ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីការពារសុវត្ថិភាពដល់កម្មករ-ការិនី តាមរោងចក្រ សហគ្រាស នៅពេលដែលមានជំនន់ទឹកភ្លៀង។
តាមរយៈសេចក្ដីណែនាំ ស្ដីពីវិធានការសុវត្ថិភាពនៅតាមរោងចក្រ សហគ្រាស ដែលអាចរងជំនន់ទឹកភ្លៀង ទទួលបានថ្ងៃនេះ បានឲ្យដឹងថា ដើម្បីបញ្ចៀសហានិភ័យការងារ និងបង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ បណ្ដាលមកពីជំនន់ទឹកភ្លៀង ក្រសួង សូមណែនាំដល់ម្ចាស់រោងចក្រសហគ្រាស និងកម្មករនិយោជិត ដែលស្ថិតនៅតំបន់អាចរងនូវជំនន់ទឹកភ្លៀង ត្រូវតាមដានជាប្រចាំនូវការព្យាករណ៍ឧតុនិយម និងត្រៀមគោលការណ៍ណែនាំ អំពីសុវត្ថិភាព និងវិធីសាស្ត្រជម្លៀសខ្លួនពេលមានទឹកលិច។

ត្រូវពិនិត្យមើលប្រព័ន្ធអគ្គិសនី និងត្រូវបិទចរន្តអគ្គិសនីជាបណ្ដោះអាសន្នភ្លាម ក្នុងករណីទឹកហូរចូលក្នុងអគារផលិតកម្ម និងបរិវេណរោងចក្រ សហគ្រាស។ ត្រូវយកចិត្តទុកដាក់ខ្ពស់ទីកន្លែងដែលមានស្តុកទុកសារធាតុគីមី និងត្រូវបិទធុងរក្សាសារធាតុគីមីឲ្យបានជិតល្អ ដើម្បីចៀសវាងការលេចធ្លាយប៉ះពាល់ដល់សុខភាពកម្មករនិយោជិត និងប្រជាពលរដ្ឋ។
ចំពោះកម្មករនិយោជិត ត្រូវគោរពតាមការណែនាំ និងចាត់ចែងរបស់និយោជក ពាក់ព័ន្ធនឹងវិធានការសុវត្ថិភាព។ ត្រូវចូលរួមសហការជាមួយនិយោជក ក្នុងការបង្ការ ទប់ស្កាត់ ការហូរចូលនូវចំនួនទឹកភ្លៀងក្នុងអគារផលិតកម្ម និងបរិវេណរោងចក្រសហគ្រាស។ បន្ថែមពីនោះ ត្រូវនៅឲ្យឆ្ងាយពីប្រភព ឬខ្សែភ្លើង ដែលចម្លងចរន្តអគ្គិសនី។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅមិនទាន់មានរោងចក្រសហគ្រាសណាមួយបានផ្អាកសង្វាក់ផលិតកម្មដោយជំនន់ទឹកភ្លៀងនៅឡើយទេ។ ប៉ុន្តែជំនន់ទឹកភ្លៀងនេះ បានបណ្តាលឲ្យមនុស្សស្លាប់១៨នាក់ របួស២នាក់ ប៉ះពាល់ប្រជាជនប្រមាណ ៥៣ ១៦៩ គ្រួសារ ស្មើនឹង ២១២ ៦៧៦ នាក់ និងជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាពប្រមាណ ៦ ២៩៨ គ្រួសារ ស្មើនឹង២៥ ១៩២ នាក់ ផ្ទះប៉ះពាល់ប្រមាណ ៥១១ ៣៣៩ ខ្នង ផ្ទះខូចខាត៥២ខ្នង សាលារៀនលិចទឹក ៤៣៩កន្លែង លិចស្រូវ និងដំណាំរួមផ្សំជាង២ម៉ឺនហិកតា និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត៕
អត្ថបទ ៖ សំអឿន
សូមចុចអាន ៖ គិតត្រឹមថ្ងៃទី១៦តុលានេះ ជំនន់ទឹកភ្លៀង បណ្តាលឲ្យមនុស្សស្លាប់១៨នាក់ និងរបួស២នាក់