ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ពន្យល់ ចាក់វ៉ាក់សាំងរួច អាចឆ្លងកូវីដ-១៩ ឬទេ?
ក្រសួងសុខាភិបាលសូមច្រានចោលទាំងស្រុងនូវការលើកឡើងថា ករណីមានការស្លាប់នៃអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា ដោយសារការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយនៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានធ្វើការពន្យល់ពីប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ហើយក្រោយពេលចាក់វ៉ាក់សាំងរួច តើអាចឆ្លងកូវីដ-១៩ ដែរឬទេ?

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថាវ៉ាក់សាំងអ្វីក៏ដោយ ទោះបីវ៉ាក់សាំងស៊ីណូហ្វាម វ៉ាក់សាំងស៊ីណូវ៉ាក់ក៏ដោយ ឬក៏វ៉ាក់សាំងកូវីសែលក៏ដោយ កាលណាគេចាក់ដូសលើកទី១ វ៉ាក់សាំងនោះត្រូវការរយៈពេលមួយដើម្បីបង្កើត នូវកងការពារសរីរាង្គមនុស្ស។
លោកស្រី ឱ វណ្ណឌីន មានពន្យល់បន្តថា៖ “មិនមែនចាក់ [វ៉ាក់សាំង] ភ្លាម បង្កើត [កងការពារសរីរាង្គ] បានភ្លាមទេ ដូចនេះហើយបានជាត្រូវការចាក់វ៉ាក់សាំងដូសទី២ គឺដើម្បីជំរុញឱ្យមានការបង្កើតបាននូវកងការពារនៅក្នុងសរីរាង្គមនុស្ស។”
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល រូបនេះ បកស្រាយទៀតថា ដោយឡែកអ្នកដែលបានចាក់វ៉ាក់សាំងហើយ បែរជានៅឈឺជំងឺកូវីដ-១៩ ដោយសារនៅពេលចាក់លើកទី១ហើយ វ៉ាក់សាំងមិនទាន់អាចបង្កើតកងការពារខ្លួនបានទេ។ ក្នុងដំណាក់កាលនោះ ប្រសិនអ្នកដែលបានចាក់វ៉ាក់សាំងរួចមិនបានបន្តនូវការអនុវត្តវិធានការការពារ ដោយយល់ច្រឡំស្មានតែចាក់ហើយភ្លាម នោះមេរោគកូវីដ-១៩ នឹងមានលទ្ធភាពវាយលុកចូលសរីរាង្គមនុស្សបាន។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្តថា៖ “អ៊ីចឹងនៅពេលវីរុសចូលក្នុងខ្លួនយើងហើយ សរីរាង្គដែលមិនទាន់មានកងការពារនេះ គឺមិនអាចឈ្នះមេរោគកូវីដ-១៩ បានទេ។ អ៊ីចឹងលទ្ធភាពនៃការឆ្លង នៃការឈឺ នៃការស្លាប់ គឺមានគ្រប់ពេលទាំងអស់ក្នុងចន្លោះពេលចាក់វ៉ាក់សាំង។”
លោកស្រី ឱ វណ្ណឌីន បានពន្យល់បន្ថែមថា ថ្វីដ្បិតតែយើងបានចាក់ដូសលើកទី២ហើយ ហើយភ្លាមឈឺ នេះគឺបង្ហាញថា សរីរាង្គយើងនៅត្រូវការពេលវេលាមួយដើម្បីជំរុញឱ្យបង្កើតបាននូវកងការពារនៅក្នុងសរីរាង្គ។
លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា៖ “បើបុគ្គលនោះបានឆ្លងវីរុសកូវីដ-១៩នៅក្នុងចន្លោះការចាក់វាំក់សាំងលើកទី១ និងលើកទី២ ហើយមិនទាន់ចេញរោគសញ្ញាអី លុះក្រោយចាក់វ៉ាក់សាំងលើកទី២រួច ទើបចេញរោគសញ្ញា ដូចនេះការចាក់វ៉ាក់សាំងលើកទី២នេះ ក៏មិនមានលទ្ធភាពក្នុងការជួយវាយលុកវីរុសកូវីដ-១៩ ដែលបានចូលក្នុងសរីរាង្គតាំងពីមុននោះបានដែរ។”

លោកស្រី បន្ថែមទៀតថា៖ “អ៊ីចឹងហើយបានចាំបាច់ណាស់ នៅពេលមុនចាក់វ៉ាក់សាំង កំឡុងពេលចាក់វ៉ាក់សាំង និងក្រោយពេលចាក់វ៉ាក់សាំង គឺអ្នកដែលបានចាក់វ៉ាក់សាំងទាំងអស់ត្រូវបន្តអនុវត្តនូវវិធានការការពារខ្លួន៣កុំ៣ការពារឱ្យបានជាប់លាប់ជាទីបំផុត។”
លោកស្រី ឱ វណ្ណឌីន បានបន្ថែមថា មិនមែនចាក់វ៉ាក់សាំងហើយមិនឆ្លងទេ បើសិនយើងមិនអនុវត្តវិធានការ៣ការពារ ៣កុំ នោះការឆ្លងនៅតែមាន។ អ្វីដែលជាផលប្រយោជន៍នៃការចាក់វ៉ាក់សាំង គឺធ្វើឱ្យអ្នកចាក់មានកងការពារសម្រាប់ទប់ទល់ជាមួយការវាយលុកពីមេរោគកូវីដ-១៩ចូលមកក្នុងសរីរាង្គ ធ្វើឱ្យសរីរាង្គមិនមានភាពធ្ងន់ធ្ងរ ដែលកាត់បន្ថយបានអតិបរមានូវភាពធ្ងន់ធ្ងរនៃការវាយលុករបស់វីរុសកូវីដ-១៩នៅក្នុងសរីរាង្គ។ ប៉ុន្តែបើវីរុសចូលទៅ វានឹងឆ្លងចូលខ្លួនមនុស្ស និងចម្លងទៅអ្នកដទៃ។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសផ្លូវការអំពី ករណីអ្នកជំងឺទី៧ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ជាបុរសមានអាយុ៥៥ឆ្នាំ មានស្រុកកំណើតនៅភូមិក្តីចាស់ ឃុំព្រែកហ្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
គួររំលឹកផងដែរថា វិធានការ ៣ការពារ រួមមាន៖ ១. ពាក់ម៉ាស់ ២. លាងដៃ និង៣. គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។

ចំណែកវិធានការ ៣កុំ រួមមាន ១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ២. កុំទៅកន្លែងមានមនុស្សច្រើនកុះករ និង៣. កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីត-១៩ កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា