ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ “រួមគ្នាទិញ និងប្រើប្រាស់ផលិតផលខ្មែរ គឺរួមគ្នាលើកកម្ពស់កិត្យានុភាពជាតិ”
នេះជាការបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៅក្នុងសារលិខិតអបអរសាទរទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ “រួមគ្នាទិញ និងប្រើប្រាស់ផលិតផលខ្មែរ គឺរួមគ្នាលើកកម្ពស់កិត្យានុភាពជាតិ”។

បើតាមសម្តេចតេជោ ហ៊ុន សែន ឆ្នាំនេះជាឆ្នាំទី៤ ដែលគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងនាមជាសេនាធិការ ជូនរាជរដ្ឋាភិបាលបានរៀបចំទិវាជាតិលើកកម្ពស់ផលិតផលខ្មែរ អមជាមួយនឹងព្រឹត្តិការណ៍ យុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៦ របស់ក្រសួងពាណិជ្ជកម្ម។ សម្តេចបន្តថា ថ្វីត្បិតតែព្រឹត្តិការណ៍ទាំងពីរនេះ មិនអាចរៀបចំបានដោយផ្ទាល់នៅតាមទីសាធារណៈ ដើម្បីបំផុសការចូលរួមពីប្រជាជនយើងនៅក្នុងកាលៈទេសៈ នៃការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ប៉ុន្តែសកម្មភាព នៃការរៀបចំព្រឹត្តិការណ៍ទាំងពីរនាពេលកន្លងមក បានដើរតួនាទីដ៏សំខាន់ជួយដល់ផលិតករក្នុងស្រុកឱ្យគិតគូរលើកកម្ពស់គុណតម្លៃបន្ថែម នៃផលិតផលរបស់ខ្លួន តាមរយៈការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការវេចខ្ចប់ប្រកបដោយសោភ័ណភាព និងតម្លៃសមស្រប ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារទាំងក្នុងប្រទេស និងក្រៅប្រទេស។
សម្តេចតេជោ ហ៊ុន សែន លើកឡើងទៀតថា ក្នុងរយៈពេល២៣ឆ្នាំកន្លងមកនេះ ជីវភាពរស់នៅរបស់ប្រជាជនក្នុងក្របខ័ណ្ឌសង្គមជាតិទាំងមូល មានភាពកាន់តែល្អប្រសើរឡើង ក្រោមម្លប់នៃសុខសន្តិភាព ដោយយើងទាំងអស់គ្នាបានរួមគ្នាស្តារ និងកសាងប្រទេសនាំឆ្ពោះទៅរកការអភិវឌ្ឍ បានប្រែក្លាយខ្លួនពីប្រទេស ដែលមានសេដ្ឋកិច្ចអន់ថយនិងមានអត្រាភាព ក្រីក្រខ្ពស់ក្លាយទៅជាប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ច អត្រានៃភាពក្រីក្រធ្លាក់ទាប ដែលបាននាំកម្ពុជា ចាកចេញពីចំណាត់ថ្នាក់ប្រទេសមានចំណូលកម្រិតទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ កំណើនទាំងនេះត្រូវបានជំរុញដោយស្ថិរភាពនយោបាយដែលជាកត្តាមិនអាចខ្វះបានក្នុងការផ្តល់ទំនុកចិត្ត ដល់វិនិយោគិនក្នុងស្រុក និងក្រៅប្រទេសក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើគ្រប់វិស័យ ព្រមទាំងជំរុញ ឱ្យមានការកើនឡើងនូវការប្រើប្រាស់ផលិតផលក្នុងស្រុក និងពាណិជ្ជកម្មអន្តរជាតិ។
រាជរដ្ឋាភិបាលពិតជាមានមោទនភាពចំពោះការខិតខំរបស់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី-ខេត្តទាំង២៥ ក្រសួងពាណិជ្ជកម្ម និងបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការគ្នាបំផុសចលនាការទិញ និងប្រើប្រាស់ ផលិតផលខ្មែរនៅទូទាំងប្រទេស ជាពិសេសនៅក្នុងឱកាសនៃជំងឺរាតត្បាតមេរោគកូវីដ-១៩ ដែលយើងត្រូវពង្រឹង និងពង្រីកផលិតផលក្នុងស្រុក ទាំងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងសេវាកម្ម។ សម្តេចសូមឱ្យការអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៤ គឺជាការទូងស្គរដាស់ស្មារតីបងប្អូន ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នាំគ្នាលើកកម្ពស់ការប្រើប្រាស់ និងទិញផលិតផលខ្មែរក្នុងស្មារតីខ្មែរជួយខ្មែរ។
ជាមួយគ្នានោះ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវចំណុចចំនួន៥ រួមមាន៖
ទី១, គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធត្រូវបន្តកិច្ចសហការ និងសម្របសម្រួលជាមួយគ្នាឱ្យបានរលូនបន្តទៀត ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ការយល់ដឹងឱ្យបានទូលំទូលាយ ពីគុណភាពនៃផលិតផលខ្មែរ ដោយនាំគ្នាផ្តល់ជំនាញនានា ដល់ផលិតករលើដំណើរការខ្សែចង្វាក់ផលិតកម្ម ការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការកែច្នៃ និងការវេចខ្ចប់។

ទី២, គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ គណៈកម្មាធិការជំរុញចលនា ភូមិមួយផលិតផលមួយរាជធានី ខេត្ត ក្រសួងពាណិជ្ជកម្ម និងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវសហការជាមួយ នឹងវិស័យឯកជន ចំទីផ្សារតាមបច្ចេកវិទ្យាអនឡាញ ជួយផលិតផលខ្មែរក្នុងការលក់និងដាក់បង្ហាញក្នុង ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលនានាទាំងក្នុងប្រទេសនិងក្រៅប្រទេស និងតាមស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស។

ទី៣, គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រសួងពាណិជ្ជកម្ម ត្រូវរួមគ្នា បង្កើតផែនទីចង្អុលផ្លូវនៃផលិតផលភូមិមួយផលិតផលមួយក្នុងគោលបំណងធានានិរន្តរភាពនៃភាពពិសេស ដែលផលិតឡើងដោយប្រជាជនតាមភូមិឋានមួយឬច្រើន ជាផលិតផលឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌ប្រពៃណី ទាំងបែបបុរាណ និងតាមបែបសម័យ។
ទី៤, គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្តទាំង២៥ ត្រូវបន្តសហការជាមួយនឹងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយរៀបចំចងក្រងផលិតផលក្នុងស្រុកដែលមានសក្តានុពលនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយបញ្ចូលជាផលិតផលភូមិមួយផលិតផលមួយ ដើម្បីតាមដាន និងវាយតម្លៃវឌ្ឍនភាពនៃការងារជួយដល់ផលិតផលក្នុងស្រុកពីបណ្តាស្ថាប័នពាក់ព័ន្ធ និងកៀរគរការវិនិយោគនានា លើផលិតផលក្នុងស្រុក ស្របតាមគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ។

ទី៥, ប្រជាជនកម្ពុជាគ្រប់រូបត្រូវចូលរួមគាំទ្រលើកកម្ពស់ផលិតផលខ្មែរ តាមពាក្យស្លោក ប្រជាជនម្នាក់ទិញផលិតផលខ្មែរយ៉ាងតិចមួយមុខ និងសូមឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំង ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវសហការជាមួយនឹងអង្គការដៃគូអភិវឌ្ឍ វិស័យឯកជន សហគ្រាសធុនតូច និងមធ្យមសហគមន៍ សមាគម ។ល។ បន្តកិច្ចខិតខំប្រឹងប្រែងជួយជំរុញ អភិវឌ្ឍ និងចូលរួមសហការគ្នាយ៉ាង សកម្ម និងជិតស្និទ្ធ ក្រោមកិច្ចសម្របសម្រួលរបស់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីអនុវត្តឱ្យបានសម្រេចនូវប្រធានបទស្តីពី “រួមគ្នាទិញ និងប្រើប្រាស់ផលិតផលខ្មែរ គឺរួមគ្នា លើកកម្ពស់កិត្យានុភាពជាតិ៕
ដោយ ៖ កោះកែវ









-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត