ព័ត៌មានជាតិ
ពលរដ្ឋស្នើអាជ្ញាធរខណ្ឌដង្កោ ពិនិត្យមើលផ្លូវ ១ ខ្សែ ជាប់របងវត្តស្លែង កំពុងខូចខាត និងគ្មានប្រព័ន្ធលូ
ប្រជាពលរដ្ឋ ស្នើអាជ្ញាធរ ជួយត្រួតពិនិត្យមើលផ្លូវ ១ ខ្សែ ជាប់របងវត្តស្លែង កែងផ្លូវជាតិលេខ ៣ ក្នុងមូលដ្ឋានភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកំពុងខូចខាតខ្លាំង និងគ្មានប្រព័ន្ធលូបង្ហូរទឹក ធ្វើឲ្យជន់លិចចូលផ្ទះពួកគាត់ ខណៈភ្លៀងមកម្តងៗ។


អ្នកស្រី មាន ជាអ្នកលក់សាច់ក្រកនៅកែងផ្លូវខាងលើ បានឲ្យដឹងថា ផ្លូវខាងលើនេះរងការខូចខាតយូរខែមកហើយ ដោយជង្ហុកធំជ្រៅ ភ្លៀងមកម្តងៗ តែងតែជន់លិចពិបាកក្នុងការធ្វើដំណើរ ហើយពេលខ្លះអ្នកដំណើរឆ្លងកាត់ជិះម៉ូតូដួលជាញឹកញាប់ក៏មានដែរ។


អ្នកស្រី បន្តថា កន្លងមក ផ្លូវខាងលើមានប្រព័ន្ធលូ តែក្រោយពីស្ថាបនាផ្លូវជាតិលេខ ៣ រួចរាល់មក គឺកាត់ផ្ដាច់បិទប្រព័ន្ធលូចោល ទើបធ្វើឲ្យជន់លិចពេលភ្លៀងមកម្តងៗ។ បន្ថែមនោះ បើមានភ្លៀងខ្លាំង គឺ ជន់លិច រហូតពេលខ្លះជាងមួយសប្ដាហ៍ទើបទឹកស្រក ហើយក្នុងការស្រកទឹកនោះ ដោយសារតែមានឡានតូចធំបើកឆ្លងកាត់ញឹក ទើបស្រកលឿន។


ដោយឡែក លោក នឹម រតនា ប្រជាពលរដ្ឋរស់នៅតំបន់នោះ បានលើកឡើងដែរថា មុខផ្ទះរបស់គាត់ ពេលភ្លៀងមកម្តងៗ តែងតែជន់លិច។ ពេលខ្លះ គាត់បានប្រើម៉ាស៊ីនបូមទឹកទម្លាក់ចូលទៅប្រឡាយខាងក្រោយផ្ទះគាត់។ ចំពោះមេភូមិវិញ គាត់ហាក់មិនអើពើ ខណៈផ្ទះលោកមេភូមិ ក៏នៅតំបន់នេះដែរ។ ជាមួយនេះ លោក និង ប្រជាពលរដ្ឋ សូមស្នើទៅអាជ្ញាធរពាក់ព័ន្ធ មេត្តាជួយរៀបចំប្រព័ន្ធលូឡើងវិញផង ដើម្បីសម្រួលដល់ចរន្តទឹកហូរ។

ពាក់ព័ន្ធបញ្ហានេះ លោក ម៉ម សារិន ចៅសង្កាត់ពងទឹក បានប្រាប់ឲ្យកម្ពុជាថ្មីដឹងថា ផ្លូវខាងលើនេះពិតជារងការខូចខាត និងដក់ទឹកពិតប្រាកដមែន ដោយសារកង្វះប្រព័ន្ធលូ។ បញ្ហានេះ លោកបានដាក់សំណើទៅការិយាល័យសាធារណការខណ្ឌដង្កោដែរ តែរហូតមកដល់ពេលនេះមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ៕
អត្ថបទ ៖ សុខា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


