ព័ត៌មានជាតិ
មជ្ឈមណ្ឌលចាក់វ៉ាក់សាំងបន្ទាន់ ១៤កន្លែង ត្រូវបានរៀបចំឡើងក្រោមការគាំទ្រពីមូលនិធិទឹកប្រាក់១លានដុល្លារ ដើម្បីប្រឆាំងកូវីដ១៩ របស់ Smart Axiata
ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាព និងភាពឆាប់រហ័សនៃប្រតិបត្តិការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ ក្រុមហ៊ុន Smart Axiata បានសហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីគាំទ្រសាលារាជធានីភ្នំពេញក្នុងការរៀបចំនិង បង្កើតមជ្ឈមណ្ឌលចាក់វ៉ាក់សាំងបន្ទាន់ចំនួន១៤ កន្លែងនៅជុំវិញរាជធានី។
មជ្ឈមណ្ឌលចាក់វ៉ាក់សាំងចំនួន១៤ កន្លែង នឹងមានសមត្ថភាពអាចផ្ដល់វ៉ាក់សាំងដល់មនុស្សចំនួន៤,២០០ នាក់ក្នុងមួយថ្ងៃ ដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន១,៥ លានដូស ដែលទទួលបានពីប្រទេសចិនកាលពីសប្តាហ៍មុន។ ជាមួយនឹងវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន៤ លានដូស បន្ថែមទៀតរំពឹងថា នឹងមកដល់ឆាប់ៗនេះ តម្រូវការបន្ទាន់សម្រាប់ប្រព័ន្ធប្រតិបត្តិការចាក់វ៉ាក់សាំងឲ្យមានប្រសិទ្ធិភាព ដើម្បីធានាឲ្យបានថា ពលរដ្ឋកម្ពុជាទទួលបានការការពារប្រឆាំងជំងឺកូវីដ ១៩ ដែលបានកំពុងរីករាលដាលពាសពេញប្រទេសបន្ទាប់ពី ព្រឹត្តិការណ៍ ថ្ងៃទី២០ កុម្ភៈ ។


ក្រុមហ៊ុន Smart បានប្រមូលថវិកាសង្គ្រោះបន្ទាន់ពីមូលនិធិទឹកប្រាក់ ១ លានដុល្លារ ដើម្បីប្រឆាំងជំងឺកូវីដ១៩ របស់ខ្លួន ដើម្បីបំពាក់មជ្ឈមណ្ឌលនីមួយៗនូវ តង់ តុ កៅអី ឧបករណ៍ស្វ័យប្រវត្តិម៉ាស៊ីនលាងដៃ អាល់កុលលាងដៃ ម៉ាស់ និងទឹកផឹកជាដើម។ នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន (Thomas Hundt) បានមានប្រសាសន៍ថា “ការបន្តរីករាលដាលនៃជំងឺកូវីដ១៩ នៅពាសពេញប្រទេសកម្ពុជាគឺជាក្ដីបារម្ភដ៏ធំមួយ សម្រាប់យើងទាំងអស់គ្នានិងគូសបញ្ជាក់ពីភាពបន្ទាន់នៃប្រតិបត្តិការចាក់វ៉ាក់សាំងឲ្យបានលឿនបំផុងតាមដែលអាចធ្វើទៅបាន ដើម្បីការពារខ្លួនយើងពីជំងឺដ៏គួរឲ្យខ្លាចនេះ។ យើងបានប្រមូលយកថវិកាពីមូលនិធិប្រឆាំងវីរុសកូវីដ ១៩ របស់យើង ដើម្បីឆ្លើយតបតម្រូវការបន្ទាន់ របស់មជ្ឈមណ្ឌលចាក់វ៉ាក់សាំងក្នុងស្រុក ដែលអាចការពារពលរដ្ឋក្នុងសហគមន៍របស់ពួកគេ ដោយមិនចាំបាច់ធ្វើដំណើរទៅទីតាំងឆ្ងាយ ដែលអាចបង្កហានិភ័យផ្ទាល់ខ្លួន”។


មជ្ឈមណ្ឌលចាក់វ៉ាក់សាំងទាំងអស់ ដែលរួចរាល់ និងផ្ដើមប្រតិបត្តិការពីថ្ងៃច័ន្ទ ថ្ងៃទី៥ ខែមេសា មានទីតាំងនៅតាមសាលារៀន និងមណ្ឌលសុខភាពដូចជា៖ សាលាបឋមសិក្សាសំពៅមាស វិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានីវត្តភ្នំពេញ វិទ្យាល័យទួលទំពូង វិទ្យាល័យបឹងកេងកង វិទ្យាល័យជាស៊ីមសន្ធរម៉ុក សាលាបឋមសិក្សាវត្តសន្សំកុសល សាលាបឋមសិក្សាបឹងឈូកប្រជុំវង្ស ផ្សារ OCIC សាលាបឋមសិក្សាឬស្សីកែវ មណ្ឌលសុខភាពភ្នំពេញថ្មី សាលាបឋមសិក្សាជម្ពូវ័ន មណ្ឌលសុខភាពគោករកា មណ្ឌលសុខភាពពងទឹក និងវិទ្យាល័យកំបូល។



មូលនិធិទឹកប្រាក់១ លានដុល្លារ ដើម្បីប្រឆាំងវីរុសកូវីដ ១៩ របស់ក្រុមហ៊ុន Smart Axiata ត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន និងរហូតមកដល់ពេលនេះមូលនិធិបានផ្ដល់ជំនួយដល់អង្គការ និងគម្រោងចំនួនជាង ១២ ដែលកំពុងគាំទ្រដល់ភាពធន់នៃសហគមន៍អំឡុងពេលការប្រឈមនៃជំងឺរាតត្បាតជាសកលនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ