ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ចុះត្រួតពិនិត្យគោលដៅអនុវត្ត ហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩
បន្ទាប់ពីការណែនាំដ៏ខ្ពស់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេច លេខ ៤៤ ស ស រ របស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស ជាបណ្តោះអារសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៅគោលដៅក្នុងក្រុងកំពង់ចាម និងស្រុកបាធាយ ។
គួរបញ្ជាក់ថា ផ្អែកតាមផែនការរួមរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម គឺបានកំណត់គោលដៅត្រួតពិនិត្យចំនួន២៣គោលដៅ នៅក្នុងក្រុង ស្រុកចំនួន៨ ពោលគឺជាគោលដៅស្ថិតនៅក្នុងស្រុក-ក្រុង ដែលមានព្រំប្រទល់ ជាប់ខេត្តផ្សេងៗ ក្នុងនោះមាន ៖ ស្រុកបាធាយ មានចំនួន២គោលដៅ ស្រុកជើងព្រៃ មានចំនួន១គោលដៅ ស្រុកស្រីសន្ធរ មានចំនួន៥គោលដៅ ស្រុកកងមាស មានចំនួន០២គោលដៅ ក្រុងកំពង់ចាម មានចំនួន១គោលដៅ ស្រុកកោះសូទិន មានចំនួន ២គោលដៅ ស្រុកចំការលើ មានចំនួន០៤គោលដៅ និងស្រុកស្ទឹងត្រង់ មានចំនួន០៥គោលដៅ ។
ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា អនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៤៤សសរ ចុះថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសជាបណ្តោះអារសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ ១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក បានរៀបចំផែនការ និងអនុវត្តតាមសេចក្តីណែនាំ ចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅតាមគោលដៅព្រំប្រទល់ខេត្តនឹងខេត្ត ក្នុងគោលបំណងចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាល នៃជម្ងឺកូវីដ ១៩ ពិសេស ការកាត់ផ្តាច់ខ្សែចម្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ តាមរយៈ ការការចរាចរណ៍ពីតំបន់មួយ ទៅកាន់តំបន់មួយទៀត ពិសេស ពីតំបន់ដែលមានហានិភ័យខ្ពស់ មកកាន់មូលដ្ឋានរបស់យើងឡើយ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើ ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក នីមួយៗ ជាពិសេស ការពង្រឹងនៅគ្រប់គោលដៅទាំងអស់ ត្រូវហាមឃាត់មិនឲ្យចេញ ចូល ពោលគឺ ត្រូវយកចិត្តទុកដាក់អនុវត្តទៅតាមការណែនាំ នៃសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល ឲ្យទទួលបានលទ្ធផលល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បាននាំយកអំណោយ របស់រដ្ឋបាលខេត្តកំពង់ចាម ផ្ដល់ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក នីមួយៗ ដែលកំពុងឈរជើងនៅក្នុងគោលដៅទាំង ២៣កន្លែង ដោយក្នុងនោះ ១គោលដៅ ទទួលបាន ៖ ម៉ាស ចំនួន ១.០០០ម៉ាស ជេលលាង ១០ដប មីជាតិ ០៥កេស ទឹកសុទ្ធ ០៥កេស អង្ករ ១០០គ.ក្រ ប្រដាប់វាស់កំដៅ ០៦គ្រឿង និងថវិកា ចំនួន ១លានរៀល ផងដែរ ។
សូមបញ្ជាក់ថា ក្នុងបេសកកម្ម នៃការចុះត្រួតពិនិត្យ លើការអនុវត្តសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាលនេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានចាត់ឲ្យឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បី ចុះត្រួតពិនិត្យគោលដៅផ្សេងៗទៀត និងផ្ដល់អំណោយទាំងនេះ ទៅដល់គណៈបញ្ជាការឯកភាព នៃបណ្ដាស្រុកផ្សេងៗ ដូចៗគ្នា ផងដែរ ៕
អត្ថបទ ៖ ហុង ម៉េងហៀ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង