ព័ត៌មានជាតិ
ពលរដ្ឋស្នើអាជ្ញាធរ ពិនិត្យមើលទីតាំងផ្លូវជាប់គល់ស្ពានព្រែកព្នៅកំពុងរងការខូចខាត
ប្រជាពលរដ្ឋ ស្នើអាជ្ញាធរពាក់ព័ន្ធ ជួយពិនិត្យមើលផ្លូវ ១ កន្លែង ជាប់គល់ស្ពានព្រែកព្នៅ កំពុងរងការខូចខាតជាបណ្ដើរៗ ដោយនៅផ្នែកមួយចំនួនមានការស្រុត ផ្នែកខ្លះទៀតបែកប្រេះ ធ្វើឲ្យពិបាកក្នុងការធ្វើដំណើរ តែងតែបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ គេចពីជង្ហុកខូចខាត បែរជាទៅប៉ះរថយន្តផ្សេងទៀតទៅវិញ។


ជាក់ស្ដែងទីតាំងកំពុងរងការខូចខាតនេះស្ថិតនៅត្រង់ចំណុចជាប់គល់ស្ពានព្រែកព្នៅ បត់ពីផ្លូវជាតិលេខ ៥ ឆ្ពោះមកផ្លូវទំនប់កប់ស្រូវ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោក ឆា ដា ប្រជាពលរដ្ឋរស់នៅតំបន់នោះ បានឲ្យដឹងថា កាលពីដើមឡើយ នៅចំណុចនេះ មិនមានការខូចខាតដល់ថ្នាក់នេះនោះទេ តែដោយសារមានរថយន្តដឹកទំនិញធំៗ បើកឆ្លងកាត់រាល់ថ្ងៃ សង្ស័យដឹកលើសទម្ងន់ធ្វើឲ្យស្រុតបន្តិចម្ដងៗ។

លោកបានបន្តថា បើរថយន្តដឹកដី ដីខ្សាច់វិញ ពេលដឹកឆ្លងកាត់ម្ដងៗ តែងតែឃើញមានទឹកហូរពេញផ្លូវ នេះជាហេតុធ្វើឲ្យផ្លូវឆាប់ខូច ដោយសារពេលមានទឹកដក់យូរៗ ទៅ ផ្លូវស្រុត ប្រេះ ខូច។

ចំណែក អ្នកស្រី លីកា ជាប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ បានស្នើសុំឲ្យអាជ្ញាធរមេត្តាជួយចុះពិនិត្យ និងធ្វើការជួសជុលផ្លូវខាងលើឲ្យបានឆាប់កាន់តែល្អ ពីព្រោះអាណិតអ្នកធ្វើដំណើរដោយម៉ូតូ ពេលមានភ្លៀងធ្លាក់មកលិចជង្ហុកបាត់មើលមិនឃើញ តែងតែដួលគ្រោះថ្នាក់ជាញឹកញាប់ ចំណែកខ្លះទៀត គេចកន្លែងស្រុតតែងតែទៅប៉ះជាមួយរថយន្តធ្វើដំណើរស្របគ្នា បើរថយន្តតូចៗ មិនអី នោះទេ តែបើរថយន្តធ្ងន់ធំអាចប៉ះពាល់ដល់អាយុជីវិត។

ពាក់ព័ន្ធបញ្ហានេះ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានប្រាប់ឲ្យកម្ពុជាថ្មីដឹងថា លោកអរគុណចំពោះការផ្តល់ព័ត៌មានមកកាន់អាជ្ញាធរ។ លោកសូមឲ្យប្រជាពលរដ្ឋមេត្តាយោគយល់ និង អធ្យាស្រ័យ ទៅដល់ការងារជួសជុលផងដែរ ដោយមួយរយៈនេះ កម្លាំងជំនាញកំពុងបន្តការជួសជុលជង្ហុកមួយចំនួននៅទីតាំងផ្សេងទៀត ក្នុងមូលដ្ឋានខណ្ឌ ហើយចំណុចទីតាំងខូចខាតនេះដែរ លោកនឹងចាត់កម្លាំងជំនាញចុះមកជួសជុលជាបន្ទាន់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។

លោកអភិបាលខណ្ឌព្រែកព្នៅ បញ្ជាក់ថា ជង្ហុកនានា ក្នុងមូលដ្ឋាន ភាគច្រើនខូចដោយសារតែរថយន្តធុនធំបើកបរឆ្លងកាត់។ លោកអំពាវនាវដល់ប្រជាពលរដ្ឋនៅពេលបានឃើញផ្លូវខូចកើតទៅជាជង្ហុក ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ សូមប្រញាប់រាយការណ៍ជូនអាជ្ញាធរជំនាញ ដើម្បីចុះទៅជួសជុលជូន៕
អត្ថបទ ៖ ម៉េង

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


