គឺការប្រកួតប្រជែងលើទីផ្សារ។ ដោយសារទីផ្សារយើងនៅតូចនៅឡើយ យើងត្រូវធានាថាតើធ្វើយ៉ាងដូចម្ដេចដើម្បីអាចឈរជើងនៅលើទីផ្សារបានយូរអង្វែងដើម្បីទទួលបានប្រាក់ចំណេញ។ យើងមិនប្រកួតប្រជែងលើតម្លៃទេ តែយើងប្រកួតប្រជែងលើសេវាកម្ម និងគុណភាព ដោយផ្ដល់ឱ្យអតិថិជនរបស់យើងនូវអ្វីដែលល្អបំផុតសម្រាប់ពួកគាត់។ លើសពីនេះ យើងក៏មានការបញ្ចុះតម្លៃខ្លះដើម្បីឱ្យអតិថិជនរបស់យើងសប្បាយចិត្ត និងដើម្បីឱ្យពួកគាត់មានភក្ដីភាពចំពោះម៉ាកយីហោរបស់យើង។
គួរបញ្ជាក់ថា ក្រុមហ៊ុន CBM មានសាខានៅទូទាំងប្រទេសសរុបជាង៤០ ដូចជានៅរាជធានីភ្នំពេញ បាត់ដំបង និងសៀមរាប ដែលមានអតិថិជនខ្ទង់ពាន់នាក់ក្នុងមួយថ្ងៃ។ ទោះបីជាស្ថិតនៅក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ក្ដី ក្រុមហ៊ុន CBM នៅតែបន្តដំណើរការអាជីវកម្មជាធម្មតាដើម្បីបម្រើដល់អតិថិជនរបស់ខ្លួន ជាពិសេសតាមរយៈការដឹកជញ្ជូនម្ហូបអាហារដល់កន្លែង។
អត្ថបទ៖ វ៉ាត វិន
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់