នយោបាយ
លោក ញឹក ប៊ុនឆៃ ៖ ការរួបរួមគ្នារវាងហ៊្វុនស៊ិនប៉ិច និងខ្មែររួបរួមជាតិមិនបាន ដោយសារតែបុគ្គល ហេង ហាក់លីម
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៨ ខែមិថុនា នេះថា ការចរចារវាងក្រុមការងារគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ មកដល់ពេលនេះបានចំណាយអស់រយៈពេលមួយឆ្នាំហើយ ដើម្បីរួបរួមគ្នាជាគណបក្សតែមួយ ហើយក៏មានការឯកភាពគ្នាលើចំណុចជាច្រើនផងដែរ ប៉ុន្តែអ្វីដែលមិនអាចរួបរួមគ្នាបាន គឺដោយសារតែបុគ្គល ហេង ហាក់លីម ដែលជាអ្នកបម្រើផ្ទាល់ថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ដូច្នេះលោកទុកពេលឲ្យ២សប្តាហ៍ទៀត ប្រសិនបើគណបក្សហ៊្វុនស៊ិនប៉ិច ដោះស្រាយបញ្ហាផ្ទៃក្នុងមិនបានទេ លោកមិនអាចចាំបានទេ ពីព្រោះពេលវេលានៃការបោះឆ្នោតឃុំ សង្កាត់ កាន់តែកៀកទៅហើយ។

លោក ញឹក ប៊ុនឆៃ រៀបរាប់ថា ដំណើរការ នៃការចរចារវាងគណបក្សទាំងពីរនេះ ដំណាក់កាលទីមួយ បានចាប់ផ្តើមកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩មកម្ល៉េះ ដោយលោកបានជួបជាមួយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅព្រះរាជដំណាក់វាលស្បូវ ហើយការជួបនេះ គឺជាការជួបដោយចៃដន្យ ហើយនៅពេលឮសំឡេងរបស់លោក សម្ដេចក្រុមព្រះក៏បានចេញមកជួប ហើយសម្ដេចក្រុមព្រះបានស្នើសុំឲ្យលោក ញឹក ប៊ុនឆៃ ធ្វើការរួមគ្នារវាងគណបក្សទាំងពីរនេះឡើងវិញ ហើយលោកក៏បានឯកភាព ហើយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ សម្ដេចក្រុមព្រះក៏បានចេញលិខិតជាផ្លូវការ ស្តីពីការបង្រួបបង្រួមរវាងគណបក្សទាំងពីរ ហើយក្រោយមកក្រុមការងារគណបក្សទាំងពីរ ក៏បានចាប់ផ្ដើមធ្វើការចរចា។

លោកបន្តថា ការចាប់ផ្តើមដំណើរការទីមួយនេះ រហូតដល់ខែតុលាឆ្នាំ២០២០ មិនទទួលបានជោគជ័យទេ ដោយសារតែក្រុមការងារគណបក្សទាំងពីរមិនមានការចាត់តាំងជាលាយលក្ខណ៍អក្សរ ហើយលទ្ធផល នៃការចរចាគ្នា ក៏គ្មានការកត់ត្រាជាលាយលក្ខណ៍អក្សរផងដែរ ទើបធ្វើឲ្យការចរចានេះបរាជ័យ។
ដោយឡែកការចរចាដំណាក់កាលទីពីរ បានចាប់ផ្ដើមពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយគណបក្សខ្មែររួបរួមជាតិបានចាត់តាំងក្រុមការងារចរចា ដែលមានលោក អ៊ុំ សុមន្ថា ជាប្រធាន ហើយគណបក្សហ៊្វុនស៊ិនប៉ិចបានចាត់តាំងលោក ហេង ចាន់ថា ជាប្រធាន។ បើតាមលោក ញឹក ប៊ុនឆៃ ក្រុមការងារគណបក្សទាំងពីរនេះបានប្រជុំពិភាក្សាគ្នាជាច្រើនលើកច្រើនសារ ហើយក៏បានឯកភាពគ្នាជាច្រើនចំណុចផងដែរ ប៉ុន្តែកាលអ្វីដែលមិនអាចទៅមុខបាន មិនអាចរួបរួមគ្នារវាងគណបក្សទាំងពីរបាន នាំឲ្យមានភាពស្មុគស្មាញ គឺបង្កឡើងដោយឈ្មោះ ហេង ហាក់លីម ដែលជាអ្នកបម្រើផ្ទាល់ថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចម្នាក់ ដែលគ្មានតួនាទីអ្វី នៅក្នុងគណបក្សហ៊្វុនស៊ិនប៉ិចឡើយ ប៉ុន្តែគេបានដើរតួនាទីជាថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ជំនួសសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ។
លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា នៅមើលឃើញពីស្ថានភាពគណបក្សហ៊្វុនស៊ិនប៉ិចបច្ចុប្បន្ន មិនមែនដឹកនាំដោយសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ គឺដឹកនាំដោយឈ្មោះ ហេង ហាក់លីម នោះ គណបក្សខ្មែររួបរួមជាតិក៏បានសម្រេច ផ្ញើលិខិតទៅកាន់គណបក្សហ៊្វុនស៊ិនប៉ិច ដោយផ្អាកការចរចាគ្នាតទៅទៀត ហើយតម្រូវឲ្យថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិទាំងអស់ ចុះទៅមូលដ្ឋាន និងជួសជុលស្លាកគណបក្សឡើងវិញទូទាំងប្រទេស ដោយលោកអះអាងថា មិនអាចអូសបន្លាយពេលវេលាតទៀតបានទេ សម្រាប់ការចូលរួមបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខ។
លោក ញឹក ប៊ុនឆៃ អះអាងថា ក្នុងករណី ដែលគណបក្សហ៊្វុនស៊ិនប៉ិច មានបំណងធ្វើការចរចាឡើងវិញ ដើម្បីបង្រួបបង្រួមគណបក្សទាំងពីរ គឺសុំឱ្យគណបក្សហ៊្វុនស៊ិនប៉ិចដោះស្រាយបញ្ចប់បញ្ហាផ្ទៃក្នុង ដោយបញ្ឈប់ឲ្យបុគ្គលឈ្មោះ ហេង ហាក់លីម ដែលគ្មានតួនាទីក្នុងគណបក្សមកជ្រៀតជ្រែក និងចាត់ចែងកិច្ចការគណបក្សជាបន្តទៀត ហើយកំណត់រយៈពេលពីរសប្តាហ៍ក្នុងការចរចាបញ្ចប់បញ្ហា ដែលនៅសេសសល់បន្តិចបន្តួច រួចហើយឈានទៅធ្វើសមាជបញ្ចូលគ្នាតែម្តង។ ជាមួយគ្នានោះ គណបក្សហ៊្វុនស៊ិនប៉ិច ត្រូវរក្សាអ្វីៗ ដែលក្រុមការងារគណបក្សទាំងពីរបានឯកភាពគ្នារួចនាពេលកន្លងមកឱ្យនៅដដែល ដូចជា ពិធីសារ គោលនយោបាយអាទិភាព១៣ ចំណុច លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងជាដើម។
ទាក់ទងបញ្ហាខាងលើនេះកម្ពុជាថ្មី នៅមិនអាចសុំការបញ្ជាក់ពីគណបក្សហ៊្វុនស៊ិនប៉ិចទេ ដោយអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ទូរស័ព្ទមិនអាចទំនាក់ទំនងបាន។

សូមបញ្ជាក់ថា ការរួបរួមគ្នារវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិនេះ បានបរាជ័យចំនួន៣លើករួចមកហើយ ហើយការចរចានាពេលនេះ គឺជាលើកទី៤។ បើតាមលោក ញឹក ប៊ុនឆៃ បានអះអាងថា ការបរាជ័យនៅក្នុងការរួបរួមគ្នារវាងគណបក្សទាំងពីរនាពេលកន្លងមក គឺដោយសារតែការបែងចែកកូតា ទាំងរចនាសម្ព័ន្ធថ្នាក់ជាតិ និងមូលដ្ឋាន ប៉ុន្តែសម្រាប់ការចរចា ដើម្បីរួបរួមគ្នានៅពេលនេះ មិនបានបែងចែកកូតាទេ មានន័យថា មិនយករូបមន្តនោះមកធ្វើទៀតទេ។
លោក ញឹក ប៊ុនឆៃ សម្តែងក្តីសង្ឃឹមថា នៅពេលរួមគ្នារវាងគណបក្សទាំងពីរនេះ នឹងទទួលបានការគាំទ្រច្រើន។ សម្រាប់ការចរចារួបរួមគ្នាលើកនេះ លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា គណបក្សទាំងពីរត្រូវជួយខ្លួនឯងសិន ទើបទេវតាជួយជាក្រោយ បើជួយខ្លួនឯងមិនបានទេ ទេវតាមិនអាចជួយបានទេ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?