Connect with us

ព័ត៌មានជាតិ

មន្ត្រី​ក្រសួងបរិស្ថាន​៖ ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយនេះ កម្រិត​នៃ​បទល្មើស​បាញ់​សម្លាប់​សត្វ​ដំរី​ព្រៃ មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង

បានផុស

នៅ

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំ​ពាក្យ​ក្រសួងបរិស្ថាន ​បា​ន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា នៅ​ក្នុង​រយៈពេល​ជាង​១០ ឆ្នាំ​ចុង​ក្រោយនេះ កម្រិត​នៃ​បទល្មើស​បរបាញ់​សម្លាប់​សត្វ​ដំរី​ព្រៃ ​ដើម្បី​យក​ភ្លុក និង​កន្ទុយ ដើម្បី​ប្រើប្រាស់​តាម​ជំនឿ​ពី​បុរាណ​នៅ​កម្ពុជា​ មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ស្ទើរតែ​គ្មាន ដោយសារតែ​ការអនុវត្ត​ច្បាប់​តឹងរឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​ជា​ការ​កត់សម្គាល់​ឃើញ​ថា ជម្លោះ​រវាង​មនុស្ស និង​សត្វ​ដំរី​ព្រៃ បាន​កើតឡើង​ នៅ​តាម​តំបន់​ការពារ​ធម្មជាតិ​មួយ​ចំនួន ដោយសារតែ​ការ​ផ្លាស់​ទី​ទាំង​ចម្ងាយ​ឆ្ងាយ និង​ចម្ងាយ​ជិត​តាម​រដូវ​កាល និង​ការស្វែងរក​ចំណី អាច​រង​ការ​រំខាន ដោយសារតែ​វត្តមាន​របស់​មនុស្ស​ នៅ​ក្នុង​តំបន់​ដែន​ជម្រក​របស់​ពួកវា និង​លើស​ពី​នេះ ដំរី​ព្រៃ​អាច​ទទួលរង​ការ​វាយតប​ពី​សំណាក់​ប្រជាជន រហូតដល់​រង​របួស ឬ​ឈាន​ដល់​ការ​សម្លាប់​ជា​ការ​សងសឹក​នឹង​ដំរី​ព្រៃ ដែល​បាន​ចូល​មក​ស៊ី​ដំណាំ​របស់​ពួកគេ​។

លោក​រដ្ឋលេខាធិការ​បា​ន​ឲ្យ​ដឹងទៀតថា កម្រិត​នៃ​ការ​បរបាញ់​សត្វ​ដំរីព្រៃ​ត្រូវបាន​កត់សម្គាល់​ឃើញ​ថា មានការ​ធ្លាក់​ចុះ​ខ្លាំង​ស្ទើរតែ​គ្មាន​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ ដោយសារតែ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពង្រឹង​ការអនុវត្ត​ច្បាប់​បាន​យ៉ាង​ល្អ ខណៈ​ពី​ជាង​៣០ ឆ្នាំមុន ការ​បរបាញ់​បាន​សម្លាប់​សត្វ​ដំរី​ព្រៃ​អស់​ជាច្រើន​ក្បាល​។ បើ​តាម​លោក នេត្រ ភក្ត្រា នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ ដំរី​អាស៊ី​មាន​ចំនួន​ប្រមាណ​ចន្លោះ​ពី​៤០០ ទៅ​៦០០ ក្បាល ដែល​ភាគច្រើន​រស់​នៅ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ តំបន់​ខ្ពង់រាប​ខាងជើង​ទន្លេសាប និង​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត​ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​ជា​តំបន់​ជីវចម្រុះ​ដ៏​សំបូរ​បែប ប្រព័ន្ធ​អេកូ​ទ្បូ​ស៊ី និង​មាន​ទី​ជម្រាល​អំណោយផល​ដល់​ការរស់នៅ​របស់​សត្វ​ដំរី និង​សត្វព្រៃ​ផ្សេងៗ​ទៀត​។ ចំណែក​ដំរី​ស្រុក​ ត្រូវ​បាន​ប៉ាន់​ស្មានថា​មាន​ចំនួន​៧១ ក្បាល​។​

​លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹង​ទៀត​ថា យោង​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ ក្នុង​រយៈពេល​៦០ ទៅ​៧០ ឆ្នាំ​ចុង​ក្រោយនេះ ចំនួន​ដំរី​អាស៊ី​ នៅ​លើ​ពិភពលោក​បាន​ថយ​ចុះ​ប្រហែលជា​៥០​ភាគរយ ចំណែក​ឯ​ទីជម្រក​របស់​វា​បាន​បាត់បង់​អស់​ជិត​៩០​ភាគរយ​។ ក្នុងចំណោម​ ដំរី​អាស៊ី​ សរុប​ប្រមាណ​ពី​៣៩ ៤៦៣ ក្បាល​ទៅ ៤៧ ៤២៧ ក្បាល​ដែល​កំពុង​រស់នៅ​ក្នុង​ព្រៃ​សត្វ​ថ្ងៃ ក្នុង​នោះ​ប្រហែល​៧៥​ភាគរយ រស់​នៅ​ក្នុង ប្រទេស​ឥណ្ឌា និង​ស្រីលង្កា​។ ដំរី​អាស៊ី​ ត្រូវ​បាន​ចាត់ទុកថា ជា​ប្រភេទ​សត្វ​បង្គោល​ដ៏​សំខាន់​ ដោយសារ​ សារៈ​សំខាន់​ផ្នែក​វប្បធម៌ តួនាទី​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី និង​សក្តានុពល ដែល​អាច​ការពារ​ប្រភេទ​សត្វ​ផ្សេងទៀត​នៅ ក្នុង​ដែន​ជម្រក​របស់​វា​។

​លោក នេត្រ ភក្ត្រា បាន​បញ្ជាក់​ថា ដំរី​អាស៊ី​កំពុងតែ​ទទួលរង​ ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ នៅ​ទូទាំង​ដែន​ជម្រក​របស់​វា​នៅ​លើ​សកលលោក ហើយ​ត្រូវ​បាន​ចាត់​បញ្ចូល​ជា​ប្រភេទ​ជិត​ផុត​ពូជ​ នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្ដរ​ជាតិ ដើម្បី​ការ​អភិរក្ស​ធម្មជាតិ (IUCN)​។ ការ​រិចរិល​ទីជម្រក​ បាន​ធ្វើ​ឲ្យ​ដំរី​អាស៊ី​រស់នៅ​បែកខ្ញែក​ពី​គ្នា និង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ស្ថិរភាព​យូរអង្វែង​របស់​ប្រភេទ​ដ៏​សំខាន់​នេះ​។ លោក​បន្ត​ទៀត​ថា យោង​តាម​របាយការណ៍​សិក្សា នៅ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ មិន​មាន​របាយការណ៍​ណាមួយ​ស្ តី​ពី​ឧបទ្ទវហេតុ​នៃ​ការ​បរបាញ់​សត្វ​ដំរី​ខុសច្បាប់​ តាំងពី​ឆ្នាំ​២០០៣ មក​ម្ល៉េះ​។

​រដ្ឋលេខាធិការ​បាន​ថ្លែង​ទៀត​ថា ចំណែក​នៅ​ក្នុង​តំបន់​ទេសភាព​ភាគ​ខាងកើត មានការ​កត់​សម្គាល់​ថា មាន​ដំរី​ស្លាប់​ចំនួន​៨ ក្បាល​ក្នុង​នោះ​មាន​ទាំង​កូន​ដំរី និង​ដំរី​ធំ ដែល​ករណី​ដំរី​ធំ​ស្លាប់​ ត្រូវ​បាន​សង្ស័យ​ថា មានការ​ពាក់ព័ន្ធ​នឹង​ការ​បរបាញ់​។ កាល​ពី​ដើម​ឆ្នាំ​២០១៩ សត្វ​ដំរី​ព្រៃ​វ័យ​ចំណាស់​មួយ​ក្បាល ត្រូវ​បាន​ប្រទះឃើញ​ស្លាប់ ដោយ​ត្រូវ​គេ​បាញ់​ងាប់​នឹង​គ្រាប់កាំភ្លើង​កែច្នៃ នៅ​ចំណុច​ចម្ការ​ស្វាយចន្ទី​របស់​ប្រជាពលរដ្ឋ នៅ​ក្បែរ​ដែន​ជម្រក​សត្វព្រៃ​កែ​សីមា ស្ថិត​ក្នុង​ខេត្ត​មណ្ឌលគិរី ហើយ​ភ្លុក និង​កន្ទុយ​របស់​វា​ ត្រូវ​បាន​គេ​លួច​កាត់​យក​ទៅ​បាត់​។ នៅ​ឆ្នាំ​២០២០​នេះ កូន​ដំរី​ព្រៃ​ចំនួន​២ ក្បាល​បាន​រក​ឃើញ​ស្លាប់​ នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ក្នុង​នោះ ១ លង់ទឹក​ស្លាប់​ ដោយសារ​ជើង​ជាប់​នឹង​ល្បាក់​ថ្ម និង​មួយទៀត​ កើតមក​មិន​មាន​សុខភាព​ល្អ បាន​ស្លាប់​ទៅវិញ​ ក្រោយ​ក្រុម​មន្ត្រី​ជួយសង្គ្រោះ​។

​លោក នេត្រ ភក្ត្រា បាន​ថ្លែង​ដែរ​ថា តាម​លទ្ធផល​ពី​ការ​បំពាក់​ម៉ា​ស៊ីន​ថត​ស្វ័យប្រវត្តិ​ នៅ​ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​ថ្មីៗ​នេះ ក្នុងចំណោម​កូន​ដំរី​៧ ក្បាល​មាន​៤ ក្បាល ដែល​មាន​អន្ទាក់​ នៅ​ជាប់​នឹង​ជើង​របស់​ពួកវា ហើយក៏​មាន​កូន​ដំរី​ព្រៃ​មួយ​ក្បាល​ដែរ ដែល​បាន​ស្លាប់​ដោយ​ជាប់អន្ទាក់​។ លោក​បន្ត​ថា ភស្តុតាង​នេះ​ បាន​បញ្ជាក់​ថា ការប្រើប្រាស់​អន្ទាក់​សម្រាប់​ចាប់​សត្វព្រៃ​ នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ ក្នុង​ប្រទេស​កម្ពុជា ​នៅតែ​ជា​ក្តី​ព្រួយបារម្ភ​ដ៏​ចម្បង​នៅឡើយ ហើយក៏​ជា​គ្រោះថ្នាក់​ដល់​សត្វ​ដំរី​អាស៊ី​ផង​ដែរ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​សត្វ​ដំរី​រង​របួស និង​ស្លាប់​បាន​។ លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​រយៈពេល ១០ ខែ​នៃ​ឆ្នាំ​២០២០ ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​ក្រសួងបរិស្ថាន និង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ ​ដែល​ចុះ​ល្បាត​ ក្នុង​តំបន់​ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈ ចម្រុះ​ទាំង​៦៨ កន្លែង ​ដែល​មាន​ផ្ទៃដី​សរុប​ជាង​៧,៣ លាន​ហិកតា ប្រមាណ​៤១​ភាគរយ នៃ​ផ្ទៃ​ប្រទេស​កម្ពុជា​ បាន​ដក​អន្ទាក់​ បាន​ប្រមាណ​៣០០០០ អន្ទាក់ និង​ជួយសង្គ្រោះ​សត្វព្រៃ​ជាច្រើន​ក្បាល​។

​ជាមួយគ្នានេះ អ្នក​ជំនាញ​ក៏បាន​ព្រមាន​ផង​ដែរ​ថា ដោយសារតែ​រយៈពេល​ នៃ​ការ​បន្ត​ពូជ​របស់​ដំរី​អាស៊ី​យឺត (​ប្រាំ​ឆ្នាំ​បង្កើត​បាន​កូន​មួយ​) បើ​សិន​អត្រា​ស្លាប់​ នៃ​កូន​ដំរី​ព្រៃ​ខ្ពស់​ដោយសារតែ​រងរបួស​ពី​អន្ទាក់​នោះ ចំនួន​ដំរី​ព្រៃ​នៅ​កម្ពុជា អាច​មាន​បញ្ហា​ប្រឈម​ខ្ពស់ ​ក្នុង​ការ​ផុត​ពូជ​។ ពលរដ្ឋ​ខ្លះ​បាន​ប្រើប្រាស់​មធ្យោបាយ​ផ្សេងៗ​ ដើម្បី​រំខាន​ដំរី​ដូចជា ការ​ធ្វើ​ក្តារ​ដាំ​ដែកគោល​ដាក់​តាម​ផ្លូវ ដើម្បី​កុំ​ឲ្យ​ដំរី​ចូល​ស៊ី​ដំណាំ​របស់​ខ្លួន​ជាដើម​។ ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង និង​ការ​ដាំ​ដំណាំ​នៅ​តាម​ច្រក​របៀង​ដែល​សត្វ​ដំរី ឆ្លងកាត់​ក៏​ជា​បញ្ហា​មួយ​ចោទ​ផង​ដែរ​។

​ចំពោះ​មុខ ​នៃ​ការ​គំរាមកំហែង​នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងបរិស្ថាន​បាន​ខិតខំ​រៀបចំ​ផែនការ​សកម្មភាព ដើម្បី​អភិរក្ស​សត្វ​ដំរី​អាស៊ី ដោយ​បាន​ថ្លែង​ថា “​ក្រុម​អភិរក្ស​ដំរី​ព្រៃ​នៅ​កម្ពុជា (CECG) ត្រូវ​បាន​បង្កើត​ឡើង​ នៅ​ឆ្នាំ​២០០៥ ដោយមាន​ការចូលរួម​ពី​ក្រសួងបរិស្ថាន រដ្ឋបាល​ព្រៃឈើ និង​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ ដើម្បី​អភិរក្ស​ដំរី​អាស៊ី​នៅ​កម្ពុជា តាមរយៈ​ការ​រក្សា​ស្ថិរភាព​និង​ជំរុញ​ឲ្យ​មាន​កំណើន​ចំនួន​ប្រភេទ​នេះ​ នៅ​ក្នុង​ព្រៃ​នៃ​ប្រទេស​កម្ពុជា ហើយ​ផែនការ​សកម្មភាព ដើម្បី អភិរក្ស​សត្វ​ដំរី​អាស៊ី​ឲ្យ​នៅ​គង់វង្ស​ ត្រូវ​បាន​រៀបចំឡើង​សម្រាប់​រយៈពេល​១០​ឆ្នាំ គឺ​ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៩ ដោយ​បាន​កំណត់​នូវ​បញ្ហា​អាទិភាព​ចំនួន​៦ ក្នុង​នោះ​រួមមាន​ ១. ការកាត់បន្ថយ​ការបាត់បង់​ទីជម្រក ​២. អភិរក្ស និង​ត​ភ្ជាប់​ច្រក​របៀង និង​ហ្វូង​ដំរី​ព្រៃ​ឡើងវិញ​ ៣. ពង្រឹង​ការអនុវត្ត​ច្បាប់​ ៤. បង្ការ​មិន​ឲ្យ​មានការ​ចាប់​ដំរី​ព្រៃ​មក​ចិញ្ចឹម​ ៥. បន្ធូរបន្ថយ​ជម្លោះ​រវាង​សត្វ​ដំរី​ព្រៃ​និង​មនុស្ស​ ៦. អប់រំ​ផ្សព្វផ្សាយ និង​ដាក់​ចេញ​សកម្មភាព​យុទ្ធសាស្ត្រ​សម្រាប់​ដោះស្រាយ​បញ្ហា​ទាំងនោះ​។

​យោង​តាម​ការ​ប៉ាន់ស្មាន ផែនការ​សកម្មភាព​រយៈ​ពេល​១០ ឆ្នាំ ដើម្បី​អភិរក្ស​សត្វ​ដំរី​ព្រៃ​អាស៊ី​នេះ​ ត្រូវការ​ថវិកា​ចំនួន​៤០,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ជា​គម្រោង​ថវិកា​រំពឹង​ថា នឹង​បាន​មក​ពី​ប្រភព​រួមបញ្ចូល​គ្នា​ទាំង​កញ្ចប់​ថវិកា​រាជរដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​ចរាចរណ៍​នៅ​រង្វង់​មូល​ចោមចៅ ធូរ​ស្រាល​មួយកម្រិត ក្រោយពី​សម្តេច ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ផ្លូវ​ក្រោម​ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៤៨ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម