ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ប្រាប់ក្រុមការងារស្ថានីយជញ្ជីងអចល័ត ត្រូវអនុវត្តតួនាទីពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ឱ្យបានម៉ឺងម៉ាត់
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ដល់សមាសភាពក្រុមការងារស្ថានីយជញ្ជីងអចល័ត បឹងឃុនឆាង ត្រូវតែអនុវត្តតួនាទីភារកិច្ចត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ឱ្យបានម៉ឺងម៉ាត់បំផុត។

លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់ការណែនាំដល់មន្ត្រីទាំងអស់ដែលត្រូវប្រចាំការនៅស្ថានីយជញ្ជីងអចល័តថ្មីថា ស្របតាមច្បាប់ស្ដីពីផ្លូវថ្នល់ មាត្រា ២៦ និងមាត្រា ៦០ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុង មានសាមគ្គីភាព និងកិច្ចសហការគ្នាឱ្យបានល្អ ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តការងារទទួលបាននូវប្រសិទ្ធភាព។

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ដដែល លោកដាក់ផែនការដល់ក្រុមការងារមន្ត្រីជំនាញប្រចាំការ ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់។ បើតាមខ្លឹមសារប្រកាសសមាសភាពក្រុមការងារស្ថានីយជញ្ជីងអចល័ត ដែលមានប្រធាន អនុប្រធាន និងសមាជិកចំនួន ១១ រូប កាលពីម្សិលមិញ។

លោក សេង ឈួន គូសបញ្ជាក់ថា ការបង្កើតស្ថានីយជញ្ជីងអចល័តនេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់តាមតម្រាយផ្លូវជាតិលេខ ១០ ក្នុងភូមិសាស្ត្រខេត្តកោះកុង ក្នុងគោលបំណងថែរក្សាគុណភាព នៃការប្រើប្រាស់ផ្លូវបានយូរអង្វែង។ ករណីរថយន្តដែលដឹកលើសទម្ងន់កំណត់ នឹងរងការអនុវត្តច្បាប់ជាធរមានដោយគ្មានការលើកលែង។

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានប្រាប់កម្ពុជាថ្មីឲ្យដឹងនៅរសៀលថ្ងៃទី ២១ ឧសភា នេះថា សព្វថ្ងៃនេះ ស្ថានីយជញ្ជីងអចល័ត បឹងឃុនឆាង សម្រេចបានប្រមាណ ៩០ ភាគរយ ហើយក្រុមការងារជំនាញ នឹងផ្តើមការងារតាមដានរថយន្តដឹកជញ្ជូនលើសកំណត់ជាបណ្តើរៗ បានហើយ។


លោក អន ដាវុធ បានបន្តថា នៅសេសសល់តែដំឡើងគ្រឿងបរិក្ខារសម្ភារៈបច្ចេកទេសមួយចំនួនបន្ថែមទៀតតែប៉ុណ្ណោះ គឺអ្វីៗ នឹងដំណើរការជាផ្លូវការហើយនាពេលខាងមុខឆាប់ៗ នេះ។ ក្រៅពីស្ថានីយជញ្ជីងថ្លឹងរថយន្ត បឹងឃុងឆាង ក្រុងខេមរភូមិន្ទ តាមបណ្តោយផ្លូវជាតិលេខ ១០ ត្រង់ គ.មលេខ ១៩៥+៩៨០ ក្រសួងសាធារណការ ក៏កំពុងរៀបចំស្ថានីយជញ្ជីងអចល័តមួយកន្លែងទៀតដែរ នៅតាមបណ្ដោយផ្លូវជាតិលេខ ៤៨ ត្រង់ចំណុចឃុំបឹងព្រាវ ស្រុកស្រែអំបិល៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
ចរាចរណ៍១ សប្តាហ៍ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ព័ត៌មានជាតិ១០ ម៉ោង ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច