នយោបាយ
គ.ជ.ប នឹងយកមេរៀន និងបទពិសោធន៍ ពីវេទិកាអន្តរជាតិ នាទីក្រុងសេអ៊ូល សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលជាសមាជិកមួយនៃសមាគមស្ថាប័នបោះឆ្នោតពិភពលោក (A-WEB) ក្នុងចំណោមសមាជិកសរុប១១៤ មកពី១០៦ ប្រទេស ទទួលបានការអញ្ជើញពីលេខាធិការដ្ឋាន A-WEB ឱ្យចូលរួមក្នុងវេទិកាអន្តរជាតិ នៅក្រុងសេអ៊ូល លើកទី៧ ដែលរៀបចំដោយ គ.ជ.ប នៃសាធារណរដ្ឋកូរ៉េ តាមប្រព័ន្ធអនឡាញ (Online) កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។
តាមការអញ្ជើញនោះ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានចាត់តាំងក្រុមការងារជាច្រើនរូបនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ដឹកនាំដោយលោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ឱ្យចូលរួមក្នុងវេទិកាអន្តរជាតិ នៅក្រុងសេអ៊ូលនោះ ដើម្បីដកស្រង់មេរៀន និងបទពិសោធន៍ សម្រាប់ត្រៀមរៀបចំការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ ក្នុងបរិបទកូវីដ-១៩។
បើតាម គ.ជ.ប វេទិកាអន្តរជាតិនោះ ផ្ដោតសំខាន់លើប្រធានបទចំនួន២គឺ៖ ទី១. វិបត្តិលទ្ធិប្រជាធិបតេយ្យ និងការកសាងទំនុកចិត្តក្នុងការបោះឆ្នោត ទី២. តួនាទី និងទំនួលខុសត្រូវរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងការបោះឆ្នោត។
វាគ្មិនជំនាញៗមកពីអង្គការ IFES (អង្គការមូលនិធិអន្តរជាតិសម្រាប់ប្រព័ន្ធបោះឆ្នោត) គណៈកម្មការរៀបចំការបោះឆ្នោតនានា អង្គការ MEMO ៩៨ (អង្គការឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន) អ្នកជំនាញតាមប្រព័ន្ធ Twitter នៅប្រទេសកូរ៉េ និងអ្នកជំនាញនៃសាកលវិទ្យាល័យ Sungkyunkwan បានចែករំលែកមេរៀន និងបទពិសោធន៍ជុំវិញប្រធានបទទាំងពីរនេះ។
ទាក់ទងនឹងវិបត្តិលទ្ធិប្រជាធិបតេយ្យ និងការកសាងទំនុកចិត្តក្នុងការបោះឆ្នោត វេទិកាអន្តរជាតិទីក្រុងសេអ៊ូលបានលើកឡើងថា វិបត្តិសុខភាពសាធារណៈបានជំរុញឱ្យអាជ្ញាធរចាំបាច់ត្រូវដាក់កំហិតលើសេរីភាព និងសិទ្ធិជាមូលដ្ឋាន ដើម្បីធានាសុវត្ថិភាពពលរដ្ឋដែលជាម្ចាស់ឆ្នោត។
ចំណែកឯតួនាទី និងទំនួលខុសត្រូវរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងការបោះឆ្នោត អ្នកជំនាញបានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media) បានក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ជីវិតប្រចាំថ្ងៃរបស់យើង ហើយសព្វថ្ងៃនេះប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាមធ្យោបាយដ៏សំខាន់មួយសម្រាប់ការឃោសនាបោះឆ្នោតផងដែរ។ ដូចនេះអាជ្ញាធររដ្ឋនៃប្រទេសនីមួយៗត្រូវមានវិធានការជាក់ស្ដែងតាមរយៈវិធានការច្បាប់ ឬបទបញ្ជា ឬលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយតាមបណ្ដាញសង្គមណាមួយដែលនាំឱ្យមានការបែកបាក់ជាតិ ឬនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ។
វាគ្មិនបានកត់សម្គាល់ចំពោះការប្រើប្រាស់ប្រព័ន្ធព័ត៌មានសង្គមដ៏ផុសផុល ដោយអតីតបេក្ខជនប្រធានាធិបតី ក្នុងដំណើរការបោះឆ្នោត តួយ៉ាងលោក Barak Obama ប្រើប្រាស់ Facebook និង Twitter លោក Bernie Sender Instagram លោកស្រី Hillary Rodham Clinton Twitter លោក Donald Trump Twitter។
ឥឡូវនេះ Twitter ត្រូវបានប្រើប្រាស់ជាសកល និងជាគោលដៅសម្រាប់ការបោះឆ្នោតនៅរៀងរាល់ឆ្នាំ (Every year is an election year on Twitter)។
ឆ្លើយតបនឹងសំណួរថា តើត្រូវទាក់ទាញយុវជនយ៉ាងម៉េចចំពោះការបោះឆ្នោត ? អ្នកជំនាញបានបំភ្លឺថា គឺការប្រើប្រាស់បណ្ដាញព័ត៌មានសង្គម Tik Tok Instagram Twitter និង Facebook។
ក្នុងវេទិកានេះ វាគ្មិនដទៃទៀត ក៏បានចែករំលែកនូវគន្លឹះសំខាន់ៗក្នុងប្រទេសមួយចំនួន ដែលបានរៀបចំការបោះឆ្នោតក្នុងបរិបទកូវីដ-១៩ ហើយនៅតែរក្សាបានអត្រានៃអ្នកបោះឆ្នោតដដែល ឬខ្ពស់ជាងពេលគ្មានការរាតត្បាតកូវីដ-១៩ ក្នុងនោះមានដូចជា៖
ទី១, មុនពេលបោះឆ្នោត៖ កែសម្រួលបទបញ្ជា និងនីតិវិធីឱ្យស្របតាមវិធានការទប់ស្កាត់ជំងឺកូវីដ-១៩, បណ្តុះបណ្តាលមន្ត្រីបោះឆ្នោតឱ្យយល់ច្បាស់ពីស្ថានភាព និងការបង្ការជំងឺកូវីដ-១៩ ការរក្សាគម្លាតសុវត្ថិភាពបុគ្គល ទាំងមន្ត្រីបោះឆ្នោត និងអ្នកបោះឆ្នោតនៅក្នុងការិយាល័យបោះឆ្នោត។
ទី២, ក្នុងពេលបោះឆ្នោត៖ អ្នកបោះឆ្នោតត្រូវពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល (១ម៉ែត្រកន្លះ) វាស់កម្តៅ និងលាងសម្អាតដៃមុនពេលចូលការិយាល័យបោះឆ្នោត, មន្ត្រីបោះឆ្នោតត្រូវពាក់ម៉ាស់គ្រប់ពេលវេលា និងបាញ់សម្លាប់មេរោគលើឧបករណ៍ សម្ភារបោះឆ្នោត ជាពិសេសបន្ទប់សម្ងាត់, ចំពោះករណីវាស់កម្តៅឃើញខ្ពស់ ឬករណីសង្ស័យ អ្នកបោះឆ្នោតត្រូវបានដាក់ឱ្យស្ថិតនៅដាច់ដោយឡែកពីគេ ហើយអាជ្ញាធរសុខាភិបាលត្រូវត្រួតពិនិត្យសុខភាពមុននឹងអនុញ្ញាតឲ្យបោះឆ្នោត នៅក្នុងបន្ទប់សម្ងាត់ពិសេស បន្ទាប់មកមន្ត្រីបោះឆ្នោតត្រូវសម្លាប់មេរោគនៅក្នុងបន្ទប់សម្ងាត់នោះ។
ទី៣, ក្រោយពេលបោះឆ្នោត៖ មន្ត្រីបោះឆ្នោតត្រូវពាក់ម៉ាស់ និងសម្លាប់មេរោគមុនពេលរាប់សន្លឹកឆ្នោត, ការរាប់សន្លឹកឆ្នោតត្រូវធ្វើនៅកន្លែងដែលមានខ្យល់ចេញ-ចូល, ធ្វើការវាយតម្លៃលើការបោះឆ្នោតថាតើបានអនុវត្តត្រឹមត្រូវ និងមានស្តង់ដារសុវត្ថិភាពដែលហៅថា SOP (Standard Operating Procedure) ដែរឬទេ ដោយប្រើតារាងផ្ទៀងផ្ទាត់ការងារ សម្រាប់ដំណាក់កាលមុនពេលបោះឆ្នោត ក្នុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោតឬទេ។
ការចូលរួមនេះ ពិតជាមានសារៈសំខាន់ក្នុងពេលដែល គ.ជ.ប កំពុងត្រៀមខ្លួនរៀបចំការបោះឆ្នោត ក្នុងបរិបទកូវីដ-១៩ គឺការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។
វេទិកាអន្តរជាតិក្រុងសេអ៊ូល សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២១ ក្នុងបរិបទកូវីដ-១៩ បានផ្តល់នូវធាតុចូលថ្មីៗមួយចំនួនសម្រាប់ឱ្យ គ.ជ.ប ត្រៀមរៀបចំការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងសុវត្ថិភាព។ ជាងនេះទៀត ការប្រើប្រាស់បណ្តាញសង្គមដ៏សំបូរបែបនៅកម្ពុជា បទពិសោធន៍ពីវេទិកាអន្តរជាតិទីក្រុងសេអ៊ូល គឺជាធាតុចូលថ្មីមួយសម្រាប់ គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា។ ទាំងអស់នេះក៏សម្រាប់ត្រៀមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ ខាងមុខនេះ ប្រសិនបើកូវីដ-១៩ នៅតែអង្រួនកម្ពុជានិងពិភពលោក។
ការបោះឆ្នោតក្នុងបរិបទកូវីដ-១៩ គ.ជ.ប បានសិក្សារៀនសូត្រ និងផ្លាស់ប្តូរបទពិសោធន៍ជាច្រើនជាមួយសហគមន៍អន្តរជាតិ ជាពិសេសការដែលប្រទេសមួយចំនួនមិនពន្យារពេលបោះឆ្នោត និងរៀបចំការបោះឆ្នោតប្រកបដោយសុវត្ថិភាព៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៤ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ចរាចរណ៍១០ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤